ចាញ់​ស្នេហ៍អណ្តាត​អត់​ឆ្អឹង​របស់​ប្រុស​ព្រាន​ អស់ទាំង​ខ្លួន​បង់​ទាំង​ប្រាក់

ចាញ់​ស្នេហ៍អណ្តាត​អត់​ឆ្អឹង​របស់​ប្រុស​ព្រាន​ អស់ទាំង​ខ្លួន​បង់​ទាំង​ប្រាក់



រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ទីបំផុត​បាន​ក្លាយជា​មនុស្ស​ចាញ់បោក​ប្រុស​ព្រាន ដោយសារ​តែ​ចាញ់​ការ​លួងលោម​សុំ​ស្នេហា​យ៉ាង​ផ្អែមល្ហែម​រហូត​ស្មោះស្ម័គ្រ​រួមរស់​ជាមួយ​គ្នា​បាន​២​ឆ្នាំ ទើប​ដឹង​ថា ប្រុស​ព្រាន​ពោះវៀនបត់ចន្ទាស​នេះ​មានប្រពន្ធ កូន​ទៅ​ហើយ ។ ពេល​ខ្លះ​បាន​ខ្ចី​លុយ​នាង​ជា​បន្តបន្ទាប់​មិន​ព្រម​សង​ទើប​បង្ក​ឲ្យ​មាន​ជម្លោះ​ពេល​កំពុង​ជិះ​រថយន្ត​ជាមួយ​គ្នា ដោយ​ត្រូវ​ប្រុស​ស្នេហ៍​រុញ​ទម្លាក់​ពីលើ​រថយន្ត​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​១០ និង​២០​នាទី​យប់​ថ្ងៃ​ទី​២១ កញ្ញា តាម​បណ្តោយ​ផ្លូវ​បេតុង ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ស្ត្រី​ដែល​ចាញ់បោក​ប្រុស​ព្រាន​អស់ទាំង​ខ្លួនប្រាណ​និង​អស់ទាំង​លុយ​ទៀត​នោះ​ឈ្មោះ  មីនា អាយុ​៣០​ឆ្នាំ មុខរបរ​អ្នកបកប្រែ​ភាសា​ចិន ស្នាក់​នៅ​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ចំណែក​ប្រុស​ស្នេហ៍​លាក់ពុត​ឈ្មោះ ឈុំ សេង អាយុ​៣៨​ឆ្នាំ ជា​អ្នក​បើករថយន្ត​តាក់ស៊ី មានស្រុក​កំណើត​នៅ​ខេត្តកំពត ។

ប្រភព​ព័ត៌មាន​ពី​មន្ត្រី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​កម្លាំង​ល្បាត​ក្នុង​មូលដ្ឋាន​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក​កាម​រី​បា​ឡែ​ន ពណ៌​ស  ជិះ​គ្នា​២​នាក់ ស្រី​ម្នាក់​ប្រុស​ម្នាក់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​បេតុង និង​បាន​ឈ្លោះប្រកែក​គ្នា ហើយ​ក៏​ត្រូវ​បុរស​ជា​ប្តី​បាន​រុញ​ទម្លាក់​ពីលើ​រថយន្ត ។ ពេល​ឃើញ​បែប​នេះ សមត្ថកិច្ច​ក៏​បាន​នាំ​អ្នក​ទាំង​ពីរ​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​ស្ត្រី​ខាងលើ​បាន​បង្ហើប​ប្រាប់​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ឱ្យ​ដឹង​ថា រយៈពេល​២​ឆ្នាំ​មក​ហើយ ពេល​ដែល​គាត់​ទើបនឹង​ត្រឡប់​មក​ពី​ធ្វើការ​នៅ​ប្រទេស​ចិន​វិញ​ក៏​បាន​ជួបនឹង​ប្រុស​ស្នេហ៍​ខាងលើ បាន​លួងលោម​អះអាង​ថា គេ​ជា​បុរស​ពោះម៉ាយ និង​តាម​សុំ ស្នេហ៍​ពី​រូប​នាង​ដោយ​លួងលោម​រហូត​នាង​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​ឥត​ព្រាង​ទុក​របស់​ប្រុស​ព្រាន​នេះ ។ នាង​និយាយ​ថា បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រហូត​បាន​រយៈពេល​មួយ​ឆ្នាំ ក៏​បាន​បែកធ្លាយ​ដឹង​ថា​ប្រុស​ស្នេហ៍​រូប​នេះ មាន​ប្រពន្ធ​រួច​ទៅ​ហើយ តែ​ឲ្យ​ប្រពន្ធ​រស់នៅ​ឯ​ស្រុក​កំណើត ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ពេល​ដែល​ដឹង​ថា​ប្រុស​ស្នេហ៍​មាន​ប្រពន្ធ​រួច​ទៅ​ហើយ រូប​នាង​ក៏ មាន​បំណង​ដោះដៃ​វិញ​ដែរ ប៉ុន្តែ​ដោះដៃ​មិន​រួច​ដោយសារ​តែ​ប្រុស​ស្នេហ៍​រូប​នេះ​ពូកែ​លួងលោម តាម​អង្វរ​នាង​យ៉ាង​ផ្អែមល្ហែម មិន​ត្រឹមតែ​បោក​យក​ខ្លួនប្រាណ​នាង​ទេ ថែម​ទាំង​លួងលោម​បោក​ខ្ចី​លុយ​អស់​ជិត​៤០០០​ដុល្លារ ហើយ​មិន​ព្រម​សង​វិញ​សោះ ។

នៅ​យប់​កើតហេតុ ខណៈ​ពេល​ដែល​ពួក​នាង​ទាំង​២​នាក់​កំពុង​តែ​ជិះ​រថយន្ត​ជាមួយ​គ្នា​ក៏​បាន​ឈ្លោះប្រកែក​គ្នា​រឿង​លុយ ដោយសារ​តែ​នាង​បាន​ទារ​លុយ​វិញ ក៏​ត្រូវ​ប្រុស​ស្នេហ៍​រុញ​នាង​ទម្លាក់​ពីលើ​រថយន្ត ហើយ​នៅ​ឈ្លោះប្រកែក​គ្នា​តាម​ផ្លូវ​ទើប​ជួបនឹង​កម្លាំង​ល្បាត​បាន​យក​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ ។

បន្ទាប់​ពី​សួរនាំ​ដឹង​រឿង​ហើយ ស្ត្រី​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​ស្នេហា បាន​សុំ​ឲ្យ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ជួយ​ធ្វើ​កិច្ចសន្យា ប៉ុន្តែ​ដោយសារ​តែ​មិនមែន​ជា​តួនាទី​របស់​សមត្ថកិច្ច ក៏​បាន​ណែនាំ​ឱ្យទៅ​សាលាសង្កាត់​វិញ ។ ទីបំផុត​ប្រុស​ព្រាន​បាន​លួងលោម​របៀប​បោក​ដោយ​ដឹក​ដៃ​ស្ត្រី​ខាងលើ​ឡើង​ជិះ​រថយន្ត​ចេញ​ទៅ​បាត់ ទំនង​ចាញ់​ស្នេហ៍​ផ្អែម​ត្រជាក់​នៃ​អណ្តាត​អត់​ឆ្អឹង​របស់​ប្រុស​ព្រាន ប្រុស​ស្នេហ៍​ដកខ្លួន មិន​រួច​ហើយ​ទៀត​ហើយ​មើលទៅ ៕