កូរ៉េខាងត្បូង​សារភាពថា ខ្លួន​មាន​ទ័ព​ពិសេស​ត្រៀម​ធ្វើឃាត​លោក គីម ជុង​អ៊ុន​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       September-24-2016, 11:02 am         967

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូរ៉េខាងត្បូង​សារភាពថា ខ្លួន​មាន​ទ័ព​ពិសេស​ត្រៀម​ធ្វើឃាត​លោក គីម ជុង​អ៊ុន​​ក្រសួងការពារជាតិ​កូរ៉េខាងត្បូង បាន​ទម្លាយ​ព័ត៌មាន​ថា ខ្លួន​ពិតជា​មាន​កងកម្លាំង​ពិសេស​ប្រចាំការ​ជាស្រេច​ដើម្បី​សម្លាប់​មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុង​អ៊ុន មែន​។ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បន្តថា ក្រុម​ពិសេស​នឹងធ្វើ​សកម្មភាព​ក្នុងករណី​ដែល​កូរ៉េខាងត្បូង​មាន​អារម្មណ៍​ថា ខ្លួន​រង​ការគំរាមកំហែង​វាយប្រហារ​ដោយ​អាវុធ​នុយក្លេអ៊ែរ​ពី​សំណាក់​កូរ៉េខាងជើង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក Han Min-koo នៅ​ថ្ងៃទី​២១ ខែកញ្ញា បាន​ឆ្លើយ​ប្រាប់​សភា​ថា កងទ័ព​កូរ៉េខាងត្បូង ពិត​ជាមាន​អង្គភាព​ទ័ព​ពិសេស​ដែល​អាច​កម្ទេច​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន មែន​។ ចម្លើយ​របស់​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង គឺជា​ការលាង​ជម្រះ​មន្ទិល​ការសង្ស័យ​ពីមុន​ដែលថា ក្រុង​សេ​អ៊ូ​ល​មាន​ផែនការ​សម្លាប់​មេដឹកនាំ​កូរ៉េខាងជើង ដើម្បី​ផ្ដួលរំលំ​របប​កុម្មុយនីស្ត​ក្រុង​ព្យុងយ៉ាង​។​

​លោក Han Min-koo បន្ថែមថា កូរ៉េខាងត្បូង ពិតជា​មាន​ផែនការ​ប្រើប្រាស់​មី​ស៊ី​ល​ដែលមាន​សមត្ថភាព​ខ្លាំង​របស់ខ្លួន ដើម្បី​កម្ទេច​ទីតាំង​សំខាន់ៗ​របស់​កូរ៉េខាងជើង ក៏ដូចជា​បណ្ដា​មេដឹកនាំ​របប​ក្រុង​ព្យុងយ៉ាង​ដែរ​។ ហើយ​ការបំភ្លឺ​ជា​ចំហ​បែបនេះ ធ្វើ​ឲ្យ​គេឯង​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ដ្បិត​នេះ​ជា​ព័ត៌មាន​រសើប ដែល​អាច​ចាត់ទុកជា​ការសម្ងាត់​ផង​នោះ​។​

​យោងតាម​សារព័ត៌មាន CNN កូរ៉េខាងត្បូង បាន​បង្កើន​សង្គ្រាម​វោហារសាស្ត្រ​របស់ខ្លួន​ប្រឆាំង​មេដឹកនាំ​កូរ៉េខាងជើង​កាន់តែខ្លាំង បន្ទាប់​កូរ៉េខាងជើង​អះអាងថា ខ្លួន​សាកល្បង​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដោយ​ជោគជ័យ​កាលពី​ថ្ងៃទី​៩ ខែកញ្ញា​រួចមក​។ បន្ថែម​ពីលើ​ការសាកល្បង​នេះ កូរ៉េខាងជើង ថែមទាំង​ធ្វើតេស្ត​ម៉ាស៊ីន​រ៉ុក្កែត​ប្រភេទ​ថ្មី ដែលមាន​សមត្ថភាព​បា​ញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក ឆ្លង​ទ្វីប​បាន​ទៀតផង​។​

​យ៉ាងណាក្ដី ក្រសួងការពារជាតិ​កូរ៉េខាងត្បូង ក៏​និយាយ​ដែរ​ថា ផែនការ​របស់ខ្លួន ត្រៀម​សម្រាប់តែ​សេណា​រី​យ៉ូ​អាក្រក់​បំផុត​ប៉ុណ្ណោះ ពោលគឺ​ក្នុងករណី​មានការ​វាយប្រហារ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។ ជាមួយគ្នា​នោះ ក្រសួងការពារជាតិ​កូរ៉េខាងត្បូង​បន្តទៀតថា កូរ៉េខាងជើង​ត្រៀមខ្លួន​រួចរាល់​សម្រាប់​ការធ្វើ​តេស្ត​នុយក្លេអ៊ែរ​លើក​ទី​៦​ហើយ​។ 

​បើតាម​ប្រភពព័ត៌មាន​ដដែល លោក Leem Ho Young ដែលជា​ប្រធាន​ផែនការ​យុទ្ធសាស្ត្រ​របស់​សេនាធិការ​កងទ័ព​កូរ៉េខាងត្បូង ផែនការ​ខាងលើ​ត្រូវ​ហៅថា «​ការសង​សឹក​និង​ការដាក់ពិន័យ​ធ្ងន់ធ្ងរ (Korea Massive Punishment & Retaliation)»​។ ផែនការ​នេះ​រួមបញ្ចូល​ទាំង​ការវាយប្រហារ​មី​ស៊ី​ល អង្គភាព​អាវុធ​សង្គ្រាម​ពិសេស ដែលមាន​សមត្ថភាព​វាយប្រហារ​គោលដៅ​មេដឹកនាំ​កូ​រ៉​ខាងជើង ប្រសិនបើ​កូរ៉េខាងត្បូង រង​ការ​គំរាម​ដោយ​អាវុធ​នុយក្លេអ៊ែរ​មែន​នោះ​៕