មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​បើក​យុទ្ធនាការ​ផ្សព្វផ្សាយ និង​បង្ការ​ជំងឺ​ហ្ស៊ីកា

អាជ្ញាធរ និង​មន្ត្រី​ជំនាញ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង បើក​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​ជំងឺ​ហ្ស៊ីកា(Zika) ដល់​ពលរដ្ឋ​តាម​មូលដ្ឋាន និង​អ្នក​ផ្ដល់​សេវា​កម្ម​សុខាភិបាល។ មន្ត្រី​សុខាភិបាល បារម្ភ​ពី​ការ​ឆ្លង​មេរោគ​នាំ​ឲ្យ​កើត​ជំងឺ​ហ្ស៊ីកា ដោយ​គេ​មិន​ទាន់​រក​ឃើញ​ថ្នាំ​ព្យាបាល ឬ​វ៉ាក់សាំង​បង្ការ​នៅ​ឡើយ ប៉ុន្តែ​ជំងឺ​នេះ​កំពុង​មាន​វត្តមាន​ក្នុង​ប្រទេស​មួយ​ចំនួន​នៃ​តំបន់​អាស៊ី

យុទ្ធនាការ​លើក​ទីពីរ នៃ​ការ​អប់រំ​ផ្សព្វផ្សាយ​ស្ដីពី​ជំងឺ"ហ្ស៊ីកា" នៅ​ក្រុង​កំពង់ឆ្នាំង ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ បាន​ជួប​ប្រជុំ​ពលរដ្ឋ​ប្រមាណ​៦០​នាក់​នៅ​សាលា​បុណ្យ​ភូមិ​ខ្សាម នៃ​សង្កាត់​ខ្សាម និង​ជួប​បុគ្គលិក​សុខាភិបាល​ប្រមាណ​១០០​នាក់ ដើម្បី​ស្វែង​យល់​ពី​ជំងឺ​មួយ​នេះ។

ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​កំពង់​ឆ្នាំង​លោក​វេជ្ជបណ្ឌិត ប្រាក់ វ៉ុន មាន​ប្រសាសន៍​ថា ពលរដ្ឋ​គ្រប់​រូប ជា​ពិសេស​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កុមារ ត្រូវ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ពី​មូស​ខ្លា​ញី​ខាំ​នៅ​ពេល​ព្រឹក និង​ពេល​ល្ងាច ហើយ​ត្រូវ​កម្ទេច​ជម្រក​មូស​ខ្លា​នៅ​តាម​ផ្ទះ។ លោក​ថា ក្រុម​ការងារ​សុខាភិបាល នឹង​ចុះ​អប់រំ និង​បាញ់​ថ្នាំ​សម្លាប់​មូស​នៅ​តាម​ទីតាំង​សំខាន់​ៗ​ជា​ប្រភព​កើត​មូស​ខ្លា​ជា​បន្ត​បន្ទាប់។ «»

ខិត្តប័ណ្ណ​អប់រំ​របស់​ក្រសួង​សុខាភិបាល បង្ហាញ​ថា "ហ្ស៊ីកា" ជា​ប្រភេទ​ជំងឺ​ឆ្លង​ដែល​បង្ក​ដោយ​ពពួក​វីរុស​ហ្ស៊ីកា(Zika) ហើយ​ភ្នាក់ងារ​ចម្លង​ជា​ប្រភេទ​សត្វ​មូស​ខ្លា​ដែល​ដូច​គ្នា​ទៅ​នឹង​ជំងឺ​គ្រុន​ឈាម​ដែរ។ អ្នក​ជំងឺ​ប្រមាណ​៧០ ទៅ​៨០% ពុំ​មាន​ស្ដែង​ចេញ​រោគ​សញ្ញា​អ្វី​ទាំង​អស់ តែ​រោគ​សញ្ញា​អាច​កើត​មាន​ដូច​ជា ក្ដៅ​ខ្លួន ឈឺ​សាច់​ដុំ និង​សន្លាក់​ដៃជើង ស្នាម​ក្រហម​អុច​លើ​ស្បែក ភ្នែក​ឡើង​ក្រហម​ជា​ដើម។

ស្ត្រី​វ័យ​៤០​ឆ្នាំ​ម្នាក់ ដែល​កំពុង​បណ្ដើរ​កូន​ពីរ​នាក់ និង​ពរ​កូន​តូច​ម្នាក់​នៅ​នឹង​ចង្កេះ ឈរ​មើល​គេ​បាញ់​ថ្នាំ​មូល​នៅ​ក្បែរ​ផ្ទះ​នៅ​ភូមិ​ខ្សាម​ទី​៦ នៃ​សង្កាត់​ខ្សាម។ លោកស្រី រ៉ង គុន្ធា មាន​ប្រសាសន៍​ថា នេះ​ជា​លើក​ទី​មួយ​ដែល​លោកស្រី​ឃើញ​មន្ត្រី​ជំនាញ​សុខាភិបាល​ចុះ​បាញ់​ថ្នាំ​មូស និង​អប់រំ​ផ្សព្វផ្សាយ​ពី​ជំងឺ​ហ្ស៊ីកា។ ត្បិត​លោកស្រី​ពុំ​មាន​ឱកាស​យក​កូន​ទៀត ប៉ុន្តែ​លោកស្រី​នឹង​ប្រាប់​បន្ត​ទៅ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ដែល​មិន​ទាន់​យល់​ដឹង​ពី​ជំងឺ​នេះ​ឲ្យ​មាន​ការ​ប្រុង​ប្រយ័ត្ន​បំផុត​នៅ​អំឡុង​ពេល​មាន​ផ្ទៃ​ពោះ។ «»

ចំពោះ​ស្ត្រី​មាន​ផ្ទៃ​ពោះ ជំងឺ​ហ្សីកា​នេះ​ធ្វើ​ឲ្យ​ទារក​ស្លាប់​ក្នុង​ផ្ទៃ ឬ​ទារក​កើត​មក​បាន​តែ​មាន​សភាព​ក្បាល​មិន​ប្រក្រតី​ដែល​ភាគ​ច្រើន​កើត​ឡើង​លើ​ស្ត្រី​មាន​ផ្ទៃ​ពោះ​ក្នុង​កំឡុង​ត្រីមាស​ទី១ និង​ទី​២ នៃ​គភ៌។

ខិត្តប័ណ្ណ​ផ្សព្វផ្សាយ​របស់​ក្រសួង​សុខាភិបាល​ណែនាំ​ឲ្យ​ពលរដ្ឋ​ទូទៅ​បង្កើន​ការ​យក​ចិត្ដទុកដាក់ និង​យល់​ដឹង​ពី​ជំងឺ​ហ្ស៊ីកា។ ក្រសួង​សុខាភិបាល​ថា បើ​ពលរដ្ឋ​មាន​រោគ​សញ្ញា​សង្ស័យ​សូម​ស្វែង​រក​សេវា​សុខាភិបាល​សាធារណៈ​ដែល​នៅ​ជិត​ ឬ​អាច​ទាក់ទង​តាម​ទូរស័ព្ទ​លេខ​១១៥ ឬ​០១២ ៨២៥ ៤២៤ ដើម្បី​សួរ​នូវ​រាល់​ចម្ងល់​ដែល​ពាក់ព័ន្ធ​នឹង​ជំងឺ​ហ្ស៊ីកា​នេះ និង​សម្រាប់​ព័ត៌មាន​បន្ថែម​ផ្សេង​ៗ​ស្ដីពី​ជំងឺ​ឆ្លង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។