កម្មករសំណង់​អាយុ​៦៦​ឆ្នាំ ម្នាក់​ជិះ​កង់​ប្រុង​ឆ្លងថ្នល់​ត្រូវ​ម៉ូតូ​បើក​បុក​ពីក្រោយ​ស្លាប់​ក្នុង​ថ្លុកឈាម​

ខេត្តកំពង់ឆ្នាំង៖ បុរសចំណាស់ម្នាក់ ជិះកង់ប្រុងឆ្លងថ្នល់ ត្រូវម៉ូតូបើកបរក្នុងល្បឿនលឿន បុកពីក្រោយយ៉ាងពេញទំហឹងបណ្តាលឲ្យដួលបោក នឹងថ្នល់បែកក្បាល ស្លាប់ភ្លាមៗក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង៧និង៤៥នាទីព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ នៅលើផ្លូវជាតិលេខ៥ មុខមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំង ស្ថិតក្នុងភូមិឡទឹកត្រី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

ka-23-09-2016-03

គរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានឲ្យដឹងថា៖ ជនរងគ្រោះលើមានឈ្មោះ អៀវ ទត អាយុ៦៦ឆ្នាំ មានទីលំនៅ ភូមិកោះក្របី សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាកម្មករធ្វើសំណង់នៅសណ្ឋាគារមួយជិតកន្លែងកើតហេតុ ។ គរបាលចរាចរណ៍ក្រុងកំពង់ឆ្នាំងបានបញ្ជាក់ថា មុនពេលកើតហេតុ បុរសរងគ្រោះបានជិះកង់ពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ គាត់បានបត់កងបំរុងឆ្លងថ្នល់ ទៅកន្លែងធ្វើការ ស្រាប់តែត្រូវម៉ូតូមួយគ្រឿង បើកមកពីក្រោយបុកយ៉ាងពេញទំហឹងបណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលនឹងថ្នល់ជាតិស្លាប់នៅនឹងកន្លែងកើតហេតុ។ ចំណែកម៉ូតូបង្កហេតុ បានបើករត់គេចខ្លួនបាត់ ។

ប្រភពដដែលបានបញ្ជាក់ថា៖ ក្នុងពេលកើតហេតុភ្លាមៗនោះដែរ មានម៉ូតូមួយគ្រឿងផ្សេងទៀត បើកបរដោយឈ្មោះ ឡេង សុឃាង អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ បានបើកមកពីក្រោយ គេចពីជនរងគ្រោះ ដួលដេកនៅកណ្តាលថ្នល់ ដួលខ្លួនឯងរងរបួសស្រាល ផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា៖ ភ្លាមៗនោះដែរសមត្ថកិច្ចក៏បានតាមរកម៉ូតូជនបង្ក តែរកមិនទាន់ឃើញនៅឡើយ ។ ចំណែកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹក យកទៅធ្វើបុណ្យតាមប្រពៃណីនៅក្នុងលំនៅដ្ឋាន។ សូមបញ្ជាក់ថាៈ នៅ២ថ្ងៃជាប់គ្នានេះ គឺក្នុងបុណ្យកាន់បិណ្ឌទី៦ និងទី៧ មានមនុស្សស្លាប់៣នាក់ទាំងព្រឹកដោយគ្រោះថ្នាក់ចរាចរណ៍ ដែលករណីទី១គឺកើតនៅស្រុកសាមគ្គីមានជ័យ ដែលរថយន្តធុនធំ១បានបុកម៉ូតូបណ្តាលអោយបី្ត និងប្រពន្ធ២នាក់ស្លាប់ និងករណីទី២ គឺរឿងខាងលើនេះឯង៕ រិទ្ធិ ជ័យ

ka-23-09-2016-04