ឆ្លងចរន្តអគ្គិសនីពីស័ង្កសី ឆក់ស្លាប់ស្រ្តីម្នាក់យ៉ាង អាណោចអាធ័ម ពេលទៅធ្វើម្ហូបនៅផ្ទះបាយ

(ពោធិ៍សាត់)៖ ស្ត្រីវ័យក្មេងម្នាក់ យកដៃកាន់ស័ង្កសី ពេលទៅធ្វើម្ហូបនៅផ្ទះបាយ ក៏ត្រូវឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦៖៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចផ្ទះបាយស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិវត្តពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

លោក លីវ សេងហ៊ីម អធិការនគរបាលស្រុកកណ្តៀង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ស្ត្រីវ័យក្មេងដែលឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសីឆក់ស្លាប់នោះ មានឈ្មោះ ប៉ក់ ហានីរ៉ូស្សា ភេទស្រី អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោកអធិការបន្ដថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះបានទៅធ្វើម្ហូបនៅផ្ទះបាយ ហើយបានយកដៃកាន់នឹងស័ង្កសី ពេលប៉ះទៅស្រាប់តែឆ្លងចរន្តអគ្គិសនីតាមរយៈស័ង្កសី ឆក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្តង។ ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនស្ត្រីរងគ្រោះទៅមណ្ឌលសុខភាព តែជាអកុសលស្ត្រីរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។

បច្ចុប្បន្នសាកសពស្ត្រីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ប្រភព ៖

កំណត់ត្រាខ្មែរឡូត៖

នៅឯខេត្ដពោធិ៍សាត់ដូចគ្នា កាលពីខែកញ្ញាកន្លងទៅនេះបានឆក់ស្លាប់បុរសមា្នក់ភ្លាមៗផងដែរ។

បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ដោយសារឆ្លងចរន្តអគ្គិសនី ក្រោយពីយកដុំម៉ូទ័របូមទឹកទៅដាក់ក្នុងទឹកអូរ រួចដោតព្រីភ្លើងជាប់នឹងសសរទាំងដៃនៅសើម។ ហេតុការណ៍នេះ កើតឡើងនៅចំណុចអូរសាបមាត់លើ ស្ថិតក្នុងភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា បុរសដែលស្លាប់នោះ មានឈ្មោះ ភឹម សុខឃឿន អាយុ៣២ឆ្នាំ មានប្រពន្ធឈ្មោះ ពុំ កេសី អាយុ៣២ឆ្នាំ មានទីលំនៅភូមិស្បូវរីក ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

លោកអធិការបន្ដថា នៅវេលាម៉ោង១១៖៥០នាទីព្រឹកម្សិលមិញ ជនរងគ្រោះបានយកដុំម៉ូទ័របូមទឹក ទៅដាក់ក្នុងទឹកអូរ ហើយប្រហែលជាទទឹកខ្លួន ឬសើមដៃ គាត់ក៏បានដោតព្រីភ្លើងជាប់នឹងសសរ ពេលដោតទៅស្រាប់តែឆ្លងចរន្តអគ្គិសនីឆក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង។

ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានព្យាយាមបញ្ជូនគាត់ទៅមណ្ឌលសុខភាព ដើម្បីជួយសង្គ្រោះ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់បង់ជីវិតទៅហើយ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឆ្លងចរន្តអគ្គិសនីពីស័ង្កសី ឆក់ស្លាប់ស្រ្តីម្នាក់យ៉ាង អាណោចអាធ័ម ពេលទៅធ្វើម្ហូបនៅផ្ទះបាយ

ឆ្លងចរន្តអគ្គិសនីពីស័ង្កសី ឆក់ស្លាប់ស្រ្តីម្នាក់យ៉ាង អាណោចអាធ័ម ពេលទៅធ្វើម្ហូបនៅផ្ទះបាយ