ចម្លាក់​​​ថ្មភក់​​​នា​​​សតវត្សរ៍ទី១០​​​ពីរដុំត្រូ​​​វរឹបអូស​​​​​​នៅខេត្ត​​​សៀមរាប

មន្ត្រីនិយាយថា មន្ត្រីរដ្ឋបាលព្រៃឈើនៅខេត្តសៀមរាបបានរឹបអូសចម្លាក់ថ្មភក់នាសតវត្សរ៍ទី១០ពីរដុំ បន្ទាប់ពីដេញតាមរថយន្តមួយគ្រឿងជាច្រើនគីឡូម៉ែត្រតាមផ្លូវលំដោយសង្ស័យថា ដឹកឈើខុសច្បាប់។ លោក មុ៉ម ប៊ុនលឹម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី បាននិយាយថា លោកបានព្យាយាមបញ្ឈប់រថយន្តម៉ាកកាមរីស៊េរីឆ្នាំ១៩៩៣មួយគ្រឿងមានស្លាកលេខភ្នំពេញនៅម៉ោងប្រហែល៨យប់ ពីព្រោះរថយន្តនេះហាក់ដូចជាដឹកឈើធ្ងន់។ លោក ប៊ុនលឹម បាននិយាយថា នៅពេលដែលអ្នកបើកបរបង្កើនល្បឿន លោកបានដេញតាមជាច្រើនម៉ោងតាមផ្លូវលំគ្រលុកតូចចង្អៀត។ លោក ប៊ុនលឹម បាននិយាយថា “ខ្ញុំដេញតាមរថយន្តជនសង្ស័យប្រហែល១០គីឡូម៉ែត្រ”។ លោកបាននិយាយបន្ថែមថា នៅពេលលោកទៅជិតដល់ឃុំត្បែង ស្រុកបន្ទាយស្រី នៅម៉ោងប្រហែល១ព្រឹក លោកក៏បានសុំកម្លាំងជំនួយដើម្បីឃាត់រថយន្តនោះ។ លោក ប៊ុនលឹម បាននិយាយថា បើកគេចពីកម្លាំងជំនួយ រថយន្តក៏បានឈប់នៅមុខផ្ទះអ្នកស្រុក។ លោកបាននិយាយថា បន្ទាប់ពីជនសង្ស័យជាបុរសពីរនាក់បានចេញពីរថយន្តពណ៌ស្លែ ហើយក៏រត់ដោយថ្មើរជើងនោះ មន្ត្រីរដ្ឋបាលព្រៃឈើបានរកឃើញ វត្ថុបុរាណថ្មធ្ងន់ពីរដុំនៅខាងក្នុង ហើយក៏យកទៅទុកនៅអធិការដ្ឋាននគរបាលស្រុក។ អ្នកស្រី ចៅ ស៊ុនកិរិយា អ្នកនាំពាក្យអាជ្ញាធរអប្សរា ជាស្ថាប័នរដ្ឋាភិបាលដែលគ្រប់គ្រងឧទ្យានបុរាណអង្គរ បាននិយាយថា អាជ្ញាធរមិនទាន់បានដឹងថា វត្ថុបុរាណនោះចេញពីប្រភពណាទេ។ អ្នកស្រីបាននិយាយថា “ចម្លាក់អាចត្រូវគេយកពីប្រាសាទកោះកេរ នៅខេត្តព្រះវិហារ ព្រោះមានប្រាសាទតូចៗច្រើននៅទីនោះ”។ អ្នកស្រីបាននិយាយថា ចម្លាក់ទាំងពីរមានកម្ពស់ប្រហែល១ម៉ែត្រ បន្ទាត់ផ្ចិតកន្លះម៉ែត្រ។ អ្នកស្រី ស៊ុនកិរិយា បាននិយាយថា មិនមានករណីរត់ពន្ធវត្ថុបុរាណនៅក្នុងឧទ្យានអង្គរប្រាំឆ្នាំកន្លងមកហើយ។ លោក អាំង ជូលាន អ្នកជំនាញផ្នែកនរវិទ្យានៅសាកលវិទ្យាល័យវិចិត្រសិល្បៈ បាននិយាយថា ឧទ្យានអង្គរគឺ”ជាតំបន់ដែលវត្ថុបុរាណត្រូវយាមការពារល្អបំផុត” ដោយវត្ថុបុរាណផ្សេងទៀតនៅក្នុងប្រទេសកំពុងទទួលរងគ្រោះកាន់តែខ្លាំង។ លោកបាននិយាយថា “ការលួចវត្ថុបុរាណបានកើតមានជាញឹកញាប់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ប៉ុន្តែ ច្រើនឆ្នាំមកហើយ ទើបយើងបានឮអំពីការនិយាយពីចោរលួច”៕(រាយការបន្ថែមដោយ  Aisha Down)     © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

The post ចម្លាក់​​​ថ្មភក់​​​នា​​​សតវត្សរ៍ទី១០​​​ពីរដុំត្រូ​​​វរឹបអូស​​​​​​នៅខេត្ត​​​សៀមរាប appeared first on The Cambodia Daily.