ជំនន់​ទឹកភ្លៀង​កំពុង​វាយលុក​ហូរ​កាត់​ផ្លូវជាតិ​លេខ​5​ស្ទះចរាចរណ៍

ខេត្តកំពង់ឆ្នាំង ៖ កំណាត់​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៤៩​និង​៥០ ស្ថិត​នៅ​ស្ពាន​តាងរ៉ាង ក្នុងភូមិ​តា​កុ​ល ឃុំ​ពា​នី ស្រុក​កំពង់ត្រឡាច មាន​ប្រវែង​ប្រមាណ​ជាង​១០០​ម៉ែត្រ ត្រូវ​បាន​ជំនន់​ទឹកភ្លៀង​ហូរ​កាត់​ពីលើ ធ្វើ​អោយលំបាក​ក្នុង​ការ​ធ្វើ​ដំណើរ ក៏​បាន​កា្ល​យ​ជា​ការ​កកស្ទះ​ចរាចរណ៍​ជា​ខ្លាំង នៅ​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ។ ទោះ​យ៉ាងណា​ពេល​នេះ​សមត្ថកិច្ច​នគរបាល​ខេត្ត សហការ​ជាមួយ​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​ខេត្ត កំពុង​ដាក់​បាវ​ដីខ្សាច់​ទប់​ជា​ទំនប់ និង​ជួយ​សម្រួល​ចរាចរណ៍​ផង​ដែរ ។

លោក ម៉ាត់ លី អធិការ​នគរបាល​ស្រុក​កំពង់ត្រឡាច​បានអោយ​ដឹង​ថាៈ ពេល​នេះ​កម្លាំង​នគរបាល​ខេត្ត និង​ស្រុក ដែល​ទទួលបញ្ជា​ពី​លោក ប្រាក់ វុ​ទ្ឋី ស្នងការ​នគរបាល​ខេត្ត បានអោយ​ចូលរួម​សហការ​ជាមួយ​មន្ទីរ​សា​រណៈការ​ខេត្ត កំពុង​សម្រួល​ដំណើរ​របស់​ប្រជាពលរដ្ឋ និង​បាន​យក​បាវ​ច្រក​ដី​ទប់​ជា​ទំនប់​តាម​បណ្តោយ​ផ្លូវ ដែល​ទឹក​ហូរ​កាត់ ដើម្បី​សម្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​យានយន្ត ដែល​គិត​ត្រឹម​ម៉ោង​១២​និង​១៥​នាទី​រសៀល​នេះ ទប់​បាន​ប្រមាណ​៨០​ភាគរយ​ហើយ ។ បន្ទាប់​ពី​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​រួច​នឹង​បន្តការងារ​ទប់​ជា​ទំនប់​ទៀត ។

លោក​អោយ​ដឹង​ដែរ​ថាៈ ជំនន់​ទឹកភ្លៀង​នេះ​បាន​ធ្លាក់​ចុះ​មក​ពី​ស្រុក​សាមគ្គី​មាន​ជ័យ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗ​គ្នា​នេះ ។
លោក​អធិការ​បាន​បញ្ជា​ក់ថាៈ ថ្វីបើ​យើង​បាន​ទប់​ដី​ជាប់​មែន តែ​បាន​មួយ​រយៈ​ប៉ុណ្ណោះ បើសិន​ថ្ងៃនេះ​នៅ​ផ្នែក​ខាងលើ​នៅ​មាន​ភ្លៀង​បន្ត​ធ្លាក់​ទៀត ទឹកនឹង​ឡើង​ជន់​លិច​ជាង​នេះ​ជា​ពុំខាន ។

  • អាជ្ញា​ធរមាន​គម្រោង​កែ​លម្អ​ទំនប់​បង្ហៀរ​ស្ពាន​អូរ​ជីក​ដើម្បី​បញ្ចៀស​ការ​រាំងស្ទះ​ចរាចរណ៍

ខេត្តឧត្តរមានជ័យ ៖ ស្ពាន​អូរ​ជីក​ដែល​ជា​ស្ពាន​ប្រវត្តិសាស្ត្រ​កសាង​ដោយ​តា​ម៉ុ​ក អតីត​មេដឹកនាំ​ខ្មែរក្រហម ស្ថិត​នៅ​ភូមិ​អូរ​ចិញ្ចៀន ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង កន្លង​មក​តែង​ទទួល​រង​ការ​លិចលង់​ដោយសារ​ជំនន់​ទឹកភ្លៀង​នៅ​ក្នុង​បឹង​តា​ម៉ុ​ក​ហក់​ឡើង​លិច​ជា​ញឹកញាប់​នា​រដូវវស្សា ដូច្នេះ​ហើយ​ទើប​អាជ្ញាធរ​គ្រោង​ធ្វើការ​ជួសជុល​និង​កែសម្រួល​ឡើង​វិញ​នៅ​រដូវប្រាំង​ខាង​មុខ ។

នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ហោ​ជិន វី​រៈ​យុទ្ធ អភិបាលស្រុក​អន្លង់​វែង នៅ​ថ្ងៃ​ទី​២២ កញ្ញា ខណៈ​ដែល​ស្ថានភាព​ទឹក​ក្នុង​បឹង​តា​ម៉ុ​កបាន​ហក់​ឡើងជា​ថ្មី ហើយ​បាន​បង្ក​ជា​ទឹកជំនន់​ហូរ​កាត់​លើ​ស្ពាន​អូរ​ជីក លិច​រហូត​ដល់​បង្កាន់ដៃស្ពាន ។ ករណី​បែប​នេះ​តម្រូវ​ឱ្យ​អាជ្ញាធរ​បិទផ្លូវ​មិន​ឱ្យធ្វើ​ចរាចរណ៍​ជា​បណ្តោះអាសន្ន ចាប់ពី​យប់​ថ្ងៃ​ទី​២១ ខែកញ្ញា ហើយ​រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២២ ខែកញ្ញា ទើប​ទឹក​ស្រក​ចុះ​បន្តិច​វិញ ដែល​អាច​ឱ្យធ្វើ​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​អូរ​ជីក​បាន ។ នេះ​មិនមែន​ជា​ការ​ជន​លិច​លើក​ទី​១​នោះ​ទេ នា​រដូវ​ស្សា​នេះ ។

ជំនន់​ទឹកភ្លៀង​តែង​កើត​មាននៅ​ពេល​ណា​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​បន្តបន្ទាប់​គ្នា ត្រឹមតែ​រយៈពេល​២​ថ្ងៃ​ទៅ​៣​ថ្ងៃ​នៅ​ស្រុក​អន្លង់​វែង នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ និង​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ ។ ចំណែក​បឹង​តា​ម៉ុ​ក​ដែល​ជា​អាង​ស្តុក​ទឹក​ដ៏​សំខាន់​មួយ តែង​ច្រាល​ជន់​លិច​ស្ពាន​អូរ​ជីក ដោយសារ​កម្លាំង​ទឹកភ្លៀង​ហូរ​មក​ពី​ជួរ​ភ្នំ​ដងរែក ។

ទឹក​ក្នុង​បឹង​តា​ម៉ុ​ក តែង​ហក់​ឡើង​ខ្លាំង​ក្នុង​រយៈពេល​ខ្លី ហើយ​ទំនប់​បង្ហៀរ​ជិត​ស្ពាន​អូរ​ជីក ក៏​មិន​អាច​បញ្ចៀស​ជំនន់​ទឹកភ្លៀង​នេះ​បាន ជា​ហេតុ​ធ្វើ​ឱ្យ​ទឹក​ហូរ​កាត់​លើ​ស្ពាន ។ បើ​ទោះបីជា​ជំនន់​ទឹកភ្លៀង​នេះ ហូរ​កាត់​ស្ពាន​អូរ​ជីក​មាន​រយៈពេល​ខ្លី​ក៏​ពិតមែន តែ​អាជ្ញាធរ​ក៏​បាន​ផ្អាក​ចរាចរណ៍​ឆ្លងកាត់​ស្ពាន​អូរ​ជីក​ជា​បណ្តោះអាសន្ន ដែរ ចៀសវាង​ការ​កើត​មាន​គ្រោះថ្នាក់​ផ្សេង​ៗ​ជាយថាហេតុ ។

ទោះបី​ជំនន់​ទឹកភ្លៀង​លិច​ស្ពាន​អូរ​ជីក ហើយត្រូវ​អាជ្ញាធរ​បិទ​មិន​ឲ្យ​ធ្វើ​ចរាចរណ៍​ឆ្លងកាត់​ជា​បណ្តោះអាសន្ន​ញឹកញាប់​ក្តី តែ​នៅ​មិន​ទាន់​បាន​បង្ក​គ្រោះថ្នាក់​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​បឹង​តា​ម៉ុ​ក​ទេ ។ បើ​តាម​លោក ហោ​ជិន វី​រៈ​យុទ្ធ ឱ្យ​ដឹង​ថា អាជ្ញាធរ​បាន​ស្នើ​សុំ​ទៅ​រាជរដ្ឋាភិបាល​លើ​គម្រោង​ជួសជុល​ទំនប់​បង្ហៀរ​ឡើង​វិញ ដែល​ស្ថិត​នៅ​ខាងលើ​ស្ពាន​អូរ​ជីក ។ ទំនប់​នេះ​ត្រូវ​ហូរ​ច្រោះ​ធ្លាយ​នៅ​បាត​ក្រោម ជា​ហេតុ​មិន​អាច​រក្សា​ទឹកបាន​ច្រើន​សម្រាប់​ប្រើប្រាស់​នៅ​រដូវប្រាំង​ទេ ដូច្នេះ​អាជ្ញាធរ​នឹង​កែ​លំអ​ពង្រីក​ខឿន​បន្ថែម​ទៀត ដែល​អាច​រក្សា​ទឹក​ក្នុង​បឹង​តា​ម៉ុ​ក​ឱ្យ​បាន​ច្រើន​ជាង​មុន ។

លោក​អភិបាលស្រុក​អន្លង់​វែង​បន្ត​ថា ដោយឡែក​ស្ពាន​អូរ​ជីក​ជា​ស្ពាន​កសាង​ដោយ​អតីត​មេដឹកនាំ​ខ្មែរក្រហម តា​ម៉ុ​ក ដូច្នេះ​អាជ្ញាធរ​នឹង​រក្សា​អភិរក្ស​ទុក ហើយ​អាជ្ញាធរ​ក៏​កំពុង​ស្នើ​ទៅ​រាជរដ្ឋាភិបាល​កសាង​ស្ពាន​ថ្មី​មួយទៀត​សម្រាប់​ធ្វើ​ដំណើរ​ឆ្លងកាត់ ពីព្រោះ​ស្ពាន​អូរ​ជីក​សព្វថ្ងៃ ក៏​មាន​សភាព​ចាស់​និង​ខូច​អស់​មួយ​ផ្នែក​ដោ​យ​សារ​តែ​ជំនន់​ទឹកភ្លៀង​វាយប្រហារ​ជា​រៀង​រាល់​ឆ្នាំ ហើយ​ស្ពាន​នេះ​ក៏​មិន​អាច​ទប់​នឹង​ទម្ងន់​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់​ឆ្លងកាត់​បាន​តទៅ​ទៀត​ដែរ ៕