បង្ក្រាប​បទល្មើស​នេសាទ​ទ្រង់ទ្រាយ​ធំ ឃាត់ខ្លួន​វៀតណាម​៤​នាក់

ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច សហការ​ជាមួយ​នគរបាល​ស្រុក​កោះធំ បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ទ្រង់ទ្រាយ​ធំ​កាល​ព​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ចុង​ព្រែក​ឡ​ស្រា ស្ថិត​ក្នុងភូមិ​ខ្នា​តាំងយូ ឃុំ​ព្រែក​ជ្រៃ ស្រុក​កោះធំ ខេត្តកណ្តាល ដោយ​ឃាត់ខ្លួន​អ្នកនេសាទ ខុសច្បាប់​ជនជាតិ​វៀតណាម​៤​នាក់ និង​ចាប់​យក​ឧបករណ៍​នេសាទ​ល្មើសច្បាប់​មួយ​ចំនួន​ធំ​ទៀត​។

ប្រតិបត្តិការ​នេះ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ឈឿ​ន សុចិត្ត ស្នងការ​រង​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល លោក​ឈឿ​ន ប៊ុ​ន​ឆ​ន អធិការ​នគរបាល​ស្រុក​កោះធំ និង​ចូលរួម​ពី​មន្ត្រី​នគរបាល​ច្រើន​នាក់​ទៀត​។

លោក​អធិការ​បាន​ប្រាប់​ឱ្យ​ដឹង​ថា កិច្ចការ​បង្ក្រាប​បទល្មើស​នេសាទ​នេះ​ដោយ​មានការ​អនុញ្ញាត​ពី​លោក​អភិបាលខេត្ត លោកស្នងការ និង​លោក​ព្រះរាជអាជ្ញា​ឱ្យ​ចុះ​ប្រតិបត្តិការ នៅ​តំបន់​មាន​បទល្មើស​នេសាទ​ខុសច្បាប់​ច្រើន​នៅ​ក្នុង​បឹង ចំណុច​ចុង​ព្រែក​ឡ​ស្រា ឃុំ​ព្រែក​ជ្រៃ ស្រុ​កោះធំ អស់​រយៈពេល​ពេញ​មួយ​ព្រឹក ដោយ​ឃាត់ខ្លួន​ជនសង្ស័យ អ្នកនេសាទ​ល្មើសច្បាប់​បាន​៤​នាក់ ស្រី​២​នាក់​ជា​ជនជាតិ​វៀតណាម ទី​១-​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ត ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ នេសាទ​។

ទី​២-​ឈ្មោះ យ៉ យ៉ាំ​ង​សាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ​។ ទី​៣-​ឈ្មោះ ប៊ូ​យ ធី​ហាន់ ភេទ​ស្រី អាយុ​៣៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ​។ ទី​៤-​ឈ្មោះ ង្វៀ​ង ធី​ង៉ា ភេទ​ស្រី អាយុ​៤៤​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​នេសាទ​។ អ្នក​ទាំង​៤​នាក់ រស់នៅ​ភូមិ​អាប​ហា​យ ឃុំ​យឹ​ង​ងូ​យ ស្រុក​អាង​ភូ ខេត្ត​អាងយ៉ាង ប្រទេស​វៀតណាម​។ សម្ភារ​នេសាទ​ល្មើសច្បាប់ ដកហូត​បាន​មាន ទី​១-​ស្បៃ​មង​ក្រឡា​ញឹក​(​សៃយ៉ឺន​) ព្រួល និង​ឡុ​ក ប្រវែង​ប្រមាណ ១៦០០០​មែ​ត្រ ទី​២-​លប​១០០​ស្រទាប់ ឬ​លប​ឆ្គួ​ត​មួយ​ចំនួន​ធំ ទី​៣-​កូន​ត្រី​ប្រមាណ ជាង​១​តោន ទី​៤-​ទូក​មាន​ម៉ាស៊ីន​នេសាទ​ចំនួន​០២​គ្រឿង​។​

លោក​អធិការ បានឱ្យ​ដឹង​បន្ថែម​ថា ជនជាតិ​វៀតណាម​ទាំង​៤​នាក់ ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ឱ្យ នគរបាល​អន្តោប្រវេសន៍ ចំណែក​ឧបករណ៍​នេសាទ​ខុស​ត្រូវ​បាន​ដុត​កម្ទេច​ចោល​។ គេ​មានការ​កត់​សម្គាល់ថា ក្នុង​រដូវ​ទឹក​ឡើង​នេះ នៅ​ក្នុងភូមិ​សាស្ដ្រ​ស្រុក​កោះធំ នៅ​តំបន់​ព្រំដែន​ជិត​ប្រទេស​វៀតណាម​មាន​ជនជាតិ​វៀតណាម ជា​ច្រើន​នាក់​បាន​បើកទូក​កាណូត​ដឹក​ឧបករណ៍​នេសាទ​ល្មើសច្បាប់ ចូល​មក​នេសាទ​យ៉ាង​អាណា​ធិ​ប​តេ​យ្យ នៅ​តាម​បឹង តាម​តំបន់​ជិត​ព្រំដែន​។

ប៉ុន្តែ​មិន​គេ​មិន​ដែល​ឃើញ​មន្ត្រី​នគរបាល និង​យោធា​ការពារ​ព្រំដែន​ស្ទាក់​ចាប់​បាន​ឡើយ សង្ស័យ​ជា​អ្នក​បើកដៃ​ឲ្យ​ចូល​ដោយ​ខុសច្បាប់​។​ចំណែក​ជំនាញ​ជលផល ចាប់តាំងពី​ថ្នាក់​ខណ្ឌ​រហូត​ដល់​សង្កាត់ រដ្ឋបាល​ជលផល ក៏​ស្ងាត់​ឱ្យ​ឈឹង​តែ​ម្ដង ដេក​លក់​អស់រលីង​៕