ប៉ុបពី មិនប្រាថ្នាអ្វីច្រើនទេ សុំត្រឹមមានបុរសចិត្តស្មោះម្នាក់ មកថែទាំបេះដូង ដែលប្រះស្រាំជាច្រើនឆ្នាំ ក៏អស់ចិត្តដែរ

ភ្នំពេញ៖ ស្រីស្រស់ ប៉ុបពី បវកញ្ញាភេទទី៣ ដែលប្រិយមិត្តទូទាំងប្រទេសកម្ពុជា ប្រាកដជាបានស្គាល់ហើយថា ថ្វីត្បិតតែកញ្ញាជានារីកែភេទទី៣ក៏ពិតមែន ក៏ប៉ុន្តែបើនិយាយពីសម្រស់វិញ ១០០ភាគរយ លើ ១០០ភាគរយ គឺដូចស្រីពេញលក្ខណៈតែម្តង ហើយថែមទាំងស្រស់ស្អាតវ៉ាដាច់នារីៗមួយចំនួនថែមទៀតផង។

ជាការពិតណាស់ បើនិយាយពីការងារសិល្បៈនាពេលបច្ចុប្បន្នវិញ បន្ទាប់ពីកញ្ញា ទទួលសម្តែងរឿង«ប៉ុបពីទៅហូលីវូដ» ព្រមទាំងទទួលបានការកោតសរសើរជាច្រើន ពីសំណាក់មហាជន។ ហើយសព្វថ្ងៃនេះគេសង្កេតឃើញថា កញ្ញាកំពុងមមាញឹកថតខ្សែភាពយន្តមួយរឿងទៀត ឲ្យផលិតកម្មក្នុងស្រុកមួយផងដែរ។

ដោយឡែក ក្រៅពីការងារសិល្បៈ ប៉ុបពី ក៏មានមុខរបផ្សេងមួយទៀត គឺជាជាងផាត់មុខ ព្រមទាំងមានហាងសាឡនផ្ទាល់ខ្លួនទៀតផង។

ប៉ុន្តែមិនថាយ៉ាងណា ថ្មីៗនេះក៏ស្រាប់តែលេចលឺដំណឹងមកថា ប៉ុបពី កំពុងសម្ងំព្យាបាលបេះដូងដែលប្រេះស្រាំតែម្នាក់ឯង ដោយសារតែប្រាថ្នាស្នេហ៍តារាប្រុសល្បីមានរោមដើមទ្រូងមិនសមប្រកប បែរទៅស្រវ៉ាចាប់ប្រុសក្មេងវិញម្តង ក៏ត្រូវប្រុសក្មេងបោកប្រាស់លុយ និងធ្វើបាបទាំងបេះដូង និងផ្លូវចិត្តថែមទៅទៀត។ 

តើដំណឹងលេចលឺនេះជាពិតដែរឬទេ?

យោងតាមសម្តីកញ្ញា ប៉ុបពី ដែលបានប្រាប់មកកាន់ក្រុមការងារ Khmerload ដោយផ្ទាល់ នាងមិនបានលាក់បាំង ឬខ្លាចនិយាយការពិតនោះទេ។ កញ្ញា បានរៀបរាប់ឲ្យដឹងថា ក្រោយពីបែកបាក់ស្នេហាជាមួយនឹងសង្សារចាស់ អស់រយៈពេលជាច្រើនឆ្នាំមក បច្ចុប្បន្ននេះ ប៉ុបពីហាក់បីដូចជាមានអារម្មណ៍ភ័យខ្លាចនឹងស្នេហា ដោយសឹងតែមិនហ៊ានបើកបេះដូង ទទួលបុរសណាផ្សេងបាននៅឡើយទេ។ មូលហេតុគឺដោយសារតែ ប្រុសក្មេង ប្រុសស្អាតមួយចំនួន គឺធ្វើបាបផ្លូវចិត្តកញ្ញាណាស់។ ប៉ុបពី បន្ថែមថា មិនថាមនុស្សស្រី ឬក៏ប៉ុបពី ផ្ទាល់ទេ ក៏មានបេះដូងចេះឈឺចាប់ដូចគ្នាដែរ។

យ៉ាងណាមិញ ក៏មានមហាជនជាច្រើន ដែលពួកគាត់ឆ្ងល់និងចង់ដឹងថា មើលទៅកញ្ញាប៉ុបពី មកទល់ពេលនេះ នាងហាក់បីដូចជា មានសម្រស់កាន់តែស្រស់ស្អាតឡើងៗ ឬអាចនិយាយបានថា សម្រស់ពីក្បាលរហូតដល់ចុងជើង គឺស្រស់ស្អាតដូចស្រី១០០ភាគរយទៅហើយ ដូចនេះតើកញ្ញាធ្លាប់ចាប់ចិត្ត ផ្ញើបេះដូងលើបុរសប៉ុន្មាននាក់មកហើយ?

ទាក់ទងនឹងសំណួរនេះ កញ្ញាសូមឆ្លើយតបថា៖ «រឿងដែលធ្លាប់មានសង្សារប៉ុន្មាននាក់អីប៉ុន្មាននាក់នោះ គឺវាលែងសំខាន់ទៀតហើយសម្រាប់ខ្ញុំ ប៉ុន្តែអ្វីដែលសំខាន់នោះ គឺឥលូវនេះរកប្រុសស្មោះមិនមានតែម្តង ប៉ុន្តែទោះជាយ៉ាងណា ក៏ខ្ញុំមិនតូចចិត្តដែរ ពីព្រោះថា ឆាកជីវិតអ្នកសិល្បៈវាតែប៉ុណ្ណឹង ដូចគេនិយាយថា បើយើងស្អាតចឹង អ្នកក្រគេមិនហ៊ាន អ្នកមានក៏គេមិនចូល។ មានពេលខ្លះ ខ្ញុំបង្ហោះរូបតាមបណ្តាញសង្គមហ្វេសប៊ុកអញ្ចឹញ ចេះតែមានអ្នកមកតាមស្រលាញ់ ចង់ណាត់ជួបជាដើម ប៉ុន្តែខ្ញុំមិនទាន់ហ៊ាននឹងទទួលយក ដោយសារតែខ្លាចអតីតកាលជាន់ដានទៀត ប៉ុន្តែបើរាប់អានត្រឹមអ្នកស្គាល់គឺបាន។ ដោយឡែកក៏មានអ្នកខ្លះ គេគិតថាប៉ុបពីស្អាតចឹង តារាចឹង គេមិនហ៊ានស្រលាញ់ គេថាយើងមានចិត្តមិនស្មោះអីុចឹងហា!! ហើយអ្នកខ្លះទៀតក៏គេគិតថា ប៉ុបពីស្អាតចឹងប្រហែលជាមានសង្សាររួចហើយគេមិនហ៊ានស្រលាញ់ទេ ប៉ុន្តែធាតុពិតប៉ុបពីអត់លិឌសោះ រកតែម្នាក់ក៏អត់មានសោះហ្មង!»។

ជាចុងក្រោយ កញ្ញា ប៉ុបពីក៏បាននិយាយផ្តាំផ្ញើតាមរយៈ Khmerload ប្រាប់ទៅកាន់ទស្សនិកជនផងដែរថា៖ «ជាចុងក្រោមសូមអគុណដល់ពុកម៉េ និងទស្សនិកជនទាំងអស់ ដែលគាំទ្រប៉ុបពី ដរាបណាបងប្អូនទស្សនិកជនគាំទ្រប៉ុបពី នៅតែបំរើអារម្មណ៍ទស្សនិករហូត ពីតាំងក្មេងរហូតដល់ចាស់ ដូចគេនិយាយថា ខ្ញីកាន់តែចាស់កាន់តែហិល។ ម៉្យាងវិញទៀត ប៉ុបពី ក៏សូមផ្តាំផ្ញើដែរថា ប៉ុបពីជាមនុស្សមានចិត្តស្មោះ មិនដែលផិតក្បត់ម្តងណាទេ»។

ទស្សនៈចុងក្រោយរបស់ប៉ុបពីលក្ខណៈកំប្លែង៖ «សន្យាថាស្រលាញ់គ្នា ញុំាអីចេញលុយរៀងខ្លួន»។

ជាចុងក្រោយប៉ុបពី ក៏សូមសំណូមពរដល់ប្រិយមិត្ត និងសង្គមខ្មែរទាំងអស់ ឈប់មើលងាយ និងឈប់ស្អប់ខ្ពើមមនុស្សភេទទី៣ទៅ ព្រោះភេទទី៣ មិនមានកំហុសទេ ហើយក៏គ្នាមិនចង់កើតមកជាភេទទី៣ដែរ។ ហើយមកទល់ពេលនេះផងដែរ ប៉ុបពីក៏បានសាងស្នាដៃសម្រាប់ប្រទេសខ្មែរ ដែលជាគំរូមួយជាសិល្បៈមួយ ដែលមិនបានបង្កភាពក្តៅក្រហាយចំពោះនរណា គឺមានតែបង្កនូវភាពសប្បាយរីករាយសម្រាប់ទស្សនិកជនតែប៉ុណ្ណោះ៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload