ពិធីករ ដួង សុខគា ប្រកាសក្តែងៗថា ខ្លួនអត់ទៅបោះបាយបិណ្ឌដាច់ខាត

ភ្នំពេញៈ ពិធីករ CTN បែបកំប្លុកកំប្លែងលោក ដួង សុខគា សរសេរសារប្រកាសក្នុងបណ្តាញសង្គមថា៖ «ខ្ញុំបាទ‌ដួងសុខគា‌ អ្នកចូលចិត្ត‌ស្រាវជ្រាវសូមជម្រាប‌ថា ខ្ញុំមិនទៅបោះបាយបិណ្ឌជាដាច់ខាត ព្រោះ‌ខ្ញុំគិតថា នេះជាការធ្វើទានខ្ជះខ្ជាយ‌ដែលព្រះពុទ្ធមិនបានបង្គាប់ឲ្យធ្វើឡើយ»។

អមជាមួយសារដែលថា ការបោះបាយបិណ្ឌ នៅក្នុងគម្ពីរព្រះពុទ្ធសាសនាមិនបានបង្គាប់ឲ្យធ្វើនោះ និងថាការបោះបាយបិណ្ឌជាការខ្ជះខ្ជាយទានផងនោះ ពិធីករ CTN លោក ដួង សុគា ក៏បានតែងកំណាព្យខ្លីចំនួនពីរបរិយាយពីការបោះបាយបិណ្ឌផងដែរ។

Loading...

លោកសរសេរថា៖«រឿងបោះបាយបិណ្ឌ គួរគិតគូរសិន ចេះពីអ្នកណា? ឥតមានគម្ពីរ ឥតពុទ្ធដីកា‌លោកណានាំអាទិ៍ ខាតជាងចំណេញ អ្នកក្រ អ្នកខ្សត់ ម្តេចឲ្យគ្នាអត់ ពោះទទេ ឆេញ‌យកបាយបោះចោលស្អុយស្អិត ពេញៗគួរអ្នកគិតវិញ អ្នកបុណ្យផ្កាប់មុខ! ធ្វើទានតាមប្រាជ្ញ កុំធ្វើទាំងខ្លាច ចោលម្តាយឪពុក ចោលចាស់ ចោលគ្រូ ចោលញាតិអ្នកស្រុក អ្នកក្រគគោក ចែកគ្នាហូបផង»។

ពន្យល់ពីសារដែលបង្ហោះក្នុងគណនីហ្វេសប៊ុកនោះ លោក ដួង សុខគា ដែលកំពុងតែស្ថិតនៅក្នុងវត្តនៅស្រុកកំណើតខេត្តតាកែវនោះ បានប្រាប់ថា៖ «នោះជាទស្សនៈខ្ញុំសរសេរបង្ហោះក្នុងហ្វេសប៊ុកទេ មិនមានចេតនាបង្ខំ ឬអូសទាញឲ្យពុទ្ធបរិស័ទ ឬបងប្អូន ពុកម៉ែ មីងអ៊ុំ ឲ្យមកធ្វើតាមខ្ញុំទេ»។

លោកបានលើកឡើងបន្តថា៖ «ខ្ញុំបានសួរព្រះសង្ឃ ហើយព្រះសង្ឃបានប្រាប់ថា នៅក្នុងគម្ពីរព្រះមិនបានចែងទេ ពីការបោះបាយបិណ្ឌ នេះ។ ប៉ុន្តែព្រះសង្ឃក៏បានលើកឡើងដែរថា ការធ្វើនោះក៏មិនខុសដែរ»។

ពិធីករ ដែលមានជំនាញសិល្បៈ ច្រើនទម្រង់ លោក ដួង សុខគា បញ្ជាក់ពីចេតនាដែលលោកសរសេរនោះថា៖«គឺចង់បង្វែរមហាជនឲ្យរំលែកការចំណាយទានបែបនេះ ងាកមកធ្វើទានចំពោះអ្នកក្រីក្រ និងពិសេសឪពុកម្តាយ ជីដូនជីតា ដែលជាព្រះរស់របស់យើងឲ្យច្រើនជាងនេះ សម្រាប់រដូវបុណ្យភ្ជុំបិណ្ឌ»។

ជាមួយគ្នានោះ លោក វ៉ាយ វិបុល ទីប្រឹក្សាក្រសួងធម្មការ និងសាសនា ក៏បានលើកឡើងស្រដៀងគ្នានឹង លោក ដួង សុខគា ដែរ ប៉ុន្តែលោក ថា ការបោះបាយបិណ្ឌ ដែលនិយមហៅថា បាយប្រេតនោះ ក៏ជាប្រទីបនាំមនុស្ស ឲ្យចេះធ្វើទានផងដែរ។

ជាការពិតបុគ្គលណាចង់ធ្វើក៏បានមិនចង់ធ្វើក៏បានដែរ គ្មានបញ្ហាទេ៕

ពិធីករ ដួង សុខគា ប្រកាសក្តែងៗថា ខ្លួនអត់ទៅបោះបាយបិណ្ឌដាច់ខាត

ប្រភព៖ ភ្នំពេញប៉ុស្តិ៍