បទល្មើស​កាប់​ឈើ​ក្នុងស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ជា​ស្នាដៃ​ឧកញ៉ា និង​ក្រុមហ៊ុន​ខិលខូច​

ប្រជាពលរដ្ឋ​ក្នុងស្រុក​ជ័យ​សែន និង​ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​បច្ចុប្បន្ន​មាន​ឧកញ៉ា​ម្នាក់​ឈ្មោះ ឌី ឌុ​ក ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ក្នុង​ដី​ដែល​គេ​អះអាងថា​ជា​ដី​សម្បទាន​សង្គមកិច្ច​។ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​ទាំងពីរ​ខាងលើ បាន​ឲ្យ​ដឹង​ទៀតថា​រយៈពេល​ប្រមាណ​២​ខែ​មកហើយ ដែល​ឧកញ៉ា ឌី ឌុ​ក ក្រោម​យីហោ​ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុង​សាងសង់​រោងចក្រ​អារឈើ​និង​ប្រមូល​ទិញ​ឈើ​ស្តុក​ទុក​ក្នុង​ដី​សម្បទាន​សង្គមកិច្ច​។ បញ្ហា​នេះ​លោក វេ​ង សាខុន ដែលជា​រដ្ឋមន្ត្រីក្រសួង​កសិកម្ម គួរពិនិត្យមើល​ជាបន្ទាន់ ព្រោះ​ឧកញ៉ា​ ឌី ឌុ​ក កំពុង​កាប់​ឈើ​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​។

មន្ត្រី​តូចតាច​នៅក្នុង​ក្រសួងកសិកម្ម បាន​បង្ហើប​ឲ្យ​ដឹងថា​ការដែល​ឧកញ៉ា ឌី ឌុ​ក និង​លោក សំអឿន សុវណ្ណ ដែលជា​ម្ចាស់​ក្រុមហ៊ុន សំអឿន សុវណ្ណ កពុង​កាប់​ឈើ​ក្រោមលេស​ប្រមូល​ទិញ​អនុផល​ព្រៃឈើ​ពី​ដី​សម្បទាន​សង្គមកិច្ច គឺ​ផ្អែកលើ​អាជ្ញាប័ណ្ណ​ដែល​ចេញ​ដោយ​លោក អ៊ុក រ៉ាប៊ុន អតីតរដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​។ ដោយ​ផ្អែកទៅលើ​អាជ្ញាប័ណ្ណ​ចុះ​ប្រមូល​ផល​និង​អនុផល​ព្រៃឈើ​នោះ​ហើយ ទើប​ឧកញ៉ា ឌី ឌុ​ក ក្រោម​យីហោ​ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងតែ​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​យ៉ាង​គឃ្លើន ហើយ​ថែមទាំង​សាងសង់​រោងចក្រ​អារឈើ​ទៀតផង​។ ប្រភព​ខ្លះ​បាន​ឲ្យ​ដឹងថា​ឧកញ៉ា ឌី ឌុ​ក ប្រមូល​ទិញ​ឈើ​ពី​ប្រជាពលរដ្ឋ​ដែល​កាប់​នៅ​ខាងក្រៅ​បរិវេណ​ដី​សម្បទាន​សង្គមកិច្ច​ផងដែរ ហេតុនេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ​។

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​ឧកញ៉ា ឌី ឌុ​ក និង​ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុង​កាប់​ឈើ​ក្នុង​ដី​ដែល​រដ្ឋាភិបាល​កាត់ចេញ​សម្រាប់ធ្វើ​ប្រទានកម្ម​ឲ្យ​ប្រជាពលរដ្ឋ​ចំនួន​ជាង​៧០០​គ្រួសារ​ដែល​ភាគច្រើន​ជា​ជនជាតិ​កួយ ហើយ​ពុំមាន​មន្ត្រី​អាជ្ញាធរ ឬ​ស្ថាប័ន​ពាក់ព័ន្ធ​ណា​ចាត់វិធានការ​ត្រួតពិនិត្យ​ឡើយ​។ ហេតុនេះហើយ​ទើប​ឧកញ៉ា ឌី ឌុ​ក ជ្រក​ក្រោម​យីហោ​ក្រុមហ៊ុន សំអឿន សុវណ្ណ កំពុងតែ​បំពាន​កាប់​ឈើ​ក្រៅ​បរិវេណ​ដី​សម្បទាន​សង្គមកិច្ច និង​ប្រកាស​ឲ្យ​អ្នកភូមិ​លក់​ឈើ​ឲ្យ​ក្រុមហ៊ុន​ទៀតផង​។ ហេតុនេះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ក៏ដូចជា​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម មិនត្រូវ​មើលរំលង​បទល្មើស​កាប់​ឈើ​របស់​ឧកញ៉ា ឌី ឌុ​ក ក្រោមរូបភាព​ក្រុមហ៊ុន សំអឿន សុវណ្ណ នៅក្នុង​ស្រុក​ឆែប និង​ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ នោះឡើយ​៕

d-duk2-500x333 d-duk1-500x381