សង្គមស៊ីវិល​រង​ការ​គំរាម​កំហែង​​​ ​​ខណៈ​​​មន្ត្រី​​ គ.ជ.ប.​​ត្រូវបាន​ផ្តន្ទា​​​ទោស​ឱ្យ​ជាប់ពន្ធនាគារ​​​​៦ខែ​

ក្រុមអ្នកសង្កេតការណ៍អន្តរជាតិបានលើកឡើងថា អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ត្រូវបានផ្ដន្ទាទោសកាលពីម្សិលមិញឱ្យជាប់ពន្ធនាគាររយៈពេល៦ខែ ពីបទរិះគន់មន្ត្រីតុលាការកាលលោកបម្រើការងារជាអ្នកធ្វើយុទ្ធនាការការពារសិទ្ធិមនុស្ស ដោយបង្ហាញច្បាស់ក្រឡែតថា  សង្គមស៊ីវិលកំពុងរងការគំរាមកំហែង។ លោក នី ចរិយា អតីតប្រធានផ្នែកស៊ើបអង្កេតនៅសមាគមសិទ្ធិមនុស្សអាដហុកត្រូវបានរកឃើញពិរុទ្ធភាពពីបទ “បរិហារបង្កាច់កេរ្តិ៍ និងផ្សព្វផ្សាយនូវការអត្ថាធិប្បាយដែលមានបំណងបង្ខិតបង្ខំមន្ត្រីតុលាការដោយខុសច្បាប់” ទាក់ទិនការអត្ថាធិប្បាយរិះគន់ព្រះរាជអាជ្ញា និងចៅក្រមនៅសាលាដំបូងខេត្តសៀមរាប។ លោកក៏ត្រូវបានពិន័យជាប្រាក់៦លានរៀល  (ប្រហែល១.៥០០ដុល្លារ) ផងដែរ។ ដោយត្រូវបានតែងតាំងជាអគ្គលេខាធិការរង គ.ជ.ប. កាលពីខែមករា លោក នី ចរិយា ត្រូវបានចាត់ទុកជាបុគ្គលមានឥទ្ធិពលដែលអាចទប់ទល់បានជាមួយនឹងថ្នាក់ដឹកនាំ គ.ជ.ប. ដែលមកពីគណបក្សប្រជាជនកម្ពុជា នៅមុនការបោះឆ្នោតនាពេលខាងមុខ។  លោកក៏ប្រឈមការចោទប្រកាន់ទាក់ទិនការផ្ដន្ទាទោសលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងផងដែរ។ សាលាដំបូងរាជធានីភ្នំពេញបានបើកសវនាការលើបណ្ដឹងបរិហារកេរ្តិ៍រយៈពេល៤ម៉ោងកាលពីម្សិលមិញជុំវិញហេតុការណ៍កាលពីថ្ងៃទី១២ និងថ្ងៃទី២០ ខែឧសភាឆ្នាំមុន ដែលនៅពេលនោះលោក នី ចរិយា បានធ្វើសន្និសីទកាសែតចំនួនពីរ  ថ្កោលទោសការចាប់កសិករពីរនាក់នៅខេត្តសៀមរាបដាក់ពន្ធនាគារ ដោយចោទពួកគាត់ថាបានរានដីដោយខុសច្បាប់ក្នុងស្រុកវ៉ារិន។ លោក នី ចរិយា បានលើកឡើងនៅពេលនោះថា លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប និងលោក គី រិទ្ធី ចៅក្រមស៊ើបសួរបានដោះស្រាយរឿងក្ដីរបស់កសិករទាំងពីរនាក់នេះដោយមិនត្រឹមត្រូវ ហើយបានផ្តន្ទាទោសពួកគាត់ដោយមិនត្រឹមត្រូវទៀត។ តាមការសាកសួររបស់លោក ឃី ឆាយ ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះកាលពីម្សិលមិញ លោក នី ចរិយា បដិសេធថា លោកមិនបានដាក់សម្ពាធលើសាលាដំបូងខេត្តសៀមរាប ឬចោទប្រកាន់ព្រះរាជអាជ្ញា និងចៅក្រមទាំងនោះពីបទពុករលួយឡើយ។ […]

The post សង្គមស៊ីវិល​រង​ការ​គំរាម​កំហែង​​​ ​​ខណៈ​​​មន្ត្រី​​ គ.ជ.ប.​​ត្រូវបាន​ផ្តន្ទា​​​ទោស​ឱ្យ​ជាប់ពន្ធនាគារ​​​​៦ខែ​ appeared first on The Cambodia Daily.