ឥណ្ឌា​ទិញ​យន្តហោះ​ចម្បាំង Rafale ពី​បារាំង​តាម​ឲ្យ​ទាន់​ចិន​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-23-2016, 10:39 pm         295

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ឥណ្ឌា​ទិញ​យន្តហោះ​ចម្បាំង Rafale ពី​បារាំង​តាម​ឲ្យ​ទាន់​ចិន​យន្តហោះបារាំង Rafale​គណៈកម្មាធិការ​សន្តិសុខ​នៃ​គណៈរដ្ឋមន្ត្រី​ឥណ្ឌា​បានអនុញ្ញាត​ឲ្យ​ឥណ្ឌា​ទិញ​យន្តហោះ​ចម្បាំង Rafale ចំនួន ៣៦ គ្រឿង​ពី​បា​រាំងជា​ផ្លូវការ កាលពី​ថ្ងៃ​ពុធ​ទី ២១​កញ្ញា​។ ការសម្រេច​ឲ្យ​មានការ​នាំចូល​យន្តហោះ​ចម្បាំង​បារាំង​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព​កងទ័ព​ឥណ្ឌា​ដើម្បី​ទប់ទល់​មហា​យក្ស​ចិន​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ក្រោយ​ចំណាយ​ពេលវេលា​ចរចា​គ្នា​អស់​ជាច្រើន​ឆ្នាំ ឥណ្ឌា​បានសម្រេច​ទិញ​យន្តហោះ​ចម្បាំង​ម៉ាក « Rafale» ចំនួន ៣៦​គ្រឿង ពី​បារាំង​កាល​ថ្ងៃ​ពុធ​ទី ២១ កញ្ញា​។ គណៈកម្មាធិការ​សន្តិសុខ​នៃ​គណៈរដ្ឋមន្ត្រី​របស់លោក នា​រិ​ន្ទ្រា ម៉ូ​ឌី (Narendra Modi) ជា​អ្នកទទួលបន្ទុក​អនុម័ត​គម្រោង​នាំចូល​សព្វាវុធ​នេះ​។​

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន AFP គណៈរដ្ឋមន្ត្រី​ឥណ្ឌា​បានផ្តល់​ភ្លើង​ខៀវ​ចំពោះ​គម្រោង​ទិញ​សព្វាវុធ​ពី​បារាំង​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ​នេះ​។ ហើយ​ភាគី​បារាំង​និង​ឥណ្ឌា​ចាប់ផ្តើម​ពិភាក្សាគ្នា​បន្ត​និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ចម្បាំង​នេះ​នៅ​ពីថ្ងៃ​សុក្រ​ទី ២៣ កញ្ញា​នេះ​។​

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងការពារជាតិ​ឥណ្ឌា​ម្នាក់​ដែល​មិនបាន​បង្ហាញ​អត្តសញ្ញាណ​បាន​ថ្លែងថា​៖​​«​សំណើ​ទិញ​យន្តហោះ​ចម្បាំង​នេះ​ត្រូវបាន​អនុ​ញ្ញ​ត​ហើយដោយ​គណៈរដ្ឋមន្ត្រី​លោក ម៉ូ​ឌី ហើយ​។ ហើយ​ការចុះហត្ថលេខា​ជា​ផ្លូវការ​ដោយ​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​និង​បារាំង​ត្រូវធ្វើឡើង​នៅ​ថ្ងៃ​សុក្រ​ទី​២៣​កញ្ញា​នេះ​»​។

​ការិយាល័យ​ប្រធានាធិបតី​បារាំង​បានបញ្ជាក់​នៅ​ថ្ងៃ​ពុធ​ទី ២១​កញ្ញា​ដែរ​ថា ប្រធានាធិបតី​ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បានស្នើ​ឲ្យ​រដ្ឋមន្ត្រី​ការពារជាតិ​បារាំង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​ឥណ្ឌា និង​ចុះហត្ថលេខា​នៅ​ថ្ងៃ​សុក្រ​នេះដែរ​។

​យ៉ាងណាក៏ដោយ គេ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ​ទេពី​តម្លៃ​ជារួម​នៃ​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​ប្រដេញ​នេះ​។ ប៉ុន្តែ​សារព័ត៌មាន​ឥណ្ឌា បាន​ចុះផ្សាយ​កន្លងមក​ថា កិច្ចព្រមព្រៀង​ទិញ​យន្តហោះ ៣៦​គ្រឿង​នេះ​មានតម្លៃ​ប្រហែល ៨,៨ ពាន់​លាន​ដុល្លារ​អាមេរិក​។​

​ឥណ្ឌា​កំពុង​ចំណាយលុយ​ច្រើនសន្ធឹក​សន្ធាប់​ដើម្បី​ធ្វើ​ទំនើបកម្ម​យោធា ដោយ​នាំចូល​អាវុធ​យ៉ាងច្រើន​ពី​បរទេស​។ ហើយ​មហា​យក្ស​អាស៊ី​ខាងត្បូង​នេះ​ក៏​កំពុង​ក្រសោប​អាមេរិក​ហើយ​ចុះ​កិច្ចព្រមព្រៀង​គាំទ្រ​ភ័ស្តុភារ​យោធា​ជាមួយ​អាមេរិក​ទៀត​។ វា​ជាការ​ត្រៀមខ្លួន​ដើម្បី​ទប់ទល់​ការកើនឡើង​នៃ​ឥទ្ធិពល​របស់​មហា​យក្ស​ចិន​ដែលជា​មិត្ត​ជិតខាង​របស់​ឥណ្ឌា​នេះ​ស្រាប់​។​

​តាមពិតទៅ​ឥណ្ឌា​និង​បារាំង​បាន​ចំណាយពេល​វេលា​ចរចា​ទិញ​យន្តហោះ​ចម្បាំង​នេះ​អស់​ប្រហែល​៤​ឆ្នាំ ប៉ុន្តែ​គម្រោង​នេះ​ជួប​បញ្ហា​ជាច្រើន​។ ឥណ្ឌា ស្នើសុំ​ទិញ​យន្តហោះ Rafale ចំនួន ៣៦ គ្រឿង​ពី​ក្រុមហ៊ុន Dassault របស់​បារាំង  ហើយ​មូលហេតុ​នៃ​ការអូសបន្លាយ​ពេលវេលា​ចរចា​គឺ គូភាគី​ពិបាក​រក​ដាច់ស្រេច​ជុំវិញ​តម្លៃ​យន្តហោះ​។

​ក្រោយមក ពេល​លោក នា​រិ​ន្ទ្រា ម៉ូ​ឌី ទៅ​ទស្សនកិច្ច​នៅ​បារាំង​កាលពី​ឆ្នាំមុន លោក​ក៏បាន​លើកឡើង​ជាថ្មី​ដែរ​ពី​កិច្ចព្រមព្រៀង​ទិញ​យន្តហោះ​នេះ​។ ហើយ​លោក​បញ្ជាក់​ច្បាស់​ថា ឥណ្ឌា​នៅតែ​ចង់​ទិញ​យន្តហោះ​ពី​បារាំង​ដដែល​។ ហើយ​ក្នុងពេល​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ បំពេញ​ទស្សនកិច្ច​នៅ​ឥណ្ឌា​ក្នុង​ខែមករា​ដើមឆ្នាំ​នេះ​ទៀត លោក ក៏បាន​ជំរុញ​ឲ្យ​មានការ​បញ្ចប់​ការចរចា​កិច្ចព្រមព្រៀង​នេះដែរ​។ ប៉ុន្តែ​កាលនោះ​បញ្ហា​តម្លៃ​យន្តហោះ​នៅតែ​ជា​ឧបសគ្គ​នៃ​ការបញ្ចប់​កិច្ចចរចា​៕