បារាំង​ចេញ​ច្បាប់ ហាម​ប្រើ​ឧបករណ៍​ប្លា​ស្ទីក ចង់​ឲ្យ​ខ្មែរ​ហាម​ប្រើ​អញ្ចឹង​ដែរ តើ​លោកអ្នក​គាំទ្រ​ទេ​?!

ប្រទេសបារាំង៖ បារាំងជាប្រទេសដំបូងគេបំផុតក្នុងពិភពលោក ដែលបានព្រាងច្បាប់ ហាមប្រើឧបករណ៍ទទួលទានធ្វើពីប្លាស្ទីក ប្រហែលចូលជាធរមាននៅឆ្នាំ ២០២០ ។ ពង្រាងច្បាប់នេះចងធ្វើឡើង ក្រោយពីមានបញ្ជាឲ្យឈប់ប្រើស្បោងប្លាស្ទីកនៅក្នុងភោជនីយដ្ឋានមួយកាលពីខែកក្កដាកន្លងទៅ បញ្ហានេះបានធ្វើឲ្យមានការចាប់អារម្មណ៍ពីពលរដ្ឋបារាំងគ្រប់មជ្ឈដ្ឋានចំពោះផលប៉ះពាល់សុខភាព។

វេបសាយវ័រស៊ីងតុនប៉ុស្តិ៍ របស់សហរដ្ឋអាមេរិកា រាយការណ៍ពីទីក្រុងប៉ារីស ប្រទេសកាលពីថ្ងៃទី ១៩ ខែកញ្ញាថា បារាំងក្លាយជាប្រទេសដំបូងគេបំផុត ដែលចេញច្បាប់ហាមប្រើសម្ភារៈធ្វើពីប្លាស្ទីក មានជាអាទិ ចាន កែវ និង ឧបករណ៍ផ្សេងៗទៀត សំដៅបរិស្ថាន (Energy Transition for Green Growth Act) និង សុខភាព ។

ទាក់ទិននឹងបញ្ហានេះ ពលរដ្ឋកម្ពុជាម្នាក់បានអះអាងថា គាត់ធ្លាប់រងគ្រោះម្តងកាលពី២ឆ្នាំមុន គឺនៅពេលដែលយកកែវជ័រទៅដាក់ទឹកក្តៅឆុងតែផឹក ប៉ុន្តែមិននឹកស្មានថា កែវនោះហាក់រលាយជ័រ តែយើងមើលមិនឃើញ ធ្វើឲ្យគាត់ក្រហល់ក្រហាយយបំពង់ក រសេះរសល់ក្នុងខ្លួន ក្រហាយៗក្នុងទ្រូង ហើយគាត់បញ្ជាក់ថានេះជា លទ្ធផលនៃការប្រើកែវជ័រ។ ជាមួយគ្នានេះដែរជាទូទៅអ្នកលក់ដូរអាហារនៅក្នុងប្រទេសកម្ពុជាបានយក ថង់ប្លាស្ទីកដាក់ច្រកទឹកសម្ល ទឹកស៊ុបគុយទាវ ដាក់បបរក្តៅៗ ពេលយើងទៅទិញ ទម្រាំតែយកមកដល់ផ្ទះ ល្មមតែវារលាយសាធាតុគីមីចេញពីជ័រប្លាស្ទីកចេញពីស្បោង បង្កភាពគ្រោះថ្នាក់ ដល់សុខភាពយើង ។

ដូច្នេះគួររាជរដ្ឋាភិបាលកម្ពុជា ពិនិត្យពិច័យទៅលើរឿងនេះផងដើម្បីចៀសបានផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ។ ដូច្នេះបើបានធ្វើពង្រាងច្បាប់ដូចបារាំង ពិតជាល្អមែនទែន ព្រោះសុខភាពរបស់ប្រជាជនខ្មែរត្រូវបានយក ចិត្តទុក ដាក់ និងធានា ៕ (សូរ្យសែង)

ka-24-09-2016-01