ព្រៃ​ឡង់​ក្នុង​ឃុំ​មាន​រិ​ទ្ធ ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​មាន​រិ​ទ្ធ និង​ឃុំ​ដងកាំបិត ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​ពុំមាន​ការថយចុះ​នោះទេ​។ តំណាង​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ឃុំ​ដងកាំបិត មួយរូប​បាន​ឲ្យ​ដឹងថា ក្រោយពេល​ព្រៃ​ឡង់​ត្រូវ​បានដាក់​ជា​តំបន់​ការពារ​និង​អភិរក្ស គឺ​បទល្មើស​កាប់​ឈើ​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅតែ​កើតឡើង​ដូច​មុន​ដដែល​។ បញ្ហា​នេះ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ព្រោះ​បទល្មើស​កាប់​ឈើ​ក្នុង​តំបន់​ព្រៃ​ឡង់​នៃ​ឃុំ​ទាំងពីរ​ខាងលើ នៅតែ​កើតឡើង​ឥតឈប់ឈរ ហើយ​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ធំ ពុំមាន​លទ្ធភាព​ក្នុងការ​បង្ក្រាប​បទល្មើស​ឡើយ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បាន​លើកឡើងថា មន្ត្រី​បរិស្ថាន​ការពារ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ពុំមាន​លទ្ធភាព​បង្ក្រាប​បទល្មើស​ដែល​នៅតែ​បន្ត​កើតមាន​នោះទេ ហើយ​ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា មន្ត្រី​ជំនាញ​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ទៀតផង​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​បានកត់សម្គាល់​ទៀតថា មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​សណ្ដាន់ មិន​បង្ក្រាប​បទល្មើស​ដែល​កំពុង​កើតឡើង​យ៉ាង​រាលដាល​នោះទេ ព្រោះ​ខ្លាច​បាត់បង់​ផលប្រយោជន៍ ហេតុនេះហើយ​ទើប​ពួកគេ​ឃុបឃិត​ជាមួយ​ឈ្មួញ​ធំៗ​ដើម្បី​ជា​ថ្នូរ​នឹង​ផលប្រយោជន៍​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​មាន​រិ​ទ្ធ បាន​អះអាងថា​រាល់ថ្ងៃ​មាន​បទល្មើស​ដឹកឈើ​តាម​រទេះគោ​ក្របី និង​គោយន្ត​កន្ត្រៃ​ជាដើម អាច​ប្រព្រឹត្ត​ទៅដោយ​រលូន​ព្រោះ​សមត្ថកិច្ច​មិន​បង្ក្រាប​តាម​តួនាទី​របស់ខ្លួន​នោះទេ​។

បទល្មើស​ព្រៃឈើ​ដែល​កើតឡើង​នៅ​ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ ត្រូវបាន​គេ​រិះគន់​លោក តិ​ប ញាតា នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ ឥតឈប់ឈរ​ព្រោះ​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តកំពង់ធំ​រូបនេះ បណ្ដោយ​ឲ្យ​បទល្មើស​កើតឡើង​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​សណ្ដាន់ បាន​រិះគន់ថា នៅពេលដែល​ពួកគាត់​ដឹកអុស​ចេញពី​ព្រៃ​បន្តិចបន្តួច​ត្រូវ​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​បរិស្ថាន ចាត់វិធានការ​បង្ក្រាប​ផាកពិន័យ​គ្មាន​យោគយល់​បន្តិច​ណា​ឡើយ​។ ប៉ុន្តែ​នៅពេលដែល​ឈ្មួញ​ធំៗ​ដឹកជញ្ជូន​ឈើ​តាម​រថយន្ត​ចេញពី​ស្រុក​សណ្ដាន់ ទៅ​ចែកចាយ​តាម​ដេប៉ូ​ក្នុងស្រុក​បារាយណ៍ និង​ស្រុក​មួយចំនួនទៀត មិនដែល​ឃើញ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​ទាល់តែសោះ​។ ប្រការ​នេះហើយ​ដែល​ធ្វើ​ឲ្យ​ព្រៃ​ឡង់​ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ នៅតែ​ប្រឈម​នឹង​ការបំផ្លាញ​ឥតឈប់ឈរ​ព្រោះ​ឈ្មួញ​ធំៗ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជា​ប្រព័ន្ធ​តែម្តង​៕

14449033_1764233387176685_8391824018053006204_n 14449729_1764233437176680_9000421753930012795_n 14364745_1764233403843350_6021684939870468264_n 14370108_1764233367176687_1528895411265712725_n