សហគមន៍​អូរគគីរ​នៅ​ខេត្ត​រតនគិរី​អំពាវនាវ​ឲ្យ​ពង្រឹង​ការ​អភិរក្ស​ព្រៃឈើ​ក្នុង​តំបន់​ការពារ​ធម្មជាតិ

ដើមឈើ​គ្រប់​ប្រភេទ​ជាង​១​ពាន់​ដើម​ត្រូវ​បាន​សហគមន៍​មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​បរិស្ថាន​ខេត្ត​រតនគីរី​នាំគ្នា​ដាំ​នៅ​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ ដែល​មាន​ទីតាំង​ជាប់​នឹង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ ដើម្បី​ចលនា​នាំគ្នា​អភិរក្ស និង​ស្តា​ព្រៃឈើ​ឡើងវិញ​សម្រាប់​កិច្ចការពារ​ធនធានធម្មជាតិ និង​សត្វព្រៃ​ក្នុង​តំបន់​ព្រៃ​អភិរក្ស។

មនុស្ស​ប្រមាណ​៥០​នាក់​រស់នៅ​ភូមិ​ចំនួន​បី​ក្នុង​ឃុំ​ស្រែអង្គ្រង ស្រុក​កូនមុំ ខេត្ត​រតនគិរី ខ្លះ​ជិះ​ម៉ូតូ​ខ្លះ​ជិះ​គោយន្ត​នាំគ្នា ធ្វើដំណើរ​ចូល​ព្រៃ​ដើម្បី​ដាំ​កូនឈើ នៅ​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ដោយមាន​ការ​ចូលរួម​ពី​មន្ត្រី​អនុរក្ស​ជម្រក​សត្វព្រៃ​លំផាត់ មន្ត្រី​មូលដ្ឋាន​និង​មន្ត្រី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា។

អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​បាន​ផ្ដល់​ដើមឈើ​គ្រប់​ប្រភេទ​ មាន​បេង នាងនួន ផ្ចិក ស្រឡៅ គ្រញូង ជាង​១​ពាន់​ដើម សម្រាប់​យុទ្ធនាការ​ដាំ​កូនឈើ​ស្តា​ព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ ដើម្បី​បង្កើត​ជា​តំបន់​ការពារ​ធម្មជាតិ​ក្រោម​ការ​អភិរក្ស​ដោយ​សហគមន៍​អូរគគីរ។

ប្រធាន​សហគមន៍​អូរគគីរ លោក ផាត់ សាវុន កតសំគាលថា ចលនា​ដាំ​កូនឈើ​នក្នុង​ព្រៃ​អភិរក្ស​នេះ គឺជា​និមិត្តរូប​នៃ​កិច្ចការពារ​ព្រៃឈើ​ឡើងវិញ ខណៈ​ឈើ​មានតម្លៃ​នៅ​ក្នុង​ដែន​ជម្រក​សត្វ​រង​ការ​កាប់​បំផ្លាញ យក​ឈើ​មានតម្លៃ​អស់​គ្មាន​សល់​និង​ធ្វើ​ឲ្យ​ជីវិត​សត្វព្រៃ​ឋិត​ក្នុង​ហានិភ័យ។ លើស​ពី​នេះ​ទៀត ការ​ដាំ​កូនឈើ​ឡើងវិញ​នេះ ក៏​ជា​ការ​ដាស់​ស្មារតី​សហគមន៍​មូលដ្ឋាន​ផ្ទាល់ ឲ្យ​ស្គាល់​ពី​តម្លៃ​និង​សារប្រយោជន៍​ធនធានធម្មជាតិ​ដែល​ផ្ដល់​ភាព​សំខាន់​សម្រាប់​ជីវភាព​រស់នៅ និង​ជា​កន្លែង​អភិរក្ស​សត្វព្រៃ​ច្រើន​ប្រភេទ​ដែល​នៅ​សេសសល់​នា​ពេល​បច្ចុប្បន្ន៖ «នៅ​ក្នុង​ព្រៃ​នេះ​ពី​ដើមឡើយ​មិន​ទាន់​មាន​ក្រុមហ៊ុន ប្រជាពលរដ្ឋ​ចូល​ព្រៃ​ដង​ជ័រ រក​ត្រី រក​វល្លិ ផ្ដៅ រក​ឃ្មុំ សត្វព្រៃ​ច្រើន​ណាស់​មាន​ទាំង​ដំរី​ខ្ទីង ទន្សោង ខ្លា ជ្រូក ប្រើស គ្រប់​ប្រភេទ ដល់​ក្រុមហ៊ុន​ចាប់​វាយ​ព្រៃ​អស់​សត្វ​វា​អត់​អាច​នៅ​បាន វា​ឮ​សន្ធឹក​ម៉ាស៊ីន​វា​ផ្អើល​ថយ​ចេញ​អស់។ ខ្ញុំ​គិត​ថា​សហគមន៍​ដែល​បង្កើត​មាន​ប៉ុណ្ណឹង​អនាគត​ទៅ​កូនចៅ​នឹង​បាន​ឃើញ​មាន​ព្រៃឈើ»

ក្រសួងបរិស្ថាន​បាន​កាត់ចេញ​ដី​ជិត​២​ពាន់​ហិកតារ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​ប្រគល់​ទៅ​ឲ្យ​សហគមន៍​អូរគគីរ បង្កើត​ជា​តំបន់​ការពារ​ធម្មជាតិ​តាំងពី​ឆ្នាំ​២០១៤ ប្រយោជន៍​ធ្វើ​យ៉ាង​ណា​ឲ្យ​សហគមន៍​រួមគ្នា ថែរក្សា​ផល​ព្រៃឈើ​ប្រកបដោយ​និរន្តរភាព និង​ថែរក្សា​បរិស្ថាន​ធម្មជាតិ​ឲ្យ​បាន​គង់វង្ស។

ប្រធាន​កម្មវិធី​អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា លោក ចាន់ វិចិត្រ កត់សំគាល់​ដែរ​ថា​ការ​ដាំ​កូនឈើ​ពេលនេះ​រួមចំណែក​ធ្វើ​ឲ្យ​ធម្មជាតិ​ស្រស់បំព្រង​ឡើងវិញ បន្ទាប់ពី​ឈើ​មានតម្លៃ​ក្នុង​ព្រៃ​ត្រូវ​បាន​ជន​ទុច្ចរិត​កាប់​ធ្វើ​អាជីវកម្ម​ខុសច្បាប់។ លោក​មាន​ជំនឿ​ថា ការ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នានា នៅ​ក្នុង​ដែន​ជម្រក​សត្វព្រៃ និង​ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ នឹង​រួមចំណែក​អភិរក្ស​ធនធានធម្មជាតិ​ក្នុង​តំបន់​អភិរក្ស​បាន​ប្រសើរ​ឡើងវិញ៖ «ឲ្យ​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​ចូលរួម​ដាំ​ដើមឈើ យ៉ាងហោចណាស់​មួយ​ឆ្នាំ​ម្នាក់ បាន​មួយ​ដើម​ដែរ។ អាហ្នឹង​ជា​កាតព្វកិច្ច​របស់​យើង​ទាំងអស់​គ្នា​ដើម្បី​ស្តា​ព្រៃ​ឡើងវិញ​ក៏ដូចជា​រក្សា​ប្រព័ន្ធ​ធម្មជាតិ ឲ្យ​មាន​លំនឹង​រវាង​មនុស្ស និង​ធម្មជាតិ​ឡើងវិញ ប្រយោជន៍​គាំទ្រ​ជីវិត​យើង​មាន​ភាព​ល្អ​ប្រសើរ»

ដែន​ជម្រក​សត្វព្រៃ​លំផាត់ មាន​ផ្ទៃដី​ជាង​២៥​ម៉ឺន​ហិកតារ​។ កន្លង​ទៅ​នេះ ក្រសួងបរិស្ថាន​បាន​សម្បទាន​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​បរទេស និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៦​វិនិយោគ​ដំណាំ​កសិឧស្សាហកម្ម​លើ​ផ្ទៃដី​អស់​ជាង​៣​ម៉ឺន​ហិកតារ។

នាយករង​ដែន​ជម្រក​សត្វព្រៃ​លំផាត់ លោក សាន សានី ទទួល​ស្គាល់​ថា ការ​ផ្ដល់​ដី​សម្បទាន កន្លងទៅ​ពិតជា​ធ្វើ​ឲ្យ​ប៉ះពាល់​ព្រៃឈើ និង​ជម្រក​សត្វព្រៃ​ក៏ប៉ុន្តែ​បច្ចុប្បន្ន​ក្រុមហ៊ុន​វិនិយោគ​នៅ​តំបន់​នេះ បាន​បញ្ចប់​ការ​ឈូស​ឆាយ​ព្រៃ​ហើយ។ លោក​បន្ត​ថា ការចូលរួម​របស់​សហគមន៍​ក្នុង​ការ​ស្តា និង​អភិរក្ស​ព្រៃឈើ​ឡើងវិញ មាន​សារៈសំខាន់។ លើស​ពី​នេះ​ទៀត​សហគមន៍​ត្រូវ​ផ្ដល់​ព័ត៌មាន​មក​មន្ត្រី​អនុរក្ស ដែន​ជម្រក​សត្វព្រៃ​ឲ្យ​ទាន់​ពេល​វេលា​ក្នុង​ករណី​សហគមន៍​ប្រទះឃើញ មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​ការពារ៖ «បើ​សហគមន៍​រួម​ជាមួយ​កម្លាំង​អនុរក្ស​យើង​ធ្វើ​ផ្លូវ​ភ្លើង​យើង​អាច​ថែរក្សា​បាន»

ក្រសួងបរិស្ថាន​បាន​ទទួល​ស្គាល់​ការ​បង្កើត​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​ចំនួន​៥ នៅ​ក្នុង​ឧទ្យានជាតិ​វីរៈជ័យ រូម​មាន​តំបន់​ការពារ​ធម្មជាតិ អូរចាយ អូរតាបូក មណ្ឌលយន អូរខាំផា និង​អូរទុង​ក្នុង​ខេត្ត​ស្ទឹងត្រែង និង​ខេត្ត​រតនគិរី រួម​ទាំង​តំបន់​ការពារ​ធម្មជាតិ​ចំនួន​២​ទៀត ក្នុង​ដែន​ជម្រក​សត្វព្រៃ​លំផាត់​គឺ​តំបន់​ការពារ​ធម្មជាតិ​អូរគគីរ និង​តំបន់​ការពារ​ធម្មជាតិ​សេដា។

សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ស្រែអង្គ្រង អ្នកស្រី វែត ភូមី មាន​ប្រសាសន៍​ថា អាជ្ញាធរ​មូលដ្ឋាន​គាំទ្រ និង​ចូលរួម​ដាំ​ឈើ​ក្នុង​តំបន់​ការពារ​របស់​សហគមន៍ ដើម្បី​ស្តា​ព្រៃឈើ​ដុះ​លូតលាស់​ឡើងវិញ។ អ្នកស្រី​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា​កូនឈើ ដែល​ដាំ​ដុះ​ថ្មី​កុំ​ឲ្យ​ខូចខាត​ដោយ​ភ្លើង​ឆេះ​ព្រៃ និង​បញ្ឈប់​ការ​កាប់​បំផ្លាញ​ព្រៃឈើ​តទៅទៀត៖ «កន្លងមក​ព្រៃ​យើង​វា​ល្អ​ប្រជាពលរដ្ឋ យើង​ចេះតែ​កាប់​សឹករិចរិល​ទៅ។ ខ្ញុំ​សុំ​ផ្ដាំ​ទៅ​ប្រជាពលរដ្ឋ​ទាំង​រូប ខ្ញុំ​ក៏​ភ្ញាក់​រលឹក​ដែរ​ដាំ​ហើយ យើង​មាន​គម្រោង​ថែរក្សា​ការពារ​ភ្លើង​ព្រៃ​ការពារ​កុំ​កាប់​ទន្ទ្រាន​តទៅទៀត»

កាលពី​ខែ​សីហា អង្គការ​សង្គ្រោះ​សត្វព្រៃ​កម្ពុជា​បាន​សហការ​ផ្ដល់​កូនឈើ​ជាង​៧០០​ដើម ឲ្យ​សហគមន៍​មណ្ឌលយន ក្នុង​ឃុំ​តាវែង ស្រុក​តាវែង ដាំ​នៅ​តំបន់​ការពារ​ធម្មជាតិ​មណ្ឌលយន ក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។