ដំណឹង​អាក្រក់​សម្រាប់​អ្នក​ចូលចិត្ត​គេង​ច្រើន​

ដំណឹង​អាក្រក់​សម្រាប់​អ្នក​ចូលចិត្ត​គេង​ច្រើន​

ការ​គេ​ង​បាន​គ្រប់គ្រាន់​គឺជា​រឿង​សំខាន់​ណាស់​សម្រាប់​សុខភាព ប៉ុន្តែ​បើសិនជា​គេង​ច្រើន​ពេក​វា​អាច​ក្លាយទៅជា​អាក្រក់​ចំពោះ​សុខភាព​វិញ​បាន​។ ការ​គេង​ច្រើនជាង ១០​ម៉ោង​ក្នុង​មួយ​ថ្ងៃ​អាច​ផ្តល់​ផលវិបាក​ច្រើន​ដល់​សុខភាព​ណាស់​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​អំពី​បញ្ហា​មួយចំនួន​ដែល​អ្នក​អាច​នឹង​ប្រឈម​បើសិនជា​គេង​ច្រើនពេក​លើសពី​តម្រូវការ​៖

​ជំងឺ​បេះដូង​សរសៃឈាម​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន American Academy of Sleep Medicine បានបញ្ជាក់​ថា ការ​គេង​ច្រើនពេក​ធ្វើឲ្យ​ប្រឈម​ខ្លាំង​នឹង​ជំងឺ​រ៉ាំរ៉ៃ​ជាពិសេស​ជំងឺ​បេះដូង​សរសៃឈាម​តែម្តង​។ តាម​ការសិក្សា​នេះ​ដែរ ស្ត្រី​ដែល​គេង​ប្រហែល ៩ ទៅ​១១​ម៉ោង​គឺ​ប្រឈម​នឹង​ការ​កើត​ជំងឺ​បេះដូង​រហូតដល់ ៣៨​ភាគរយ​ឯណោះ​។

ធាត់​ជ្រុល​
​ការ​គេង​ច្រើនពេក អាច​មានន័យថា​ជាការ​ហាត់ប្រាណ​បាន​តិច ហើយ​ក៏​ធ្វើឲ្យ​ទម្ងន់​រាងកាយ​កើនឡើង​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​ដែរ​។ កាលណា​អ្នក​គេង​កាន់តែច្រើន អ្នក​ពិតជា​មិន​សូវ​ធ្វើ​ការងារ​រាងកាយ​ដើម្បី​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​ឡើយ​។

ឈឺ​ខ្នង​
​នៅ​ពេល​អ្នក​គេង​ច្រើន​ម៉ោង​ពេក សម្ពាធ​ក្នុង​ឆ្អឹង​កង​ខ្នង​អាច​នឹង​កើន​ឡើយ​។ ហេតុដូច្នេះ​ហើយ ក្រោយ​ពី​ភ្ញាក់​ពី​គេង​រយៈពេល​ច្រើន​ម៉ោង​មក អ្នក​ប្រហែលជា​មាន​អារម្មណ៍​ថា ឆ្អឹងខ្នង​ដូចជា​គាំង​ជាមិនខាន​។ ក្រៅពីនេះ បើសិន​ជា​អ្នក​កំពុងតែ​មាន​អា​ការៈឈឺ​ខ្នង​រ៉ាំរ៉ៃ​រួចហើយ អាការៈ​នេះ​អាច​នឹង​កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​។

ជំងឺ​ទឹកនោម​ផ្អែម​
​ការ​គេង​ច្រើន​ក៏​អាច​បណ្តាល​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ឡើង​ខ្ពស់​បាន​ដែរ​។ ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន PLoS One បានបង្ហាញ​ថា អ្នក​ដែល​គេង​ច្រើន​ជ្រុល​ញឹកញាប់ (​លើសពី​៩​ម៉ោង​) ប្រឈម​ខ្ពស់​នឹង​ជំងឺ​ទឹកនោម​ផ្អែម​ជាង​អ្នក​ដែល​គេង​គ្រប់គ្រាន់​ធម្មតា​។

កើត​ជំងឺ​បាក់​ទឹកចិត្ត​
​ការសិក្សា​បាន​បង្ហាញថា ការ​គេង​ច្រើន​ជ្រុល​មាន​ទំនាក់ទំនង​នឹង​ការបាក់​ទឹកចិត្ត​។ ដូច្នេះ​អ្វី​ដែល​គួរ​ធ្វើ​គឺ​កាត់​បន្ថយ​ការ​គេង ដើម្បី​ឲ្យមាន​អារម្មណ៍ល្អ​ឡើងវិញ​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។