កម្មករ​ចាក់​ផ្លូវ​បេតុង​ដេក​ស្លាប់ ក្នុង​ការដ្ឋាន​គ្មាន​អ្នកដឹង !

ខេត្តកំពង់ស្ពឺ ៖ បុរស​ជា​កម្មករ​ចាក់​ផ្លូវ​បេតុង​ម្នាក់​បាន​ដេក​ស្លាប់​នៅ​ក្នុង​ការដ្ឋាន​ដោយ​ពុំ​មាន​អ្នកដឹង លុះ​ព្រឹក​ឡើង​ពេល​ចូល​ធ្វើការ​ទើប​ភ្ញាក់ផ្អើល ហើយ​បាន​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​។ ករណី​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦​នេះ នៅ​ក្នុង​ការដ្ឋាន​សំណង់​ផ្លូវ​បេតុង​ភូមិ​ដក់ពរ សង្កាត់​ស្វាយ​ក្រវាន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។

លោក​វរសេនីយ៍ទោ អ៊ូច ហៀ​ង អធិការ​នគរបាល​ក្រុង​ច្បារមន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ សុខ នឿ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មានស្រុក​កំណើត​នៅ​ភូមិ​ទួល​តា​ហ៊ ឃុំ​ស្មោង​ជើង ស្រុក​កំចាយមា ខេត្តព្រៃវែង​។ លោក​អធិការ​បន្ត​ទៀត​ថា តាម​ការ​បំភ្លឺ​របស់​ឈ្មោះ​ហ៊ុ​ល ហ៊​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ដែល​ជា​អ្នក​ធ្វើ​សំណង់​ជាមួយ​គ្នា​បាន​ប្រាប់​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ បន្ទាប់​ពី​ធ្វើការ​រួច​ជន​រង​គ្រោះ​បាន​ទិញ​ស្រា​អង្គុយ​ផឹក​តែ​ម្នាក់ឯង គេ​ក៏​ធ្វើ​ដំណើរ​ទៅ​បន្ទប់​ជួល​ដើម្បី​ហូប​បាយ និង​សម្រាក​នៅ​ទីនោះ លុះ​ព្រឹក​ឡើង​ពេល​មក​ដល់​ការដ្ឋាន​ក៏​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ​។

លោក​អធិការ​បាន​បន្ត​ទៀត​ថា​ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ថា មាន​មនុស្ស​ដេក​ស្លាប់​រូប​លោក​បាន​រាយការណ៍​ជូន​លោកស្នងការ​ដើម្បី​ជ្រាប និង​សុំ​ឲ្យ​ខាង​ការិយាល័យ​បច្ចេកទេស​ចុះ​មក​ពិនិត្យ​។ តាម​ការ​សាកសួរ​អ្នក​ដែល​នៅ​ធ្វើ​សំណង់​នៅ​កន្លែង​កើតហេតុ​គឺ​ម្នាក់​ៗ​បាន​បំភ្លឺ​ថា​ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ ហើយ​កន្លង​មក​បើ​ទោះបីជា​អ្នកធ្វើការ​ជាមួយ​គ្នា​ហាម និង​មិន​ឲ្យ​ផឹកស្រា​យ៉ាងណា​ក៏​ជន​រង​គ្រោះ​មិន​ស្តាប់​ដែរ ពេល​ខ្លះ​ផឹក​រហូត​ដាច់​បាយ​ក៏​មាន​ដែរ​។

ជន​រង​គ្រោះ​ត្រូវ​បាន​លោក​វរសេនីយ៍ទោ ភោគ ស​ម្បិ​ត្ត នាយការិយាល័យ​បច្ចេកទេស ស្នងការដ្ឋាន​នគរបាល​ខេត្ត អះអាង​ថា បន្ទាប់​ពី​ពិនិត្យ​លើ​ខ្លួនប្រាណ​សាកសព​ជន​រង​គ្រោះ​យ៉ាង​យកចិត្តទុកដាក់​រួច​មក ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ខ្យល់គ​មែន មិន​មាន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ឡើយ​។ សមត្ថកិច្ច​បាន​ធ្វើ​ឯកសារ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​បន្ទាប់​ពី​ពិនិត្យ​រួចរាល់​៕