ជីវិតអ្នកដឹកនាំសម្តែងល្ខោនបាសាក់ស្រុកទ្រាំង

ក្រុម​សិល្បៈ​ល្ខោន​បាសាក់​វង់​សូភី ជា​ក្រុម​ល្ខោន​មួយ​ដែល​មាន​ភាព​លេចធ្លោ​បំផុត​ក្នុង​ចំណោម​ល្ខោន​បាសាក់​ល្បីៗ​ក្នុង​ខេត្ត​តាកែវ​ក្រោយ​ឆ្នាំ១៩៧៩​ដោយសារ​ក្រុម​នេះ​ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​សិល្ប​បុរាណ​សំបូរបែប។

 
ជីវិតអ្នកដឹកនាំសម្តែងល្ខោនបាសាក់ស្រុកទ្រាំង

លោក អ៊ីន ណៃ

 

ថ្ងៃនេះ​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” បាន​ជួប​ជាមួយ​សិល្បករ​ជើងចាស់​ផ្នែក​ល្ខោន​បាសាក់​មួយ​រូប​មក​ពី​ភូមិ​សូភី ឃុំ​រនាម ស្រុក​ទ្រាំង​ខេត្ត​តាកែវ។

 

ក្នុង​កាយវិការ​រហ័ស​រហួន​សម្លេង​ញាប់ៗ​ ​លោកតា អ៊ិន ណៃ​មាន​វ័យ ៦៩ឆ្នាំ បាន​ប្រាប់​ថា ដោយសារ​មាន​ឪពុក​ជា​គ្រូ​បង្ហាត់​ល្ខោន​បាសាក់​តាំង​ពី​សម័យ​សង្គមរាស្ត្រ​និយម និង​ណាមួយ​ដោយសារ​មាន​និស្ស័យ​ស្រលាញ់​សិល្បៈតាំង​ពី​តូច ធ្វើ​ឲ្យ​លោក​មាន​ឱកាស​ចាប់​យក​ជំនាញ​សិល្បៈសម្តែង​ល្ខោន​តាម​ឪពុក​ដោយ​មិន​ដឹង​ខ្លួន។

 

នៅ​ឆ្នាំ១៩៧៩ ឪពុក​របស់​លោក​និង​មិត្តភ័ក្ដិ​បាន​រៀបចំ​បង្កើត​វង់​ល្ខោន​មួយ។ ដោយ​មាន​ចំណាប់​អារម្មណ៍​ខ្លាំង​លើ​សិល្បៈ​ល្ខោន​នេះ លោក​ក៏​សុំ​ឪពុក​សម្តែង​សាកល្បង។ ពេល​សម្តែង​ទៅ​ឃើញ​ថា​ល្អ លោក​ឪពុក​របស់​លោក​ក៏​ព្រម​ឲ្យ​ចូល​សម្តែង​។ ម្យ៉ាងទៀតដោយសារ​រូបសម្បត្តិ ទឹកដម​សំលេង​និង​ទេពកោសល្យ​ ទើប​ធ្វើ​ឲ្យ​លោក​បានក្លាយទៅជាតួឯកដ៏ល្បីបំផុតក្នុងសម័យនោះ។

 

លោក​ថា លោក​បាន​យក​សិល្បៈ​ល្ខោន​មក​ផ្សាភ្ជាប់​ជាមួយ​ជីវភាព​ប្រចាំថ្ងៃ​ស្ទើរ​ពាក់​កណ្តាល​ជីវិត​ទៅ​ហើយ​​ បើ​ទោះ​បីជាក្នុង​សម័យ​នោះ​មិត្តភក្ត័​បាន​ណែ​នាំ​ការងារ​ជា​មន្ត្រី​រាជការ​ក៏​មិន​ចាប់អារម្មណ៏​ដែរ។

 

“កាល​សម័យ​នោះ​ការ​សម្តែង​ក្នុង​មួយ​យប់ៗ​មិន​ទទួល​បាន​ប្រាក់​កម្រៃ​អ្វី​ក្រៅ​ពី​អង្ករ​ពី ១០ ទៅ ២០ កំប៉ុង តែ​លោក​នៅ​តែ​ពេញចិត្ត​បម្រើ​អារម្មណ៍​ទស្សនិកជន​ជានិច្ច”។

 

លោក​បញ្ជាក់​ថា ក្រោយ​ពី​ឪពុក​បាន​ស្លាប់​ទៅ​ភារកិច្ច​ចម្បង​ត្រូវ​ធ្លាក់​លើ​លោក ដែល​ត្រូវ​ទទួលខុសត្រូវ​ដឹកនាំ​ការ​សម្ដែង។

 

ដោយ​ជួប​ការ​លំបាក​ពេក​ មាន​ពេល​ខ្លះ​ភរិយា​របស់​លោក​បង្ខំ​អោយ​បោះបង់​ការ​សម្តែង។ លោក​បញ្ជាក់​បន្ថែម។
លោក​បន្ត​ថា បច្ចុប្បន្ន​វង់​ល្ខោនបាសាក់​របស់​លោក​កំពុង​តែ​ជួប​បញ្ហា​ខ្វះ​អ្នក​បន្ត​វេន ដោយសារ​តួ​សម្តែង​មុនៗ​មាន​វ័យ​ចំណាស់ មិន​អាច​សម្តែង​បន្ត​បាន ហើយ​ក្មេងៗ​ជំនាន់​ក្រោយ​ក៏​មិន​សូវ​​ចាប់​អារម្មណ៍​ថែរក្សា​វប្បធម៌​សិល្បៈ​ដូន​តា​មួយ​នេះ។

 
ល្ខោន​បាសាក់​វង់​សូភី មាន​ឈ្មោះ​ល្បីល្បាញ​បំផុត​ចាប់​តាំង​ពី​ទសវត្ស​ឆ្នាំ ១៩៨០ ដល់​ឆ្នាំ ២០០០។ល្ខោន​បាសាក់​ត្រូវ​បាន​ពលរដ្ឋ​ខ្មែរ​និយម​ជួល​សំដែង​ក្នុង​កម្មវិធី​បុណ្យ​ទាន​ផ្សេងៗ​ជាពិសេស​នៅ​រដូវ​បុណ្យ​កឋិនទាន។ យ៉ាង​ណា​សិល្បៈ​ដ៏​ចំណាស់​នេះ​ក៏​បាន​ថមថយ​ឥទ្ធិពល​បន្តិច​ម្តងៗ​ក្រោយ​មាន​ការ​វាយលុក​ពី​វប្បធម៌​បរទេស។

 
អត្ថបទៈ ជិន វេន