ចៅ​តិ​រច្ឆា​ន ! ឲ្យ​យាយ​ចិញ្ចឹម មិន​ត្រឹមតែ​មិនដឹង​គុណ ថែម​ទាំង​…

ខេត្តស្វាយរៀង ៖ ចៅ​ចិត្ត​តិ​រច្ឆា​ន​ម្នាក់​មក​ដេក​ស្នាក់​នៅ​ឲ្យ​យាយ​ចិញ្ចឹម​ហើយ មិន​ត្រឹមតែ​មិនដឹង​គុណ​ទេ ថែម​ទាំង​រករឿង​ចង់​ដុត​ផ្ទះ​ចោល​ទៀត​គ្រាន់តែ​រឿង​សុំ​លុយ​យាយ​មិន​ឲ្យ ។ ចៅ​ចិត្ត​តិ​រច្ឆា​នរូ​ប​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ចាប់ខ្លួន និង​បាន​បញ្ជូន​ទៅ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ លោក សៅ សារី នាយ​រង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​យា បាន​ទទួល​ព័ត៌មាន​ពី​មេ​ភូមិ​ប្រ​ម៉ា​ថា មាន​ជនសង្ស័យ​ម្នាក់​ឈ្មោះ ម៉​ន មាស ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​ធ្វើស្រែ រស់នៅ​ភូមិ​ប្រ​ម៉ា ឃុំ​ស្វាយ​យា បាន​ប៉ុនប៉ង​ដុត​ផ្ទះ​របស់​យាយ​ដែល​ខ្លួន​កំពុង​រស់នៅ​ជាមួយ​ចោល​ព្រោះ​ខឹង​រឿង​សុំ​លុយ យាយ​មិន​ឲ្យ ។

សមត្ថកិច្ច​បន្ត​ថា ក្រោយ​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក សៅ សារី ដែល​កំពុង​ឈរជើង​នៅ​ភូមិ​ប្រ​ម៉ា បាន​ជិះ​ម៉ូតូ​អង្គភាព​ទៅ​ដល់​ផ្ទះ​លោក​មេ​ភូមិ​ប្រ​ម៉ា មួយស្របក់​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​នេះ​ដើរមក​ដល់​ខាងលិច​ផ្ទះ​លោក​មេ​ភូមិ ហើយ​បាន​វាយ​ស្លាក​គណបក្ស​ប្រជាជន​(​តែ​មិន​ខូចខាត​ទេ​) រួច​ក៏​ដើរ​កាន់​កាំបិត​ផ្គាក់​ចំនួន​២​នៅ​ក្នុង​ដៃ​ចូល​ទៅ​ផ្ទះ​ឈ្មោះ អៀម នី ជា​មេ​ភូមិ​ប្រ​ម៉ា ដោយ​ស្រែ​កថា អាណា​ទៅ​ប្តឹង​ឲ្យ​ប៉ូ​លី​សម​ក​ចាប់​អញ អញ​មិន​ខ្លាច​ទេ ស្រែក​ឡូឡា​រួច​ក៏​ស្ទុះ​ដេញ​កាប់​លោកនាយ​រង​ប៉ុស្តិ៍ សៅ សារី ជុំវិញ​គ្រែ​ក្រោមផ្ទះ​លោក​មេ​ភូមិ តែ​កាប់​មិន​ត្រូវ​ឡើយ ធ្វើ​ឲ្យ​ជនសង្ស័យ​កាន់តែ​ខឹង​ក៏​ស្ទុះ​ទៅ​កាប់​ម៉ូតូ​អង្គភាព​ដែល​លោក សៅ សារី ជិះ​ធ្លាយ​កង់​ទាំង​២ រួច​ហើយ​បើក​ម៉ូតូ​នេះ​ចេញពីផ្ទះ​មេ​ភូមិ​ឡើង​លើ​ផ្លូវថ្នល់​សំដៅ​ទៅ​ទិស​ខាងត្បូង​បាន​ប្រហែល​១០០​ម៉ែត្រ​ជិត​ដល់​ផ្ទះ​របស់​ខ្លួន​ក៏​បាន​ជួប​កម្លាំង​នគ​បាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​យា​ដែល​មក​ជួយ​ធ្វើ​អន្តរាគមន៍ ហើយ​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​បាន​បាញ់​គំរាម​ចំនួន​២​គ្រាប់ ទើប​ជនសង្ស័យ​ផ្តួល​ម៉ូតូ និង​ទម្លាក់​កាំបិត​ចោល រួច​ឈរ​ស្ងៀម ។

សមត្ថកិច្ច​បញ្ជាក់​ថា ភ្លាម​ៗ​នោះ​កម្លាំង​បាន​ចូលចាប់​ឃាត់ខ្លួន​ជនសង្ស័យ​យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ស្វាយ​យា ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​មក​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ហើយ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចេញ​ដីកាឃុំខ្លួន​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​ខេត្ត​តែ​ម្តង ៕