អំពើចោរកម្ម ល្បែងស៊ីសង និង​គ្រឿងញៀន កើតឡើង​យ៉ាង​រាលដាល​នៅក្នុង​ខេត្តបាត់ដំបង

​កាលពី​ថ្ងៃទី​២១ ខែកញ្ញា កន្លងទៅ​ថ្មីៗ​នេះ​កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ជាមួយ​កម្លាំង​នគរបាល​ស្រុក​សង្កែ បាន​បើក​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​មួយកន្លែង និង​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​ម្នាក់​បញ្ជូនទៅ​តុលាការ​។ ប្រភពពី​សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាប​ទីតាំង​ទទួលផល​ចោរកម្ម​នោះ បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​បានកើត​ឡើង​នៅ​ភូមិ​អូស​ទូក ឃុំ​កំពង់​ព្រៀង ខេត្តបាត់ដំបង​។ សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ទៀតថា ក្រោយពេល​ទទួលបាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ថា ទីតាំង​ខាងលើ​មានការ​នាំយក​ម៉ូតូ​ចូល​ជា​បន្តបន្ទាប់​និង​បាន​ដោះ​បំបែក​ច្រកចូល​ក្នុង​កេស ហើយ​ដឹកចេញទៅ​កាន់​ខេត្ត​ផ្សេងៗ​ទៀត ទើប​ស្នងការ​នគរបាល​ខេត្តបាត់ដំបង លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ចេញ​បទបញ្ជា​ឲ្យ​បង្ក្រាប​។

ប្រជាពលរដ្ឋនៅក្នុង​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​នៅ​ក្រុង​បាត់ដំបង ក៏ដូចជា​បណ្ដា​ស្រុក​នានា​រួមមាន ស្រុក​ថ្មគោល ស្រុក​សង្កែ ស្រុក​សំពៅ​លូន ស្រុក​ភ្នំព្រឹក និង​ក្រុង​បាត់ដំបង តែង​កើតមាន​បទល្មើស​ផ្សេងៗ​គួរ​ឲ្យ​ព្រួយបារម្ភ​។ ជាពិសេស​អំពើចោរកម្ម​លួច​ប្លន់ នៅតែ​កើត​ឡើងជា​បន្តបន្ទាប់ ហើយ​ល្បែងស៊ីសង​ដូចជា កន្ទុយលេខ ភ្នាល់​បាល់ទាត់ បៀ​អាប៉ោង បញ្ជល់មាន់ និង​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ពុំមាន​ការថយចុះ​នោះទេ​។ ជាងនេះទៅទៀត​បទល្មើស​ជួញដូរ​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន ក៏​កំពុង​កើតឡើង​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ ព្រោះ​សមត្ថកិច្ច​បង្ក្រាប​មិនចេះ​អស់​ឡើយ ផ្ទុយទៅវិញ​បទល្មើស​កើតឡើង​កាន់តែច្រើន ហើយ​យុវវ័យ​មួយចំនួន​កំពុង​រងគ្រោះ​ដោយសារ​គ្រឿងញៀន​។

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​សង្កាត់​នានា​ក្នុង​ក្រុង​បាត់ដំបង​ដូចជា សង្កាត់​ស្វាយប៉ោ​ជាដើម បាន​ឲ្យ​ដឹងថា​ចាប់តាំងពី​លោក ប៉ាង ហៀ​ង ចូលកាន់​តំណែង​ជា​អធិការនគរបាល​ក្រុង​បាត់ដំបង ជំនួស​លោក យឹម វិចិត្រ គឺ​បទល្មើស​ផ្សេងៗ​ពុំមាន​ការថយចុះ​នោះទេ​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ល្បែងស៊ីសង​គ្រប់​ប្រភេទ​នៅតែ​កើតឡើង​យ៉ាង​ពេញបន្ទុក​ដដែល ជាពិសេស​ល្បែងភ្នាល់​តាម​ប្រព័ន្ធ​អ៊ី​ន​ធឺ​ណេ​ត ដែល​កូន​ឧកញ៉ា​មានអំណាច​ម្នាក់​កំពុងបើក​លេង​ក្នុង​ក្រុង​បាត់ដំបង មិនឃើញ​សមត្ថកិច្ច​នគរបាល និង​មន្ត្រី​អាជ្ញាធរ ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ស ថេត ស្នងការ​នគរបាល​ខេត្តបាត់ដំបង និង​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ចាត់វិធានការ​ពង្រឹង​សន្តិសុខ​សង្គម​ឡើងវិញ ឲ្យ​ស្របតាម​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៩​ចំណុច ជាពិសេស​ត្រូវ​លុបបំបាត់​ល្បែងស៊ីសង គ្រឿងញៀន និង​អំពើចោរកម្ម​ប្រកបដោយ​ប្រសិទ្ធភាព​៕

14445384_1598321800463396_1995417578_n

លោក ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង

img_5431 img_5428 img_5429