​ចេះ​តែ​មាន​អារម្មណ៍​ហើម​ភ្នែក តើ​មាន​ដឹង​ថា​មកពី​ហេតុ​អី​ដែរ​ទេ​? (​ក្រៅពី​គេង​មិន​គ្រប់​)

​ចេះ​តែ​មាន​អារម្មណ៍​ហើម​ភ្នែក តើ​មាន​ដឹង​ថា​មកពី​ហេតុ​អី​ដែរ​ទេ​? (​ក្រៅពី​គេង​មិន​គ្រប់​)

​អ្នក​ប្រហែលជា​ធ្លាប់​ដឹង​ហើយ​ថា ការ​គេង​យប់​ឡើង​មិន​បាន​គ្រប់ សុទ្ធ​តែ​អាច​បណ្តាល​ឲ្យ​ភ្នែក​ទៅ​ជា​ហើម​នៅ​ព្រឹក​ឡើង​បាន​។ ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា ក្រៅពី​គេង​មិន​គ្រប់ ក៏​មាន​កត្តា​ច្រើន​ទៀត​ដែល​នាំ​ឲ្យ​ភ្នែក​ហើម​បានដែរ​។

​អាឡែ​ហ្ស៊ី​
​ការ​ហើម​ភ្នែក​ក៏​អាច​ជា​អាការៈ​មួយដ៏​ញឹកញាប់​នៃអាកា​រៈអាឡែ​ហ្ស៊ី​។ រឿង​ផ្សេងៗ​ដូចជា ការ​គេង​នៅលើ​ខ្នើង​ដែល​មាន​ធូលី​ច្រើន ភួយ​ចាស់ៗ និង​ដុះ​ផ្សិត សុទ្ធតែ​ជា​របស់​ដែល​អាច​បណ្តាលឲ្យ​មាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី និង​បង្ក​ជាការ​ហើម​ភ្នែក​បាន​ទាំងអស់​។

​ក្តៅ​
​ការ​អង្គុយ​នៅក្នុង​បន្ទប់​ដែល​មាន​អាកាសធាតុ​ក្តៅៗ​អាច​ធ្វើឲ្យ​ភ្នែក​ស្ងួត និង​ងាយ​នឹង​រលាក​ជាង​ធម្មតា​ណាស់​។ នេះ​ដោយសារ​តែ​កម្តៅ​អាច​ធ្វើឲ្យ​ភ្នា​សមាន​ទឹករំអិល​ស្ងួត ជាពិសេស​នៅ​ជុំវិញ​ភ្នែក ដែល​ជាហេតុ​នាំ​ឲ្យ​ភ្នែក​ទៅ​ជា​រលាក និង​ហើម​បាន​។

ការ​មក​រដូវ​
​អ្នក​អាច​បន្ទោស​ការ​ហើម​ភ្នែក​នេះ​ដោយសារ​តែ​ការ​មក​រដូវ​បាន​។ ធម្មតា​ភ្នែក​របស់​យើង​នឹង​ទាញ​ជាតិ​ទឹក​ច្រើន​ក្នុងពេមក​រដូវ​ប្រចាំខែ ហើយ​ក៏​ក្លាយទៅជា​ហើម​តែម្តងទៅ​។ វា​មិន​ខុសគ្នា​នឹង​ការ​ហើមពោះ​ក្នុង​ពេល​មក​រដូវ​ទេ​។​

​គ្រឿង​ស្រវឹង​
​គ្រឿង​ស្រវឹង​មិន​គ្រាន់តែ​អាច​បង្ក​ឲ្យ​រាងកាយ​ខ្សោះ​ជាតិ​ទឹក​ទេ តែ​ក៏​បណ្តាល​ឲ្យ​ភ្នែក​ស្ងួត និង​ហើម​បានដែរ​។ មនុស្ស​ភាគច្រើន​មាន​និន្នាការ​ញ៉ាំ​អាហារ​មាន​ជាតិ​ប្រៃ​ច្រើន​ជា​មួយ​គ្រឿង​ស្រវឹង ដូច្នេះ​វា​អាច​នឹង​ទាញ​ទឹក​ចូលទៅក្នុង​តំបន់​ភ្នែក​បាន​ដែរ​។

កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​
​ការ​ហើម​ភ្នែក​អាចជា​ផល​រំខាន​មួយ​នៃ​ជំងឺ​កង្វះ​អ័រម៉ូន​ទី​រ៉ូ​អ៊ីត​ដែរ​។ បើសិន​ជា​អ្នក​មាន​ជំងឺ​នេះ​មែន អ្នក​ពិតជា​អាច​មើលឃើញ​ភាព​ក្រាស​នៃ​ខ្លាញ់​នៅ​ជុំវិញ​ភ្នែក​ដែល​ជាហេតុ​នាំ​ឲ្យ​ហើម​ភ្នែក​។

ការ​យំ​
​រឿង​នេះ​នរណា​ក៏​ដឹង​ដែរ ដែល​ថា​ការ​យំ​បណ្តាល​ឲ្យ​ហើម​ភ្នែក​បាន​។ វា​គឺជា​ការផលិត​នៃ​ក្រពេញ​ទឹកភ្នែគ​ក្នុង​ភ្នែក ហើយ​កាលណា​ការផលិត​របស់​វា​ច្រើន​ជ្រុល វា​អាច​បណ្តាល​ឲ្យ​ជាលិកា​ជុំវិញ​ភ្នែក​ទៅ​ជា​ប៉ោង​បាន​។

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី24 
កញ្ញា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។