វៀតណាម​គ្រោង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​សុំទាន-លក់​ឆ្នោត​ចំនួន​២៦នាក់​មក​កម្ពុជា​វិញ

វៀតណាម​គ្រោង​បញ្ជូន​ពលរដ្ឋ​ខ្មែរ​ជា​អ្នក​សុំទាន និង​លក់​ឆ្នោត​ចំនួន​២៦​នាក់​មក​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃ​ទី២៧ កញ្ញា។

សេចក្ដី​ជូន​ដំណឹង​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ផ្សព្វផ្សាយ​នៅថ្ងៃទី២៣ កញ្ញា ឲ្យ​ដឹង​ថា ពលរដ្ឋ​ខ្មែរ​ទាំង​២៦នាក់ ក្នុង​នោះ​មនុស្ស​ចាស់​៧នាក់ និង​កុមារ១៩​នាក់ ដែល ចូល​ទៅ​សុំ​ទាន​និង​លក់​ឆ្នោត​ខុស​ច្បាប់​ក្នុង​ប្រទេស​វៀតណាម ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់ខ្លួន ប្រមូល​ផ្តុំ និង​ផ្គត់ផ្គង់​អាហារ​នៅ​ក្នុង​មជ្ឈមណ្ឌល​សង្រ្គោះ​សង្គម​នា​ទីក្រុងហូជីមិញ (Ho Chi Minh) ប្រទេស​វៀតណាម។

ពលរដ្ឋ​ខ្មែរ​ទាំងអស់​នោះ​មាន​មក​ពី​ខេត្ត​ស្វាយរៀង ខេត្ត​កណ្ដាល និង​កំពង់ស្ពឺ។ ពួកគេ​នឹង​ត្រូវ បញ្ជូន​មក​កម្ពុជា​វិញ​នៅ​ថ្ងៃ​ទី២៧ កញ្ញា តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បាវិត-ម៉ុកបាយ ដើម្បី​ប្រគល់​ជូន​មន្ទីរ​សង្គមកិច្ច​ខេត្ត​ស្វាយរៀង។

ក្រសួង​ការបរទេស​កម្ពុជា​ឲ្យ​ដឹង​ថា មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ខ្មែរ​ចូល​ទៅ​សុំទាន និង​លក់ ឆ្នោត​ខុស​ច្បាប់ ត្រូវ​បាន​អាជ្ញាធរ​វៀតណាម​ឃាត់​ខ្លួន​សរុប​ចំនួន១៦៨នាក់​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។