ម្តាយតារាចម្រៀងខេម៖ «ទឹកភ្នែកក្មេងពាល» មិនឆ្លុះបញ្ចាំងពី អត្តចរិតកូនប្រុសរបស់ខ្ញុំទេ

ភ្នំពេញ៖ «ទឹកភ្នែកក្មេងពាល» បទចម្រៀងឆ្លុះបញ្ចាំងពីជីវិត និងការដឹងខុសរបស់កូនប្រុសម្នាក់ដែលធ្វើបាបឪពុកម្តាយ ដោយសារញៀនថ្នាំ គឺជាបទចម្រៀងដ៏ល្បីមួយរបស់តារាចម្រៀងខេម ត្រូវបានម្តាយលោកអះអាងដោយផ្ទាល់ថា មិនឆ្លុះបញ្ចាំងពីអត្តចរិកកូនប្រុសគាត់ទេ គ្រាន់តែជាបទនិពន្ធឡើង តាមតថភាពសង្គមបច្ចុប្បន្នប៉ុណ្ណោះ។

ការលើកឡើងរបស់អ្នកស្រី គឺនៅក្នុងឃ្លីបវីដេអូពិសេសមួយ ដែលផលិតឡើងដើម្បីពញ្ញាក់ អារម្មណ៍លោកខេម ជាតារាកិត្តិយស ក្នុងកម្មវិធីស៊ីអារម្មណ៍ របស់ភីអិនអិន ដែលនឹងចាក់ផ្សាយនៅថ្ងៃចន្ទ ទី២៦ ខែកញ្ញា សប្តាហ៍ក្រោយនេះ វេលាម៉ោង៨ និង៣០ នាទីយប់។

អ្នកស្រីបាននិយាយថា៖ «ទោះបីមនុស្សមួយចំនួនតូចគេយល់ថា បទចម្រៀងរបស់កូនខ្ញុំ ជីវិតក្មេងពាល ជាប្រវត្តិរបស់គេក៏ដោយ ប៉ុន្តែខ្ញុំសូមអះអាងថាកូនខ្ញុំមិនមែនអ៊ីចឹងនោះទេ ហើយខ្ញុំសូមលើកទឹកចិត្តទៅដល់កូនខ្ញុំថា ជីវិតកូនមិនមែនដូចជាជីវិតគេនិយាយទេ អ្វីដែលសំខាន់កូនត្រូវតែប្រឹងឡើង មានមនុស្សជាច្រើនគាំទ្រ និងស្រឡាញ់កូន»។

វត្តមានលោក ខេម តារាចម្រៀងសំឡេងស្អក ប្រចាំផលិតកម្មថោន សប្តាហ៍ក្រោយនេះនឹងនាំមកនូវរឿងរ៉ាវថ្មីៗ មួយចំនួនរបស់លោក ដែលហ៊ានធានាថាទូរទស្សនិកជនមិនធ្លាប់បានដឹងពីមុនមក។

គ្មានអ្នកណានឹកស្មានដល់ថាតារាចម្រៀងល្បីរូបនេះ ធ្លាប់ជំពាក់ប្រាក់គេ ៥០០រៀល ថ្លៃបាយ មិនទាន់បានសង ហើយពេលនេះលោកក៏ មានបំណងចង់ជួបដើម្បីសងលុយនោះវិញផងដែរ!

អ្នកនាង លួង ភីរ៉ូនីកា ផលិតករកម្មវិធី បាននិយាយថា៖ «នេះជាលើកទីមួយដែលលោក ខេម
បានចូលរួមក្នុងកម្មវិធីស៊ីអារម្មណ៍ ទស្សនិកជនធ្លាប់តែឃើញលោកក្នុងនាមជាតារាចម្រៀងល្បី។
ទស្សនិកជន នឹងមានភាពភ្ញាក់ផ្អើល ព្រោះក្នុងកម្មវិធីស៊ីអារម្មណ៍លោកខេម បានបង្ហាញពីភាពកំប្លុកកំប្លែង ដែលប្រិយមិត្តកម្រនឹងឃើញ»។

«ទស្សនិកជនភាគច្រើនប្រហែលជាមិនធ្លាប់បានដឹងនោះទេ តារាចម្រៀងមានស្រុកកំណើត មកពីខេត្តកំពង់ឆ្នាំងរូបនេះ មានគ្រួសារមួយ ដែលសុទ្ធសឹងតែជា អ្នកមានសំនៀងពិរោះ មានដូចជា ម្តាយរបស់លោក បងស្រី និងបងថ្លៃជាដើម»។ ផលិតកររូបនេះបន្ថែម។
ក្រុមការងារកម្មវិធីស៊ីអារម្មណ៍ ក៏បានធ្វើដំណើរទៅផ្តិតយកទិដ្ឋភាពនៅស្រុកកំណើត ជាពិសេសគឺផ្ទះរបស់លោកផ្ទាល់ ដើម្បីបង្ហាញជូន ដល់ទូរទស្សនិកជនផងដែរ។

កម្មវិធី «ស៊ីអារម្មណ៍» ឬ Chit Chat Show របស់ ភីអិនអិន គឺជាកម្មវិធីកំសាន្តដ៏មានប្រជាប្រិយភាពមួយ ដោយផ្សាយជូនទស្សនារៀងរាល់ថ្ងៃចន្ទ វេលាម៉ោង ៨និង ៣០នាទី ដល់ម៉ោង៩ យប់៕

ទស្សនាឈុតខ្លីនៅក្នុងកម្មវិធីស៊ីអារម្មណ៍ សូមចុច៖ https://www.facebook.com/PNNTVCambodia/videos/1194403407298046/ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload