ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ទាក់ទាញ​ទេសចរ​ច្រើន​ពាន់​នាក់​ និពន្ធដោយ : អ៊ីសា រ៉ហានី       September-23-2016, 9:19 pm         441

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាសាទអង្គរវត្ត​ទាក់ទាញ​ទេសចរ​ច្រើន​ពាន់​នាក់​​សៀមរាប​៖ ជា​ព្រឹត្តិការណ៍​ក៏​កម្រ ដែល​កើតឡើង​ពីរដង​ក្នុង​មួយឆ្នាំ​។ ព្រឹត្តិការណ៍ Equinox  ឫ​ហៅ​ជា​ភាសា​ខ្មែរ «​ព្រះអាទិត្យ​រះ​លើ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​» បាន​ញុំ​ា​ង​ឲ្យ​ភ្ញៀវទេសចរ និង​អ្នក​ថតរូប​ជាច្រើន រង់ចាំ​ផ្តិត​រូបភាព​ទាំងនោះ​។ អ្នកទេសចរ ជាពិសេស​អ្នក​ថតរូប​តែម្តង បាន​សម្តែង​ការខកចិត្ត​បន្តិចបន្តួច​ដែរ ត្បិត​អាកាសធាតុ​មិន​អំណោយផល​ចំពោះ​បាតុភូតធម្មជាតិ Equinox នៅពេលនេះ​។​

​តាម​ការព្យាករណ៍ ព្រឹត្តិការណ៍ Equinox លើក​ទី​ពីរ​នៅក្នុង​ឆ្នាំ​២០១៦​នេះ នឹង​ប្រព្រឹត្តិ​ទៅ​ចំ​ថ្ងៃទី​២២-២៣ ខែកញ្ញា​នេះ ដោយ​លើក​ទី​១ គឺ​ចំ​ថ្ងៃទី​២០-២១ មីនា​។ ព្រឹត្តិការណ៍​នេះ បាន​ទាក់ទាញ​អ្នកទេសចរ ក៏ដូចជា​អ្នក​និយម​ថតរូប​ជាច្រើន រៀងរាល់ឆ្នាំ​។ ដូច​រាល់​ឆ្នាំ​ដែរ ឆ្នាំនេះ​អ្នកទេសចរ​ជាតិ និង​អន្តរជាតិ​រាប់ពាន់នាក់ បាន​រង់​ចាំមើល​ព្រឹត្តិការណ៍ Equinox យ៉ាង​យកចិត្តទុកដាក់​។​

​លោក ពៅ អរុណ ជា​អ្នក​ថតរូប​ម្នាក់ ដែល​ទៅ​រង់ចាំ​ផ្តិត​រូបភាព Equinox​។ លោក អរុណ បាន​សម្តែង​កា​រខត​ចិត្ត​ខ្លះ​ដែរ ព្រោះ​មិនបាន​ថតរូប​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​អង្គរវត្ត​បាន ត្បិត​មាន​ពពក​ច្រើន​។ យ៉ាងណា លោក អរុណ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​នឹង​ព្យាយាម​ម្តងទៀត​នៅ​ឆ្នាំក្រោយ និង​មិន​អស់សង្ឃឹម​ឡើយ​។​

​ចំណែក​លោក សុ​ផុន ដែលជា​អ្នក​ភ្នំពេញ ខំ​ធ្វើដំណើរ​តាំងពី​ម្សិលមិញ ក្នុង​បំណង​មក​មើល​ថ្ងៃ​រះ​ចំ​កំពូល​ប្រាសាទ​នៅ​ថ្ងៃទី​២៣ កញ្ញា​។ សម្រាប់​លោក សុ​ផុន លោក​មាន​អារម្មណ៍​សប្បាយរីករាយ ដែល​បានមក​ឃើញ​ព្រឹត្តិការណ៍​ផ្ទាល់​នៅ​ប្រាសាទអង្គរវត្ត ទោះជា​ទិដ្ឋភាព​នោះ​មិន​ស្រស់ស្អាត​ដូច​រាល់​ឆ្នាំ​ក៏ដោយចុះ​។ «​បើ​មាន​ពេលវេលា និង​ឳ​កាស​ផ្តល់​ឲ្យ ខ្ញុំ​នឹង​មក​ម្តងទៀត​នៅ​ឆ្នាំក្រោយ​។ វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​កម្រ​នឹង​កើតមាន​លើ​ប្រាសាទ​ផ្សេងទៀត​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុ​ផុន​។​

​ក្រៅពី​ភ្ញៀវទេសចរ​អន្តរជាតិ ដែល​គេ​សង្កេតឃើញថា​មាន​ចំនួន​ច្រើន​ហើយ​នោះ ក្នុងនោះ​សោត​ក៏មាន​ទេសចរ​ក្នុងស្រុក​ច្រើន​ដែរ ដែល​ខំ​ស្កាត់​ពី​បណ្តា​ខេត្ត​ឆ្ងាយ ដោយ​ចង់ឃើញ​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ​។ អ្នកទេសចរ​ខ្លះ​មាន​មកពី​ភ្នំពេញ និង​ខ្លះទៀត​មកពី​ខេត្តកណ្តាល ដែល​ពួកគេ​បាន​ជួល​ឡាន ជា​លក្ខណៈ​ដំណើរ​កម្សាន្ត​តែម្តង​។​

​អ្នកស្រាវជ្រាវ​ផ្នែក​បុរាណវិទ្យា​នៃ​អាជ្ញាធរ​ជាតិ​អប្សរា លោក អ៊ឹម សុខ​រិទ្ធី បាន​ឲ្យ​ដឹងថា ការ​រិះ​របស់​ព្រះអាទិត្យ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នៅ​ព្រឹក​មិញ គឺមាន​ភាពលម្អៀង​ខ្លះ​។ លោក​ពន្យល់ថា មូលហេតុ​ដោយសារ​ដំណើរ​គោចរ​របស់​ឆ្នាំ​នីមួយៗ តែង​លើស​កន្ទុយ​គ្នា​បន្តិចបន្តួច​៕