លោក ហ៊ុន សែន ប្រកាស “បទ​​​ឈប់​​​បាញ់” នយោបាយ​​​​​​ដ៏​​​ផុយ​​​ស្រួយ​​​

លើកឡើងពីការថយចុះភាពតានតឹងក្នុងបរិយាកាសនយោបាយនៅកម្ពុជា លោក ហ៊ុន សែន បានប្រកាស “បទឈប់បាញ់” ដ៏ផុយស្រួយមួយរវាងរដ្ឋាភិបាលនិងគណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ។ ការប្រកាសនេះធ្វើឡើងមិនយូរប៉ុន្មានបន្ទាប់ពីការគំរាមរបស់លោកកាលពីថ្ងៃច័ន្ទថានឹង”កម្ចាត់ចោល” អ្នកប្រឆាំងណាដែលហ៊ានធ្វើបាតុកម្ម ជាប្រតិកម្មតបទៅនឹងការប្តេជ្ញារបស់គណបក្សសង្គ្រោះជាតិធ្វើមហាបាតុកម្ម បន្ទាប់ពីលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមួយនេះត្រូវបានផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ៥ខែតាមការចោទប្រកាន់ដែលមជ្ឈដ្ឋានទូទៅជឿថាជារឿងនយោបាយ។ អំឡុងពិធីប្រគល់សញ្ញាបត្រមួយនៅរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក ហ៊ុន សែន បានមានប្រសាសន៍ថា សភាពការណ៍បានស្ងប់ស្ងាត់ហើយ។ លោកថ្លែងថា “ខ្ញុំមិនគួរនិយាយច្រើនទេ ដោយសារតែបទឈប់បាញ់មួយហាក់បីដូចជាបានស្ងៀមស្ងាត់បន្តិចនៅក្នុងរយៈពេលតាំងពីថ្ងៃច័ន្ទ។ ថ្ងៃច័ន្ទវាមានការបាញ់គ្នា ដល់ថ្ងៃអង្គារបទឈប់បាញ់មួយគឺហាក់បីដូចជាមិនត្រូវមានការបាញ់ឆ្លងឆ្លើយទេ”។ បើទោះបីជាមាន “បទឈប់បាញ់” បណ្តោះអាសន្ននេះក្តី ក៏លោក ហ៊ុន សែន បានទទួលស្គាល់ថា សន្តិភាពផ្នែកវោហារសាស្ត្រនេះផុយស្រួយ។ លោកមានប្រសាសន៍ថា”បើអញ្ចឹងខ្ញុំរង់ចាំមើលថារដូវបុណ្យភ្ជុំបិណ្ឌនេះនរណាវាយនរណាមុន។ ព្រោះជាធម្មតា ខ្ញុំចង់ឲ្យសភាពការណ៍វាស្ងប់ស្ងាត់ មិនចង់ឲ្យមានការឆ្លងឆ្លើយគ្នា ចាំមើលថាបទឈប់បាញ់នេះនរណាជាអ្នកផ្តើមមុន”។ ទោះជាយ៉ាងណា ការចាប់ខ្លួនលោក កឹម សុខា រង់ចាំតែពេលវេលាមកដល់ប៉ុណ្ណោះ នេះបើយោងតាមការឲ្យដឹងពីមន្ត្រីក្រសួងមហាផ្ទៃ។ ហើយលោក អេង ឆៃអ៊ាង តំណាងរាស្ត្រជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍កាលពីម្សិលមិញថា គណបក្សប្រឆាំងនៅតែគ្រោងធ្វើមហាបាតុកម្មដើម្បីឆ្លើយតបការផ្ដន្ទាទោសលោក កឹម សុខា ប៉ុន្តែមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ។ លោកបានលើកឡើងថា “ដូចយើងបានបញ្ជាក់ច្រើនលើកមកហើយថា មហាបាតុកម្មគឺជាជម្រើសចុងក្រោយ។ រហូតមកទល់ពេលនេះ គណៈកម្មការតស៊ូមតិដែលបង្កើតឡើងដោយគណបក្សនេះកំពុងសិក្សាពីផែនការព្រោះយើងចាំបាច់ត្រូវមានផែនការច្បាស់លាស់ទាក់ទិនទីតាំង និងកាលបរិច្ឆេទសម្រាប់ធ្វើវា”។ នៅក្នុងសុន្ទរកថារបស់លោកកាលពីថ្ងៃច័ន្ទ លោក ហ៊ុន សែន ក៏បានមានប្រសាសន៍ដែរថា លោកនឹងក្លាយជា “សត្វឆ្កែ” ប្រសិនបើលោកអង្គុយចរចាជាមួយគណបក្សប្រឆាំងស្របពេលស្ថានភាពចលាចលផ្នែកនយោបាយនាពេលបច្ចុប្បន្ន ដោយលើកឡើងថា “កន្លែងចរចាបច្ចុប្បន្នគឺរដ្ឋសភា”។ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនឯងនៅក្នុងទីក្រុងប៉ារីស ដើម្បីគេចវេះពីការជាប់ពន្ធនាគារ បានមានប្រសាសន៍កាលពីថ្ងៃពុធថា គណបក្សសង្គ្រោះជាតិត្រូវការ “ដំណោះស្រាយគ្រប់ជ្រុងជ្រោយ” មួយមុនពេលគណបក្សនេះបញ្ចប់ការធ្វើពហិការរបស់ខ្លួន  ហើយត្រឡប់ចូលសភាទាំងអស់វិញ។ លោកបានបន្តថា “ការវិលត្រឡប់ទៅសភាវិញក្រោមស្ថានភាពបច្ចុប្បន្នមានន័យថា ស្ថានភាពនយោបាយបានវិលទៅរកសភាពធម្មតាវិញ ដែលខុសឆ្ងាយពីការពិតដាច់”។ លោក អេង ឆៃអ៊ាង បានគូសបញ្ជាក់ជាថ្មីឡើងវិញកាលពីម្សិលមិញថា ការបញ្ចប់ពហិការរបស់គណបក្សប្រឆាំងមិនចូលសភាត្រូវមានលក្ខខណ្ឌ  នោះគឺដំណោះស្រាយមួយដែលធ្វើគណបក្សសង្គ្រោះជាតិជឿទុកចិត្តថា ខ្លួនមិនស្ថិតក្រោមការវាយប្រហារ។ លោកបានបន្តថា “អ្វីដែលអាចធ្វើឱ្យយើងទៅធ្វើការនៅសភាវិញបាន គឺដំណោះស្រាយនយោបាយមួយដែលអាចធ្វើឱ្យយើងមានអារម្មណ៍កក់ក្ដៅ និងដែលយើងអាចពឹងផ្អែកបានជាដំបូង”៕  សុខុម © 2016, […]

The post លោក ហ៊ុន សែន ប្រកាស “បទ​​​ឈប់​​​បាញ់” នយោបាយ​​​​​​ដ៏​​​ផុយ​​​ស្រួយ​​​ appeared first on The Cambodia Daily.