ប្រជាជនចិនបង្ហាញភាពខឹងសម្បារជាខ្លាំង លើការជួសជុលដ៏អាក្រក់នៃមហាកំពែងកេរ្តិ៍ពីបុព្វបុរស

(ប៉េកាំង)៖ អ្នកប្រើប្រាស់បណ្តាញសង្គមក្នុងប្រទេសចិន បានបង្ហាញការខឹងសម្បារជាខ្លាំង លើការជួសជុលផ្នែកមួយនៃមហាកំពែងចិន ដែលមានអាយុកាលប្រមាណ ៧០០ឆ្នាំ ដោយបានធ្វើការ ហុំព័ទ្ធផ្នែកដែលខូតខាតដោយស៊ីម៉ង់ត៍ និងប្រែក្លាយវាទៅជាផ្លូវរាបស្មើមិនដូចគំរូដើមសោះឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

រូបភាពដែលត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម បានបង្ហាញឲ្យឃើញថា អ្នកជួសជុល បានធ្វើការបៀកស៊ីម៉ង់ត៍ដ៍ហុំពីលើកន្លែងខូចខាតនោះ ដោយគ្មានសោភ័ណ្ឌភាពអ្វីសោះ ដោយអ្នកប្រើប្រាស់បណ្តាញសង្គមចិន Weibo ម្នាក់បានសរសេរថា «នេះវាដូចជាការងាររបស់មនុស្ស មួយក្រុមដែលមិនបានរៀនចប់ត្រឹមបឋមសិក្សា ហើយបើធ្វើការជួសជុសបែបនេះ គួរតែបំផ្ទុះវាចោល វិញល្អជាង»។ អ្នកប្រើប្រាស់ដ៏ទៃៗទៀត ក៏ធ្វើការស្តីបន្ទោស រិះគន់ដល់ការជួសជុសស្ថាបនា ដែលធ្វើឲ្យរួចតែពីដៃនេះដែរ។

Loading...

មួយវិញទៀត មិនត្រឹមតែប្រជាពលរដ្ឋចិនធម្មតាប៉ុណ្ណោះទេ ដែលមានភាពមិនពេញចិត្ត នឹងការជួសជុលមហាកំពែងរបៀបនេះ សូម្បីតែអនុប្រធាននាយកដ្ឋានវប្បធម៌ប្រចាំខេត្ត Liaoning ក៏បានទទួលស្គាល់ថា «ការជួសជុសនេះពិតជាអាក្រក់មើលណាស់» ដែរ។ ផ្នែកដែលត្រូវបាន គេជួសជុលខាងលើ គឺជាផ្នែកដែលស្រស់ស្អាតជាងគេ របស់មហាកំពែងចិន ដែលលាតសន្ធឹង ប្រវែងប្រាំគីឡូម៉ែត្រនៅខេត្ត Liaoning ភាគឦសានប្រទេសចិន និងត្រូវបានកសាងឡើង នៅឆ្នាំ១៣៨១ក្នុងរជ្ជកាលមីង។

គួរបញ្ជាក់ថា មកដល់ពេលនេះ ៣០ភាគរយនៃបេតិកភណ្ឌពិភពលោកមួយនេះ បានរងការខូចខាត ដោយសារតែគ្រោះធម្មជាតិ ក៏ដូចសកម្មភាពធ្វេសប្រហែសរបស់មនុស្ស ដូចជាការលួចថ្មមហាកំពែងយកទៅសង់ផ្ទះជាដើម៕

ប្រជាជនចិនបង្ហាញភាពខឹងសម្បារជាខ្លាំង លើការជួសជុលដ៏អាក្រក់នៃមហាកំពែងកេរ្តិ៍ពីបុព្វបុរស

ប្រភព៖ freshnewsasia