​​អ៊ុង វីរៈ ​ដាក់​គោល​ដៅ​ហ្វឹកហាត់​ខ្ពស់​សម្រាប់​ខ្លួន​ឯង​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​នៅ PNN

អ្នក​ប្រដាក់​​ប្រភេទ​ទម្ងន់​ធ្ងន់ អ៊ុង វីរៈ បាន​​កំណត់​គោល​ដៅ​របស់​ខ្លួន​​​បង្កើន​ការ​ហ្វឹកហាត់​ខ្ពស់ ដើម្បី​ត្រៀម​ខ្លួន​ចូល​រួម​ប្រកួត​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់ ៧៥​គីឡូក្រាម​របស់​សង្វៀន PNN ​ដែល​គ្រោង​ចាប់​ផ្ដើម​បើក​ការ​ប្រកួត​សប្ដាហ៍​ទី​១ ថ្ងៃ​ទី​២៥ ខែ​កញ្ញា ឆ្នាំ​២០១៦​ខាង​មុខ​នេះ។

 

​​អ៊ុង វីរៈ ​ដាក់​គោល​ដៅ​ហ្វឹកហាត់​ខ្ពស់​សម្រាប់​ខ្លួន​ឯង​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​នៅ PNN

 

ការ​ប្រកួត​​ដណ្ដើម​ខ្សែក្រវាត់​​របស់​សង្វៀន PNN​ ​ប្រភេទ​ទម្ងន់ ៧៥​គីឡូក្រាម​បាន​បើក​​ធ្វើ​សន្និសីទកាសែត​កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន ​​​រដូវ​កាល​​ថ្មី​របស់​សង្វៀន​មួយ​នេះ​មាន​បេក្ខភាព​ចូល​រួម​ចំនួន ៨​រូប​កម្ពុជា​៤​រូប ​​និង​​កីឡាករ​ថៃ​ចំនួន ៤រូប។

 

​​ក្នុង​ការ​ចូល​រួម​នោះ អ៊ុង វីរៈ បាន​ឲ្យ​ដឹង​ថា ​រូប​គេ​បាន​ នឹង​កំពុង​​​បង្កើន​​ការ​ហ្វឹកហាត់​យ៉ាង​ខ្លាំង ​មាន​​ដូច​ជា​​រត់​​ឆ្ងាយ​ជាង​មុន ហាត់​ឡាំ​ចាប់​ឡើង​ជង្គង់​​ជា​មួយ​​កីឡាករ ព្រុំ សណាង ខ្លាំង​ជាង​មុខ ​និង​ពិសេស​សិក្សា​ពី​កម្រិត​ក្បាច់​គុន​របស់​ដៃគូ​​ភាគី​ថៃ។ ​​​ដោយ​មើល​ឃើញ​ពី​សមត្ថភាព​ខ្លាំង​របស់​ដៃ​គូ​ថៃ​ទើប​ធ្វើ​ឲ្យ​ វីរៈ ​បង្កើន​ការ​ហ្វឹកហាត់​ខ្លាំង​បែប​នេះ។

 

​ចំពោះ​ទំនុក​ចិត្ត​វិញ​សិស្ស​គុន​ខ្មែរ​ក្នុង​ក្លឹប​ទ័ព​ឆត្រយោង ៩១១​រូប​នេះ​មាន​ជំនឿ​ចិត្ត​ ៧០​ទៅ​ ៨០​% ​​ក្នុង​ការ​ឡើង​ទៅ​វគ្គ​បន្ទាប់​ឬ​វគ្គ​ផ្ដាច់​ព្រ័ត្រ​។ ជំនឿ​ចិត្ត​​​ខ្ពស់​នេះ​កើត​មក​ពី​ការ​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹកហាត់​ ដែល​ជា​ការ​ត្រៀម​ខ្លួន​របស់​គេ។

 

​​​កម្មវិធី​ដណ្ដើម​ខ្សែក្រវាត់​ប្រភេទ​ទម្ងន់​ធ្ងន់​​របស់​សង្វៀន​ខាង​លើ​នេះ​ កម្ពុជា​មិន​ប៉ះ​គ្នា​នោះ​ទេ​ពោល​គឺ​ខ្មែរ​នៅ​ពូល A ខណៈ​ថៃ​នៅ​ពូល B ការ​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ខ្មែរ​ប៉ះ​ថៃ​។ ​កីឡាករ​កម្ពុជា និង​ថៃ​រូប​ណា​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​​នៅ​តាម​ពូល​នីមួយ​ៗ នឹង​ឡើង​ទៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​តែ​ម្ដង​៕

 ​​អ៊ុង វីរៈ ​ដាក់​គោល​ដៅ​ហ្វឹកហាត់​ខ្ពស់​សម្រាប់​ខ្លួន​ឯង​ដើម្បី​ដណ្ដើម​ខ្សែក្រវាត់​នៅ PNN​កីឡាករ​ខាង​កម្ពុជា

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​​​​