កាត់ទោស​លោក នី ចរិយា ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាង​ខ្លាំងក្លា​

ការដែល​តុលាការ​កំពូល​នៃ​ប្រទេស​កម្ពុជា សម្រេច​ផ្ដន្ទាទោស​លើ​លោក នី ចរិយា អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​(​គ​.​ជ​.​ប​) បានធ្វើ​ឲ្យ​មន្ត្រី​អង្គការសិទ្ធិមនុស្ស​អន្តរជាតិ ក៏ដូចជា​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងប្រទេស​កម្ពុជា​រិះគន់​យ៉ាងខ្លាំង​ក្លា​។ មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា បាន​ប្រតិកម្ម​ចំពោះ​ការផ្ដន្ទាទោស​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប ដោយ​លើកឡើងថា​តុលាការ​ពុំមាន​បង្ហាញ​ភស្តុតាង​គ្រប់គ្រាន់​សម្រាប់​ការចោទប្រកាន់​លោក នី ចរិយា ឡើយ​។ ចំណែក​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​បាន​រិះគន់ថា ការផ្ដន្ទាទោស​លោក នី ចរិយា អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដំណើរ​ការរៀបចំ​បោះឆ្នោត ព្រោះ​លោក នី ចរិយា គឺជា​មន្ត្រី​សំខាន់​ក្នុង​ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​។

​មន្ត្រី​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា លោកស្រី វ៉ាន់ ហ៊ា​លី បាន​លើកឡើងថា​ដោយសារតែ​សេរីភាព​សម្ដែង​មតិ​រាប់បញ្ចូល​ទាំង​សិទ្ធិ​ក្នុងការ​សម្ដែង​មតិ​លើ​ការសម្រេច​របស់​តុលាការ​នោះ មូលដ្ឋាន​នៃ​ការផ្ដន្ទាទោស​លោក នី ចរិយា គឺ​ផ្ទុយទៅនឹង​ច្បាប់​សិទ្ធិមនុស្ស​។ លោកស្រី​បានបញ្ជាក់​ទៀតថា ការកាត់ទោស​ដោយ​គ្មាន​ភស្ដុតាង​ឬ​មិនមាន​ហេតុផល​ច្បាស់លាស់​ផ្នែក​ផ្លូវច្បាប់ គឺជា​ហេតុផល​ចម្បង​ដែល​ធ្វើ​ឲ្យ​ប្រព័ន្ធតុលាការ​បាត់​តម្លៃ​។ ជាងនេះទៅទៀត​សេចក្ដីសម្រេច​របស់​តុលាការ​កំពុងតែ​ធ្វើ​ឲ្យ​កេរ្តិ៍ឈ្មោះ​តុលាការ​កាន់តែ​អាក្រក់​ខ្លាំង​ថែមទៀត ហើយក៏​បង្ហាញ​ដែរ​ថា​ហេតុអ្វី​បានជា​ត្រូវ​កែទម្រង់​ប្រព័ន្ធតុលាការ​ជាបន្ទាន់​។ ទន្ទឹមនឹងនេះ​ក្រុមអ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ក្នុងខណៈដែល​អគ្គលេខាធិកា​រ​រង គ​.​ជ​.​ប មួយរូប​ត្រូវ​ផ្ដន្ទាទោស ហើយ​មិនអាច​បំពេញការងារ​រ​បស់​ខ្លួន​បាន​។

ចំណែក​មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុងស្រុក​បានលើកឡើង​ថា សាលក្រម​ដែល​សម្រេច​ផ្ដន្ទាទោស​លោក នី ចរិយា អគ្គលេខាធិការរង គ​.​ជ​.​ប គឺជា​សញ្ញា​មួយ​ដេ​ល​គំរាមកំហែង​ដល់​អ្ន​ការពារ​សិទ្ធិមនុស្ស​ទាំងឡាយ​ដែល​តែងតែ​រិះគន់​លើ​ប្រព័ន្ធតុលាការ និង​រិះគន់​ទៅលើ​ភាពអយុត្តិធម៌​ទាំងឡាយ​ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ក៏ដូចជា​ជំរុញ​ឲ្យ​មានការ​កែទម្រង់​ប្រព័ន្ធតុលាការ​។ មានន័យថា​ការផ្ដន្ទាទោស​លោក នី ចរិយា អតីតមន្ត្រី​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក និង​ជា​អគ្គលេខាធិការរង គ​.​ជ​.​ប ឲ្យ​ជាប់ពន្ធនាគារ​៦​ខែ និង​ពិន័យ​ជា​ប្រាក់​៦​លាន​រៀល គឺជា​ការគំរាមកំហែង​ទៅលើ​អ្នក​ដែល​ហ៊ាន​រិះគន់​ប្រព័ន្ធយុត្តិធម៌​។ ក្រុមអ្នកច្បាប់​ពី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន​បាន​រិះគន់ថា ការផ្ដន្ទាទោស​លោក នី ចរិយា ដូចខាងលើ​នេះ​គឺជា​រឿង​មិន​សម​ស្របតាម​នីតិវិធី​ឡើយ ព្រោះ​តុលាការ​ពុំមាន​ភស្ដុតាង​ច្បាស់លាស់​ដើម្បី​ដាក់បន្ទុក​ទៅលើ​ជនជាប់ចោទ​នោះទេ​៕

1425575092

លោកស្រី វ៉ាន់ ហ៊ា​លី

img_20160615_094546

លោក នី ចរិយា