គុនកងទ័ព និងល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ត្រូវបង្ហាញក្នុងពិធីបើកប្រកួតកីឡាជាតិ

កីឡា​ក្បាច់​គុន​បុរាណ​ល្បុក្កតោ និងក្បាច់គុនកងទ័ព​ នឹងក្លាយ​ជា​កីឡាប្រយុទ្ធ​​តំណាង​ជាតិ​តែ​២​ប្រភេទ​គត់​ ដែល​នឹង​បង្ហាញ​វត្តមាន​សម្រាប់​សម្ដែង​ជូន ភ្ញៀវជាតិ-អន្តរជាតិ​ទស្សនា​ នាឱកាសនៃពិធីបើកការប្រកួត​កីឡាឆ្នាំ​២០១៦​។​

labokato

ថ្លែងក្នុងស​ន្និសីទសារព័ត៌មាន​ស្ដី​ពី​ ការប្រកួត​កីឡាជាតិ លើកទី១ និង​ពិធី​ចុះអនុស្សរណៈ​រវាង​គណៈកម្មាធិការ​ជាតិអូឡាំពិកកម្ពុជា និង​ក្រុមហ៊ុន​ខ្មែរ​ប្រ៊ូវើរី​ នាព្រឹក ថ្ងៃទី២១ ខែ​កញ្ញា ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ថ្លែងថា៖​

«ចាប់ពីម៉ោង៦ល្ងាច​​ ពេលដែល​សម្តេចតេជោ​មកដល់​ ភ្ញៀវអ្នកមុខ​អ្នកការ​ចាប់ផ្តើមមកដល់ដែរ​ នោះ​ឆ័ត្រយោង​នឹង​ចាប់ផ្តើម​ទំលាក់​ពី​លើ​អាកាស​​ចូល​ពហុកីឡដ្ឋាន​ជាតិ​ ដើម្បី​នាំ​យក​នូវទង់ជាតិ ទង់កីឡាជាតិ និងទង់​គណៈកម្មាធិការ​ជាតិ​អូឡាំពិកកម្ពុជា​មកក្រោម។ ពេលមកដល់ទិសដៅហើយ កងយោធពល​ខេមរភូមិន្ទ នឹងរៀបចំ​ការសំដែង​ក្បាច់គុណកងទ័ព បន្ទាប់មក​នឹងមាន ការសំដែង​ក្បាច់គុនល្បុក្កតោ​ដ៏ធំ ដែលតំណាងឲ្យ​ក្បាច់គុន​ខ្មែរទាំងមូល​ របស់ក្រុមយុវជន​ថ្នាល»។

ប្រមុខដឹកនាំបច្ចេកទេស នៃ​ព្រឹតិ្តការណ៍​កីឡា​ជាតិ​ដ៏ធំ​និង​ដំបូង​បង្អស់​របស់កម្ពុជា​បញ្ជាក់​ទៀត​ថា ពិធីបើកការប្រកួតជា​ប្រវត្តិសាស្ត្រ​មួយ​នេះ នឹងត្រូវ​បាន​រៀបចំឲ្យ​ហ្មត់ចត់​ជា​ទី​បំផុត​ ដោយ​ក្នុងនោះ ស្ថាប័នកីឡា​កំពូល​ទាំង​២​​ បានសហការមួយ ក្រសួងវប្បធម៌​ និងវិចិត្រសិល្បៈ ដើម្បីចាត់ចែង​ទស្សនីយ​ភាព​ កីឡា​វប្បធម៌​ ផ្សព្វផ្សាយ​ទៅកាន់​មហាជន​​ជាតិ និងអន្តរជាតិ។​

គួរ​ដឹង​ដែរ​ថា​ ការប្រកួតល្បែងកីឡាជាតិ National Game លើកទី១ ឆ្នាំ​២០១៦ នឹងចាប់ផ្តើមបើកជាផ្លូវការនា​ថ្ងៃទី​២៨ ខែ​តុលា ជា​ព្រឹត្តិការណ៍​មួយ​ផ្ដល់​គំរូ​ដល់​ការ​រៀបចំ​ធ្វើ​ម្ចាស់ផ្ទះ​ស៊ីហ្គេម ដែលត្រូវ​គេ​រំពឹង​ថា​នឹង​មាន​អ្នកចូលរួម​ចន្លោះ៥ទៅ៦ម៉ឺននាក់ បូករួមទាំង​ប្រមុខដឹកនាំកម្ពុជា និងឯកអគ្គរដ្ឋនៃបណ្តាប្រទេសមួយចំនួន​ប្រចាំ​កម្ពុជា សម្រាប់​ពិធី​បើក​ដ៏​មហោឡារិក៕

ប្រភពពី kieladaily

The post គុនកងទ័ព និងល្បុក្កតោ ជាក្បាច់គុនបុរាណខ្មែរ ត្រូវបង្ហាញក្នុងពិធីបើកប្រកួតកីឡាជាតិ appeared first on CamboSport.