លោក Duterte មិន​សប្បាយ​ចិត្តនឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-23-2016, 8:19 pm         653

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Duterte មិន​សប្បាយ​ចិត្តនឹង​យុទ្ធនាការ​បង្ក្រាប​គ្រឿងញៀន​ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte (រូបភាព Rappler)​មកទល់ពេលនេះ យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​របស់​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte បានសម្លាប់​ជនសង្ស័យ​ជា​ឧក្រិដ្ឋជន​គ្រឿងញៀន​រាប់ពាន់នាក់​មកហើយ និង​ជាច្រើន​សែន​នាក់​ទៀត ចូលមក​សារភាព​ចំពោះមុខ​ប៉ូលិស​ដោយ​ខ្លួនឯង​។ បើទោះជា​យុទ្ធនាការ​នេះ ត្រូវគេ​មើលឃើញថា ជា​ជោគជ័យ​ក៏ដោយ សម្រាប់​ប្រធានាធិបតី​ហ្វីលីពីន​ផ្ទាល់ ដែល​បាន​ដឹកនាំ​យុទ្ធនាការ​នេះ មិន​ពេញ​ចិត្តនឹង​លទ្ធផល​ទទួល​បានឡើយ​។​

​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte បានបង្ហាញ​ការមិនសប្បាយចិត្ត​ចំពោះ​សង្គ្រាម​បង្ក្រាប​គ្រឿងញៀន ដែល​សម្លាប់​ឧក្រិដ្ឋជន​អស់​ច្រើនជាង​បី​ពាន់​នាក់​មកហើយ​នោះ​។ លោក​បាន​ឲ្យ​ពិន្ទុ​៥​លើ​១០ សម្រាប់​យុទ្ធនាការ​បោសសម្អាត​គ្រឿងញៀន​ឲ្យ​អស់ពី​សង្គម​ហ្វីលីពីន បន្ទាប់ពី​លោក​បានស្នើ​ពង្រីក​រយៈពេល​នៃ​យុទ្ធនាការ​នេះ ឲ្យ​បាន​៦​ខែ​ទៀត​រួចមក​។​

​ឆ្លៀតពេល​នៃ​ពិធី​សម្ពោធ​រោ​ថ​ចក្រ​ថាមពល​មួយ នៅ​ថ្ងៃទី​២២ ខែកញ្ញា ប្រធានាធិបតី​ហ្វីលីពីន ដែលមាន​ងារ​ជា «​អ្នក​ដាក់ទោស​» និយាយថា លោក​នឹងមាន​ផែន​ការជួប​ជាមួយ​ប៉ូលិស ដើម្បី​ប្រាប់​ពី​ការមិន​ពេញចិត្ត​របស់លោក ក៏ដូចជា​រម្លឹក​ពួកគេ​ពី​ការងារ​ដែរ​។ ហើយ​លោក​ក៏បាន​បង្ហើប​ដែរ​ថា យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​របស់លោក អាច​នឹងធ្វើ​នៅក្នុង​បណ្ដា​គុក​ផងដែរ​។​

​យោងតាម​សារព័ត៌មាន Rappler លោក Duterte អះអាងថា ៩៥​ភាគរយ​នៃ​ការ​ជួញ​ដួ​រ​ថ្នាំញៀន​នៅ​ហ្វីលីពីន គឺ​ធ្វើ​នៅ​ពន្ធ​ធនាគារ​តែម្ដង និង​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​ទាំងអស់​។ រឿងនេះ​គឺ​ព្រម​គ្នា​ជាមួយនឹង​ការទម្លាយ​បញ្ជី​ឈ្មោះ​មេ​ឈ្មួញ​គ្រឿងញៀន​កំពុង​ជាប់គុក ដែលមាន​ជនជាតិ​ចិន​ពីរ​នាក់​ផងដែរ​។ លោក​បន្តថា ប្រសិនបើ​ចង់រក​ទិញ​គ្រឿងញៀន ប្រភពព័ត៌មាន​សំខាន់​ជាងគេ គឺ​ចេញពី​ក្នុង​គុក​តែម្ដង​។

​សូម​រម្លឹកថា កាលពី​ថ្ងៃទី​១៨ ខែកញ្ញា ដែល​ត្រូវជា​ថ្ងៃទី​៨១​នៃ​ការឡើង​កាន់អំណាច​រប​ស់ លោក​នោះ លោក​ប្រធានាធិបតី Duterte បានប្រកាស​សុំ​ពេល​បន្ថែម​៦​ខែ​ទៀត​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​បទល្មើស និង​គ្រឿងញៀន​។ នេះ​ក៏​ដោយសារតែ​លោក Duterte​មើលឃើញ​ពី​ស្ថានភាព​សង្គម​ហ្វីលីពីន​ពាក់ព័ន្ធ​នឹង​បទល្មើស​អាក្រក់​ជាង​ការរំពឹងទុក​របស់លោក និង​អាច​សម្រេចបាន​ក្នុងពេល​បី​ខ​ខែ​ឡើយ​។

​លោក​ប្រធានាធិបតី បាន​ថ្លែង​សារភាព​នៅ​ចំពោះមុខ​អ្នកសារព័ត៌មាន ថា លោក មិនដែល​ដឹង​សោះ​ថា បញ្ហា​គ្រឿងញៀន​នៅ​សង្គម​ហ្វីលីពីន ពិតជា​អាក្រក់​ខ្លាំង រហូត​ទាល់តែ​លោក បាន​ក្លាយជា​ប្រធានាធិបតី​បច្ចុប្បន្ន​។ អ្នក​ដាក់ទណ្ឌកម្ម​រូបនោះ ក៏បាន​សង្កត់ធ្ងន់​ដែរ​ថា បើទោះបីជា លោក ចង់​សម្លាប់​ក្រុម​ឈ្មួញ​គ្រឿងញៀន​ទាំងអស់​ក៏ដោយ លោក មិនអាច​ធ្វើបាន​នោះទេ ព្រោះ​មន្ត្រី​សាធារណៈ  ក៏មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការជួញដូរ​គ្រឿងញៀន​ច្រើន​ណាស់ដែរ​៕