បទល្មើស​ទន្ទ្រាន​កាន់កាប់​ដី​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ខេត្ត​ព្រះសីហនុ គឺ​ដោយសារ​អាជ្ញាធរ​គ្មាន​សមត្ថភាព​ទប់ស្កាត់​

សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹងថា មួយរយៈ​ពេល​ចុង​ក្រោយនេះ​មាន​ក្រុម​ជន​អនាធិបតេយ្យ​ជាច្រើន​នាក់​កំពុង​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ភូមិ​គគីរ ឃុំ​បិត​ត្រាំ​ង ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ ក្នុងចំណោម​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ខុសច្បាប់​នោះ គឺមាន​ប្រជាពលរដ្ឋ​មួយចំនួន​ផងដែរ ដោយសារ​អ្នកមាន​លុយ អ្នកមានអំណាច នៅ​ពី​ក្រោយខ្នង​ពួកគាត់​ដើម្បី​ឈ្លៀត​ឱកាស​ស្វែងរក​ផលប្រយោជន៍​។ បញ្ហា​នេះ​ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ធ មិនត្រូវ​បណ្ដែតបណ្ដោយ​តទៅទៀត​ទេ ព្រោះ​លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ ពុំមាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​បទល្មើស​ដែល​កើតឡើង​យ៉ាង​រាលដាល​នោះឡើយ​។

តាម​ប្រភពពី​ប្រជាពលរដ្ឋ​ដែល​តាមដាន​យ៉ាង​ដិតដល់​ចំពោះ​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ មួយចំនួន​បាន​ឲ្យ​ដឹងថា អ្នកមាន​លុយ អ្នកមានអំណាច​ខ្លះ បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ​ចូលទៅ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។ គោលបំណង​របស់​អ្នកមាន​លុយ អ្នកមានអំណាច​ទាំងនោះ គឺ​ប្រសិនបើ​ប្រជាពលរដ្ឋ​អាច​កាន់កាប់​ដី​ទាំង​នោះបាន ស្របច្បាប់​នាពេលខាងមុខ​គឺ​ពួកគេ​អាច​ទិញ​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​តម្លៃថោកៗ ដើម្បី​លក់​យកចំណេញ​។ ហេតុនេះហើយ​ទើប​កើតមាន​ក្រុម​ជន​អនាធិបតេយ្យ​ជាច្រើន​ក្រុម ដែល​អ្នកខ្លះ​មកពី​ខេត្តកោះកុង និង​អ្នក​ខ្លះទៀត​មកពី​តំបន់​ស្ពាន​ឆេះ ខេត្ត​ព្រះសីហនុ ព្រមទាំង​អ្នករស់នៅ​តំបន់​ឃ្លាំង​លើ តំបន់​ទំនប់រលក និង​អ្នកភូមិ​ពូ​ធឿ​ង​មួយចំនួន​ផងដែរ ដែល​ធ្វើតាម​ការជំរុញ​របស់​អ្នកមាន​លុយ អ្នកមានអំណាច​។

ប្រជាពលរដ្ឋ​បាន​រិះគន់ថា ប្រសិនបើ​លោក យន្ត មីន អនុវត្តន៍​តាម​វិធាន​ការដែល​លោក​ដាក់ចេញ​នាពេល​កន្លងមក​នោះ គឺ​ពុំមាន​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ ឃុំ​បិត​ត្រាំ​ង យ៉ាង​ពេញបន្ទុក​ដូច​សព្វថ្ងៃនេះ​ទេ​។ ប៉ុន្តែ​ដោយសារ​ការប្ដេជ្ញាចិត្តរ​ប​ស់លោក យន្ត មីន គ្រាន់តែ​ជា​រឿង​លេងសើច​ឥតប្រយោជន៍ ទើប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ កំពុង​រាលដាល​យ៉ាង​ពេញបន្ទុក​មួយរយៈ​ពេល​ចុងក្រោយ​នេះ​។ មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ដែល​តាមដាន​ករណីនេះ​បាន​ឲ្យ​ដឹងថា អ្នក​នៅ​ពី​ក្រោយខ្នង​ក្រុម​ជន​អនាធិបតេយ្យ ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​តំបន់​ពយ​ម៉ា​ចូ​វ សុទ្ធតែជា​មន្ត្រី​មានអំណាច អ្នកមាន​លុយ បុណ្យ​ស័ក្ដិធំៗ ជា​មន្ត្រី​កងរាជអាវុធហត្ថ មន្ត្រី​យោធា មន្ត្រីនគរបាល មន្ត្រី​បរិស្ថាន មន្ត្រីរដ្ឋបាល​ព្រៃឈើ​ផងដែរ​។ លើស​នេះ​ទៅទៀត​មាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា អ្នក​នៅ​ពី​ក្រោយខ្នង​ជន​អនាធិបតេយ្យ មាន​ទាំង​មន្ត្រីជាន់ខ្ពស់​ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​ទៀតផង ហេតុនេះហើយ​ទើប​វិធានការ​របស់លោក យន្ត មីន អភិបាលខេត្ត​ព្រះសីហនុ តែងតែ​បរាជ័យ​យ៉ាង​អាម៉ាស់​បំផុត​៕

pic258 pic259