ហេតុអ្វី​ស្នងការ​នគរបាល​ខេត្តរតនគិរី មិន​ចាត់វិធានការ​រឿងអាស្រូវ​ពុករលួយ​របស់​អធិការនគរបាល​ស្រុក​អូរ​ជុំ​?

រឿង​អ​ស្រូវ​ពុករលួយ​របស់លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ ខេត្តរតនគិរី ត្រូវបាន​មន្ត្រីក្រោមឱវាទ​ចំនួន​៦១​នាក់ លាតត្រដាង​យ៉ាងច្បាស់​ក្រឡែត​ដើម្បី​ឲ្យ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី បាន​ដឹងឮ​និង​ចាត់វិធានការ​តាម​ស្ថានភាព​ជាក់ស្ដែង​។ ប៉ុន្តែ​រហូតមក​ដល់ពេលនេះ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ធ្វើ​មិនដឹងមិនឮ​អ្វី​ទាំងអស់​ចំពោះ​រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង គឹម​សេង ដែលជា​ហេតុ​ធ្វើ​ឲ្យ​មន្ត្រីនគរបាល​នៅ​ស្រុក​អូរ​ជុំ អស់សង្ឃឹម​យ៉ាងខ្លាំង​។ បញ្ហា​នេះ​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ មិនត្រូវ​មើលរំលង​នោះទេ ព្រោះ​ភស្ដុតាង​នៃ​អំពើពុករលួយ​មាន​រៀបរាប់​ក្នុង​ពាក្យបណ្ដឹង​របស់​មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ​៦១​នាក់​រួចទៅហើយ​។​

រឿងអាស្រូវ​ពុករលួយ​របស់លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ អត្តលេខ​១៩២១២ មានដូចជា​យកលុយ​ពី​មន្ត្រីនគរបាល​ក្រោម​ឱវាទ ចាប់ពី​៥០​ដុល្លារ​ទៅ​១០០​ដុល្លារ​ក្នុង​ម្នាក់ៗ​ដោយ​សន្យា​ជា​ថ្នូរ​នឹង​ការដំឡើង​ឋានន្តរស័ក្ដិ និង​តួនាទី​។ យកលុយ​ពី​អ្នក​ថត​ធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ចំនួន​២​លើក​សរុប​ចំនួន ៥១ ៥១០ ០០០​រៀល គឺ​យក​លើក​ទី​១​គឺ​ឆ្នាំ​២០១៥​ចំនួន ១៤ ០០០ ០០០​រៀល និង​លើក​ទី​២​ឆ្នាំ​២០១៦​ចំនួន ៣៧ ៥១០ ០០០​រៀល​។ ជាងនេះទៅទៀត​លោក ហុង គឹម​សេង កឹ​ប​កេង​ប្រាក់ចំណូល​ក្នុង​អង្គភាព​យកទៅ​ប្រើប្រាស់​ជា​ផលប្រយោជន៍​ផ្ទាល់ខ្លួន និង​បក្ខពួក​មួយ​ក្ដាប់​តូច​។ មន្ត្រីនគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹង​ទៀតថា​លោក ហុង គឹម​សេង ក៏បាន​ចាត់តាំង​មន្ត្រីក្រោមឱវាទ​មួយចំនួន​តូច​ឲ្យ​ប្រមូល​លុយ​ពីបទ​ល្មើស​ព្រៃឈើ​ផងដែរ​។

​មន្ត្រីនគរបាល​ស្រុក​អូរ​ជុំ បាន​ឲ្យ​ដឹងថា​ពួកគេ​កំពុង​អស់ជំនឿ​ទៅលើ​លោក ងួន គឿន ស្នងការ​នគរបាល​ខេត្តរតនគិរី ដែល​មិន​ចាត់វិធានការ​លើ​មន្ត្រី​ពុករលួយ​ដូចជា លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ ដែលជា​ហេតុ​ធ្វើ​ឲ្យ​មានការ​រិះគន់​យ៉ាងខ្លាំង​។ ប្រភពពី​មន្ត្រីនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តរតនគិរី មួយចំនួន​សង្ស័យថា​លោក ងួន គឿន បានទទួល​ផលប្រយោជន៍​មួយផ្នែកធំ​ពី​លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ ទើប​បណ្ដោយ​ឲ្យ​លោក ហុង គឹម​សេង ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​រហូតដល់​កូនចៅ​ក្រោម​ឱវាទ​៦១​នាក់​ប្ដឹង​ឲ្យ​ថ្នាក់លើ​ជួយ​ដោះស្រាយ​។ ហេតុនេះ​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ គួរពិនិត្យមើល​រឿងអាស្រូវ​របស់លោក ហុង គឹម​សេង អធិការនគរបាល​ស្រុក​អូរ​ជុំ​ជាបន្ទាន់ ព្រោះ​ទាល់តែ​មានការ​បើកដៃ​ពី​លោក ងួន គឿន ទើប​មេ​នគរបាល​ស្រុក​អូរ​ជុំ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​៕

14358912_1701982600125289_9036819960544626908_n

លោក ងួន គឿន ស្នងការនគរបាលខេត្តរតនគិរី