បុណ្យអុំទូក​ឆ្នាំ​នេះ​មាន​កាមេរ៉ា​សុវត្ថិភាព​៦០០​គ្រឿង សម្រាប់​តាមដាន និង​ទប់ស្កាត់​បទល្មើស

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​បាន និង​កំពុង​មមាញឹក​ក្នុង​ការ​តម្លើង​ប្រ​ព​ន្ធ័​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​មុន​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត​ទៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា​នេះ ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​រៀបចំ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ទាំង​៦០០​គ្រឿង​គ្របដណ្ដប់​ទូ​ទាំង​១២​ខណ្ឌ ដើម្បី​ព​ន្លឿ​ន​ឱ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​អុំទូក​។

លោក​បន្ត​ថា ពេល​នេះ​សម្ភារ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​មក​ដល់ និង​ប្លង់​ដែល​ត្រូវ​បំពាក់​ក៏​រៀបចំ​រួចរាល់​ហើយ​ដែរ ចំណែក​ក្រុមការងារ កំពុង​មមាញឹក​ជម្រុញ​ឲ្យ​បាន​ឆាប់​រួចរាល់​តាម​ផែនការ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ ។ សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​កា​មា​រ៉ា​សុវត្ថិភាព តាម​ដងផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​កន្លង​មក បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួយ​ក្នុង​ការ​កំណត់​រកមុខ​សញ្ញា និង​ទប់ស្កាត់ បាន​ទាន់​ពេលវេលា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​បទល្មើស​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា ប្រ​ព​ន្ធ័​កាមេរ៉ា ៦០០​គ្រឿង​នេះ ត្រៀម​បំពាក់​នៅ​តាម​ច្រក​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​មាន ខណ្ឌចំការមន​ចំនួន​១៤៧​គ្រឿង ដូនពេញ​១១៦​គ្រឿង ៧​មក​រា ៧៥​គ្រឿង ទួល​គោក​៥៤​គ្រឿង ដង្កោ​៨​គ្រឿង មាន​ជ័យ​៥១​គ្រឿង ឬ​ស្សី​កែវ​៥៣​គ្រឿង សែន​សុខ​២១​គ្រឿង ពោធិ​សែន​ជ័យ​២២​គ្រឿង ជ្រោយចង្វា​១៩​គ្រឿង ព្រែក​ព្នៅ​៨​គ្រឿង និង​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​២៦​គ្រឿង​ផង​ដែរ​៕