អង្គ​ជំនុំជម្រះ​បញ្ចប់​ការ​ស្ដាប់​សាក្សី​អតីត​កង​ការពារ​ប្រធាន​ភូមិភាគ​ពាយ័ព្យ រស់ ញឹម

អង្គ​ជំនុំជម្រះ​សាលាដំបូង នៃ​សាលាក្ដី​ខ្មែរក្រហម នៅ​ថ្ងៃ​ទី​២២ កញ្ញា បាន​បញ្ចប់​ការ​ស្ដាប់​សាក្សី​អតីត​ជា​កង​ការពារ​ប្រធាន​ភូមិភាគ​ពាយ័ព្យ ទាក់ទង​នឹង​ការ​ដឹក​សម្ភារៈ​ពី​ព្រំដែន​វៀតណាម​ទៅ​ខេត្ត​បាត់ដំបង។ សាក្សី​ដែល​មិន​សូវ​និយាយ​ស្ដី​រូប​នេះ នៅ​លាក់​អត្ត​សញ្ញាណ​នៅ​ឡើយ ព្រោះ​លោក​ឋិត​នៅ​ក្រោម​ការ​ស៊ើប​អង្កេត​ក្នុង​សំណុំរឿង​ផ្សេង។ បន្ទាប់​ពី​សាក្សី​រូប​នេះ អង្គ​ជំនុំជម្រះ​នឹង​លើក​សវនាការ​ទៅ​ក្រោយ​បុណ្យ​ភ្ជុំបិណ្ឌ។

អង្គ​ជំនុំជម្រះ​សាលាដំបូង​នៅ​ថ្ងៃ​ទី​២២ កញ្ញា ប្រកាស​ផ្អាក​សវនាការ​រហូត​ដល់​ក្រោយ​ថ្ងៃ​ឈប់​សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ​ហើយ មុន​នឹង​ជជែក​ដេញដោល​លើ​ភស្តុតាង​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​មួយ​រូប។

សំឡេង៖ «សវនាការ​លើក​ទៅ​ធ្វើ​នៅ​ថ្ងៃ​អង្គារ ទី​៤ ខែ​តុលា ឆ្នាំ ២០១៦ ចាប់​ពី​ម៉ោង ៩​ព្រឹក​ទៅ»

ការ​ប្រកាស​ផ្អាក​នេះ គឺ​ធ្វើ​ឡើង​តាម​ការ​ស្នើសុំ​របស់​មេធាវី​ការពារ​ក្ដី​ទាំង​ពីរ​ក្រុម​របស់​ជនជាប់ចោទ។ មេធាវី​អន្តរជាតិ​ការពារ​ក្ដី​ជនជាប់ចោទ នួន ជា អ្នកស្រី ដូរីន ចិន (Doreen Chen) លើក​ហេតុផល​ថា ខ្លឹមសារ​ឯកសារ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​សំខាន់​មួយ​រូប ដែល​នឹង​មក​ផ្ដល់​សក្ខីកម្ម​បន្ទាប់​នោះ មិន​ទាន់​បាន​បកប្រែ​គ្រប់​ជា​ភាសា​បារាំង និង​អង់គ្លេស​នៅ​ឡើយ។ ក្រុម​មេធាវី​បញ្ជាក់​ថា បញ្ហា​នេះ ធ្វើ​ឲ្យ​ភាគី​អន្តរជាតិ​មិន​អាច​ក្ដាប់​ព័ត៌មាន​បាន​អស់៖ «យើង​ខ្ញុំ​យល់​ឃើញ​ថា ដើម​បណ្ដឹង​រដ្ឋប្បវេណី​នេះ គឺ​មាន​សារ​សំខាន់​ណាស់។ ជាពិសេស ពាក់ព័ន្ធ​ទៅ​នឹង​ប្រវត្តិ​សាវតារ​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី​រូប​នេះ។ ពាក់ព័ន្ធ​ការ​ផ្អាក​ការ​សួរ​ចម្លើយ​នោះ គឺ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ឯកសារ​នៅ​ក្នុង​សំណុំរឿង។ យើង​ខ្ញុំ​យល់​ថា វា​សមហេតុសមផល​ដែរ ដែល​ដើម​បណ្ដឹង​រដ្ឋប្បវេណី​តែ​​ក្រោយ​ពេល​ណា​ព័ត៌មាន​ទាំង​នេះ ត្រូវ​ភាគី​ទទួល​បាន​គ្រប់​ជ្រុងជ្រោយ​ជា​មុន​សិន។ ជា​ពិសេស បើ​សិន​ណា​អាច​ធ្វើ​ទៅ​បាន គឺ​ក្រែង​លោ​ថា​វា​មាន​ភាព​ខុស​គ្នា​នូវ​ប្រការ​ណា​មួយ»

មេធាវី​ការពារ​ក្ដី​ជនជាប់ចោទ ខៀវ សំផន អ្នកស្រី អង់តា ហ្គីហ្សេ (Anta Gusse) គាំទ្រ​សំណើសុំ​របស់​មេធាវី​ជនជាប់ចោទ នួន ជា ព្រោះ​ថា​ភាគី​ខ្លួន​ខ្វះ​ពេល​វេលា។

សំឡេង៖ «យើង​តែង​តែ​លើក​ជា​បញ្ហា នៅ​ពេល​ណា​មាន​ដើម​បណ្ដឹង​រដ្ឋប្បវេណី ឬ​សាក្សី ដែល​មក​ពី​សំណុំរឿង​ផ្សេង ហើយ​ពេល​ខ្លះ យើង​តែ​ដឹង​ព័ត៌មាន​យឺត​ពេល​ទៅ​ហើយ។ អ៊ីចឹង វា​ធ្វើ​ឲ្យ​យើង​ពិបាក​រៀបចំ​ខ្លួន។ ករណី​នេះ​ជា​ករណី​ពិសេស។ អ៊ីចឹង​ហើយ យើង​គាំទ្រ​ឲ្យ​មាន​ការ​ដាក់​ឯកសារ​នេះ​ជា​ភស្តុតាង ព្រោះ​វា​ជា​ចម្លើយ​ពី​មុន​របស់​ដើម​បណ្ដឹង​រដ្ឋប្បវេណី។ ខ្ញុំ​មិន​ដឹង​ថា​ភាគី​ផ្សេង​យល់​យ៉ាង​ម៉េច​ទេ តែ​មេធាវី​ការពារ​ក្ដី ត្រូវ​ការ​ពេល​វេលា ដើម្បី​ត្រៀម​ខ្លួន​ចំពោះ​ភស្តុតាង​ថ្មី​នេះ»

ដើម​បណ្ដឹង​រដ្ឋប្បវេណី​ថ្មី ដែល​មាន​លេខ​កូដ​ថា 2-PTCCP-1064 ត្រូវ​បាន​គ្រប់​ភាគី​ក្នុង​សំណុំរឿង ០០២ វគ្គ ២ ចាត់​ទុក​ថា មាន​សារ​សំខាន់​ទាក់ទង​នឹង​បញ្ជា​នៃ​ការ​រៀបអាពាហ៍ពិពាហ៍។

មេធាវី​នាំ​មុខ​ដើម​បណ្ដឹង​រដ្ឋប្បវេណី គឺ​លោក ពេជ អង្គ មិន​បាន​ជំទាស់​នឹង​ការ​ស្នើសុំ​របស់​ក្រុម​មេធាវី​ជនជាប់ចោទ​ទេ ព្រោះ​ភាគី​លោក ក៏​យល់​ថា ព័ត៌មាន​របស់​ដើម បណ្ដឹង​រដ្ឋប្បវេណី​ថ្មី​នេះ ពិត​ជា​ពាក់ព័ន្ធ​នឹង​សំណុំរឿង៖ «យើង​ក៏​បាន​ពិនិត្យ​ត្រួសៗ អំពី​ឯកសារ​នេះ​ដែរ ដែល​ឯកសារ​នេះ​មាន​ភាព​ពាក់ព័ន្ធ ហើយ​ដើម​បណ្ដឹង​ខ្លួន​ឯង ក៏​គាត់​និយាយ​ថា គាត់​ធ្លាប់​បាន​អញ្ជើញ​មក​ផ្ដល់​សម្ភាសន៍​នៅ ឌីស៊ីខែម (មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា (DC-Cam) ផង​ដែរ។ ដូច្នេះ ចំពោះ​សំណើសុំ​នេះ យើង​ខ្ញុំ​មិន​មាន​ការ​ជំទាស់​ទេ»

ប្រធាន​អង្គ​ជំនុំជម្រះ​សាលា​ដំបូង លោក​ចៅក្រម យ៉ា សុខន ប្រកាស​ថា សវនាការ​នៅ​អង្គារ ទី​៤ ខែ​តុលា អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​អ្នក​ជំនាញ​មួយ​រូប​ទៀត ពាក់ព័ន្ធ​នឹង​អង្គហេតុ​បទបញ្ជា​នៃ​ការ​រៀប​អាពាហ៍ពិពាហ៍​នៅ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សវនាការ​នៅ​ថ្ងៃ​ទី​២២ កញ្ញា លោក​ចៅក្រម យ៉ា សុខន ប្រកាស​ពី​សេចក្ដី​សម្រេច​របស់​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​ដែរ ទាក់ទង​ការ​ជជែក​ដេញដោល​គ្នា​កាល​ពី​ថ្ងៃ​ទី​១៥ សីហា​ដែល​ថា អង្គ​ជំនុំជម្រះ​នឹង​កោះហៅ​សាក្សី​បន្ថែម​មួយ​រូប​ទៀត ក្នុង​អង្គហេតុ​ជម្លោះ​ប្រដាប់​អាវុធ។ អង្គ​ជំនុំជម្រះ​នឹង​ស្ដាប់​សាក្សី​រូប​នេះ​រយៈ​ពេល​ពីរ​ថ្ងៃ នៅ​ពាក់​កណ្ដាល​ខែ​តុលា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។