ផ្អើល​ថា​ចោរ​ប្រើ​ឧបករណ៍​ឆក់​ប្រមូល​យក​ប្រាក់​អស់ សមត្ថកិច្ច​ហាក់​មាន​មន្ទិល

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ហាក់​មាន​មន្ទិល​សង្ស័យ​នៅឡើយ ខណៈ​ស្ត្រី​ម្នាក់​បាន​អះអាង​ប្រាប់​សាច់ញាតិ អ្នក​ភូមិ និង​សមត្ថកិច្ច​ថា ត្រូវ​ចោរ​ប្រើ​ឧបករណ៍​ឆក់​សន្លប់​រួច​ប្រមូល​យក​ប្រាក់​អស់ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ភូមិ​អន្លង់​សា ឃុំ​ប្រាសាទ ស្រុក​ព្រះនេត្រព្រះ ។

ស្ត្រី​ដែល​អះអាង​ប្រាប់​សមត្ថកិច្ច និង​អ្នកស្រុក​ថា​ត្រូវ​ចោរ​ប្រើ​ឧបករណ៍​ឆក់​ឲ្យ​សន្លប់​ហើយ​ប្រមូល​យក​ប្រាក់​អស់នោះ​ឈ្មោះ ហាក់ ថោ​ង​រី អាយុ​៤៥​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ មាន​ប្តី​ឈ្មោះ ប៊ឹ​ង សែ​ម អាយុ​៤៨​ឆ្នាំ ធ្វើការ​នៅ​ឯ​ប្រទេស​ថៃ ។

ប្រភព​ពី​កន្លែង​កើតហេតុ​ប្រាប់​ថា នៅ​ម៉ោងជាង​៧​យប់​ស្ត្រី​រង​គ្រោះ​ទូរស័ព្ទ​ប្រាប់​សាច់ញាតិ​ក្នុងភូមិ​ថា គាត់​ទើប​ងើប​ពី​សន្លប់​សង្ស័យ​ចោរ​ប្រើ​ឧបករណ៍​ឆក់ ហើយ​ប្រមូល​យក​ប្រាក់​ថៃ​អស់​១៣​ម៉ឺន​បាត និង​ប្រាក់​អា​មេ​រិ​ក​ចំនួន​៨០០​ដុល្លារ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​យប់ និង​ដឹង​ដល់​សមត្ថកិច្ច​ចុះ​ទៅ​ស្រាវជ្រាវ ។

ប្រភព​ថា គ្រួសារ​ខាងលើ​ប្តី​មិន​នៅផ្ទះ​ទេ ឯ​កូនស្រី​មួយ​ក៏​មានគ្រួសារ​រស់នៅ​ផ្ទះ​ផ្សេង គឺ​គាត់​រស់នៅ​តែ​ម្នាក់ឯង​ហើយ​ទីតាំង​កើតហេតុ​នៅ​ខាងត្បូង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ប្រាសាទ​មិន​ដល់​១០០​ម៉ែត្រ​ផង ។

ទោះជា​យ៉ាងណា​ក៏​ដោយ ករណី​ភ្ញាក់ផ្អើល​នេះ​សមត្ថកិច្ច​បាន​ប្រើ​ខ្សែ​ហ៊ុម​ព័ទ្ធ​ផ្ទះ​កើតហេតុ​ដើម្បី​បើក​ការ​ស៊ើប​អ​ង្គេ​ត​ហើយ ។

លោក ប្រុ​ក ឡែ​មេ ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឃុំ​ប្រាសាទ​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​សមត្ថកិច្ច​មិន​ទាន់​អាច​ជឿ​ទាំងស្រុង​ទេ ព្រោះ​ជន​រង​គ្រោះ​ប្រាប់​គេឯង និង​សាច់ញាតិ​ថា ចោរ​ប្រើ​ឧបករណ៍​ឆក់​ឲ្យ​សន្លប់ ហើយ​ប្រមូល​យក​ប្រាក់ តែ​ពេល​សមត្ថកិច្ច​ត្រួតពិនិត្យ​រាង​កាយ​ជន​រង​គ្រោះ​គ្មាន​ស្លាកស្នាម​អ្វី​ឡើយ ហើយ​ពេល​នេះ​ឮ​ថា​ប្តី​របស់​ស្ត្រី​ខាងលើ​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ​ផង​ដែរ ។

លោក មាស រឹ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ ប្រាប់​«​កោះសន្តិភាព​»​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៣​កញ្ញា​ថា រឿងរ៉ាវ​ខាងលើ​កំពុង​បើក​ការ​ស៊ើប​អ​ង្គេ​ត​នៅឡើយ ពោល​គឺ​កំពុង​រង់ចាំ​សាកសួរ​បុរស​ជា​ប្តី​ដែល​កំពុង​ធ្វើ​ដំណើរ​មក​ពី​ប្រទេស​ថៃ ៕