វ៉ា​រថយន្ត​មិន​មើល ជ្រុល​ទៅ​បុក​រថយន្ត​១​គ្រឿង​ទៀត​បោក​ក្បាល​ស្លាប់

រាជធានី​ភ្នំពេញ ៖  នៅ​វេលា​ម៉ោង​៨​និង​៣០​យប់ ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ស្ថិត​តាម​បណ្ដោយ​ផ្លូវ​២០១១ ភូមិ​ដំណាក់ សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ  មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្ដាល​ឲ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​បានឃើញ បុរស​ជា​ជន​រង​គ្រោះ​ឈ្មោះ​វៀន អាយុ​២៧​ឆ្នាំ រស់នៅ​ភូមិ​គោ​គ​លៀស សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ បាន​ជិះ​ម៉ូតូ​សង់​កូរ៉េ  អត់​មាន​ស្លាក​លេខ តែ​ម្នាក់ឯង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។

លុះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ មុខ​ផ្ទះ​ដេប៉ូ​លក់​ភេសជ្ជៈ ឧត្តម ស្រាប់តែ​ជន​រង​គ្រោះ​បន្ថែម​ល្បឿន​ម៉ូតូ ដើម្បី​វ៉ា​រថយន្ត​ដែល​បើកបរ​នៅ​ខាង​មុខ​ខ្លួន​។ ជា​អកុសល ខណៈ​ដែល​កំពុង​វ៉ា​នោះ​ក៏​ស្រាប់តែ​ជន​រង​គ្រោះ​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​បើកបរ​ក្នុង​ទិស​ដៅ​ផ្ទុយ​គ្នា ម៉ាក​នី​សាន់ ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AA-1294 ចំ​ពីមុខ​ផ្នែក ខាងឆ្វេង បណ្ដាល​ឲ្យ​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​មួយ​រំពេច​។

ក្រោយ​ពេល​កើតហេតុ ម្ចាស់​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់ រីឯ​សាកសព​ដេក​ស្លាប់ ក្នុង​ថ្លុកឈាម​កណ្ដាលផ្លូវ​រង់ចាំ​សាច់ញាតិ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជាមួយ​គ្នា​នោះ​ដែរ​កម្លាំង​ចរាចរណ៍​ផ្លូវគោក​ខណ្ឌ​សែន​សុខ បាន​សណ្ដោង​រថយន្ដ និង​ម៉ូតូ​ជន​រង​គ្រោះ​ទៅ​កាន់​ចរាចរណ៍​ក្រុង​រង់ចាំ​ភាគី​ទាំង​សងខាង មក​ដោះស្រាយ​ជា​ក្រោយ​៕