ធ្លាក់​ស្ថានីយ​អវកាស​ចិន​មក​ផែនដី តើ​អាច​មាន​គ្រោះថ្នាក់​ទេ?

អាជ្ញាធរ​ចិន​ទទួលស្គាល់​ថា ស្ថានីយ​អវកាស​ជា​មន្ទីរពិសោធន៍​អវកាស​របស់​ខ្លួន​មាន​ទម្ងន់​៨​តោន​ឈ្មោះ TIANGONG-1 នឹង​ធ្លាក់​ចូល​មក​ក្នុង​បរិយាកាស​ផែនដី​នា​ពាក់​កណ្តាល​​ទី​២​នៃ​ឆ្នាំ​២០១៧ ហើយ​អះអាង​ថា គ្មាន​បញ្ហា​ឡើយ​ជា​គោលការណ៍ ក៏​ប៉ុន្តែ​បំណែក​ធំ​ៗ​អាច​ធ្លាក់​លើ​ផែនដី​ដែរ ។

បណ្តា​មន្ត្រី​ចិន​ថ្លែង​នា​ថ្ងៃ​ទី​២២ កញ្ញា ថា ស្ថានីយ​គ្មាន​មនុស្ស​នេះ​បាន​បំពេញបេសកកម្ម​របស់​ខ្លួន ហើយ​ត្រូវ​វិល​ចូល​ក្នុង​ស្រទាប់​បរិយាកាស​ផែនដី​វិញ​នា​ឆ្នាំ​២០១៧ ។ កាសែត THE GUARDIAN អង់គ្លេស​រាយការណ៍​ថា យោង​តាម​ការ​គណនា​របស់​ពួក​អ្នក​ជំនាញការ​ចិន បំណែក​ភាគច្រើន​នឹង​ត្រូវ​ឆេះ​អស់​ពេល​ចូល​ក្នុង​បរិយាកាស ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ទី​១៤ កញ្ញា លោកស្រី​ជូ​ពីង នាយិកា​រង​នៃ​ការិយាល័យ​វិស្វកម្ម​នៃ​ការ​ហោះហើរ​របស់​យានអវកាស​មាន​មនុស្ស​ជិះ​បញ្ជាក់​ថា ក្រុង​ប៉េ​កាំ​ង​នឹង​ចេញផ្សាយ​ការ​ព្យាករណ៍​នានា​នៃ​ការ​ធ្លាក់​ស្ថានីយ TIANGONG-1 ប្រសិនបើ​ចាំបាច់ ។

មុន​នេះ​បណ្តាសារ​ព័ត៌មាន​គូសបញ្ជាក់​ថា ចិន​បាន​បាត់បង់​ការ​ត្រួតត្រា​លើ​ស្ថានីយ TIANGONG-1 របស់​ខ្លួន និង​ថា ចិន​ពុំ​អាច​គ្រោង​ពី​កន្លែង​ពិតប្រាកដ​ដែល​បណ្តា​បំណែក​របស់​វា​នឹង​ធ្លាក់​ជាយថាហេតុ​លើ​ផែនដី​ឡើយ ។ គេ​ពុំ​បដិសេធ​ឡើយ ដែល​បំណែក​ស្ថានីយ​នេះ​អាច​ធ្លាក់​លើដំបូល​មួយ ហើយ​បង្កើត​ជា​ប្រហោង​មួយ​រួច​បំណែក​អាច​កម្ទេច​រថយន្ត​មួយ​បើ​ធ្លាក់​ចំ ៕