បុណ្យ​ខួប​​១០០​ថ្ងៃ កែម ឡី ប្រកាស​ធ្វើ ទាំង​គ្មាន​កន្លែង​ប្រារព្ធ

បើធៀបនឹងការថ្លែង ក្នុងពេលកន្លងមក ដែលថាកម្មវិធីបុណ្យខួប១០០ថ្ងៃ នៃសពលោក កែម ឡី នឹងធ្វើក្នុង​ចុង​​សប្ដាហ៍​​ដំបូង នៃ​ខែ​តុលា​នោះ សេចក្ដី​ប្រកាស​ជា​ផ្លូវ​ការ ចេញផ្សាយ​ដោយ​គណកម្មការ​បុណ្យ​សព នៅថ្ងៃ​សុក្រ​នេះ បាន​ឲ្យ​ដឹង​ថា បុណ្យខួបមួយនេះ នឹងរំកិលទៅដល់​ពាក់​កណ្ដាល​ខែ​តុលា។ ប៉ុន្តែ​ការ​ប្រកាស​នេះ នៅ​មិន​ទាន់​​បញ្ជាក់​​ថា តើ​​បុណ្យ​​ខួប​​១០០​ថ្ងៃ នៃ​សព​លោក​បណ្ឌិត នឹង​ត្រូវ​ធ្វើ​នៅ​ទីណា ក្នុង​រាជធានី​ភ្នំពេញ​នោះ​ឡើយ។
បុណ្យ​ខួប​​១០០​ថ្ងៃ កែម ឡី ប្រកាស​ធ្វើ ទាំង​គ្មាន​កន្លែង​ប្រារព្ធ

សពលោក កែម ឡី ដែលត្រូវបានតំកល់ជាច្រើនថ្ងៃ នៅទីវត្តពោធិយារាម ហៅ«វត្តចាស់» មុននឹងដង្ហែទៅបញ្ចុះ នៅខេត្តតាកែវ។ (រូបថតលើហ្វេសប៊ុក)

គ្មានទីកន្លែង ក្នុងរាជធានីភ្នំពេញ ដើម្បីប្រារព្ធពិធីបុណ្យខួប១០០ថ្ងៃ នៃសពលោក កែម ឡី ដែលត្រូវជន​ប្រដាប់​អាវុធបាញ់សម្លាប់ កាលពីជាង២ខែមុននោះទេ។ នេះបើតាមសេចក្ដីប្រកាស របស់​គណកម្មការ​បុណ្យ​សព ដែល​ចេញ​ផ្សាយឲ្យដឹង ក្នុងថ្ងៃសុក្រនេះ។ សេចក្ដីប្រកាសព័ត៌មាននោះ គ្រាន់តែបញ្ជាក់ឲ្យដឹងថា ពិធី​បុណ្យ​​នឹង​ធ្វើ​ចាប់​ពីថ្ងៃទី១៤ សល់ថ្ងៃទី១៧ ខែតុលា​ខាង​មុខនេះ ក្នុងនោះថ្ងៃទី១៤ និងទី១៥ នឹងធ្វើ​ពិធី​តាម​សាសនា និង​ប្រពៃណី - ថ្ងៃ​ទី១៦ មានការដង្ហែក្បួន​រូបចម្លាក់ តំណាងឲ្យលោក កែម ឡី ទៅកាន់ស្រុកកំណើត នៅ​ខេត្ត​តាកែវ និង​ថ្ងៃ​ទី១៧ គឺ​ជា​ពិធី​វេរភត្ត​ប្រគេន​ព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

បើតាមព្រះសង្ឃ ប៊ុត ប៊ុនតិញ សង្ឃសមាជិកមួយអង្គ នៅក្នុងគណកម្មការបុណ្យសពនោះ បានមានថេរដីកា​ឲ្យ​ដឹងថា គ្មានកន្លែងប្រារព្ធពិធីបុណ្យ ដោយហេតុថា វត្តពោធិយារាម ហៅ«វត្តចាស់» ​ដែល​គណៈកម្មការ​មាន​គម្រោង ចង់​យក​ជាកន្លែងប្រារព្ធពិធី ដូចពេលធ្វើបុណ្យ​តំកល់​សពដំបូងនោះ មិនអនុញ្ញាតឲ្យធ្វើពិធីបុណ្យនេះ នៅ​ក្នុង​​ទី​​អារាម​របស់ខ្លួន។ បើតាមព្រះសង្ឃ ប៊ុត ប៊ុនតិញ ដដែល គឺព្រះចៅអធិការវត្តចាស់ បានមាន​សង្ឃ​ដីកា​ត្អូញត្អែរ ថា​មាន​ខាង​អាជ្ញាធរ បានមកកៀបសង្កត់ព្រះអង្គ មិនឲ្យប្រារព្ធបុណ្យខួប១០០ថ្ងៃ ឧទ្ទិសជូន​លោក កែម ឡី នៅ​​ក្នុង​​បរិវេណ​វត្តចាស់ឡើយ។

នៅក្នុងសេចក្ដីប្រកាសដដែល របស់គណកម្មការបុណ្យ បានអំពាវនាវទៅកាន់សាធារណជន ដើម្បីស្វែង​រក​ទី​កន្លែង ដើម្បីធ្វើពិធីបុណ្យនោះ នៅក្នុងរាជធានីភ្នំពេញ។ សេចក្ដីប្រកាស បានសរសេរថា៖ «ដើម្បីឲ្យកម្មវិធី​បុណ្យ អាចប្រព្រឹត្តិធ្វើទៅបាន គណកម្មការបុណ្យសូមអំពាវនាវ ដល់សាធារណជនមេត្តាផ្ដល់ ឬជួលទី​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ឲ្យគណកម្មការ ដើម្បីប្រារព្ធពិធីបុណ្យខួបគម្រប់ខួប១០០ថ្ងៃ របស់លោកបណ្ឌិត កែម ឡី ដោយ​ក្ដី​អនុគ្រោះ»។

លោក កែម ឡី ដែលជាអ្នកស្រាវជ្រាវផ្នែកសង្គម និងជាអ្នកធ្វើអត្ថាធិប្បាយ​​​នយោបាយ​​​ដ៏ល្បីឈ្មោះ ត្រូវ​បាន​​ខ្មាន់​​កាំភ្លើង​​​បាញ់​​​សម្លាប់ នៅនឹងកន្លែងភ្លាម ដោយគ្រាប់កាំភ្លើងចំនួនពីរគ្រាប់ មួយគ្រាប់ចំសៀតផ្កា និង​មួយ​​គ្រាប់​ទៀត​ចំ​​​ទ្រូង។ ករណីបាញ់សម្លាប់នេះ បានកើតឡើង នៅម៉ោងប្រមាណជា ៩ព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ​​២០១៦ នៅ​​ក្នុង​​ហាង «Star Mart» នៃស្ថានីយចាក់ប្រេងឥន្ទនៈ សាខាស្ដុបបូកគោ៕

» សេចក្ដីប្រកាសព័ត៌មានទាំងស្រុង៖

បុណ្យ​ខួប​​១០០​ថ្ងៃ កែម ឡី ប្រកាស​ធ្វើ ទាំង​គ្មាន​កន្លែង​ប្រារព្ធ

» បទសំភាសរបស់វិទ្យុអាស៊ីសេរី ជាមួយព្រះសង្ឃ ប៊ុត ប៊ុនតិញ៖