រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចង់​ឲ្យ​វិស័យ​ឯកជន រក​ទីផ្សារ​ជូន​កសិករ និពន្ធដោយ : រ៉ឹម ភារី       September-24-2016, 12:44 pm         867

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចង់​ឲ្យ​វិស័យ​ឯកជន រក​ទីផ្សារ​ជូន​កសិករលោក វេង សាខុន កំពុងឆ្លើយសំណួរអ្នកសារព័ត៌មាននៅសាកលវិទ្យាល័យភូមិន្ទកសិកម្មភ្នំពេញ​៖ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេ​ង សាខុន បាន​ថ្លែងថា ក្រសួង​នឹង​បង្កើត​គោលនយោបាយ​មួយ​ស្តីពី​៖«​ផលិតកម្ម​តាម​កិច្ចសន្យា​»​។ គោលដៅ​នៃ​គោលនយោបាយ​នេះ គឺ​ធ្វើ​ឲ្យ​វិស័យ​ឯកជន និង​កសិករ មាន​ឯកភាពគ្នា​។ លើសពីនេះ លោក​រដ្ឋមន្ត្រី ចង់​ឲ្យ​វិស័យ​ឯកជន មាន​ភាពឈ្លាសវៃ​ក្នុងការ​ស្វែងរក​ទីផ្សារ​ជូន​ប្រជាជន ដើម្បី​ដោះស្រាយ​បញ្ហា​ទីផ្សារ​កសិកម្ម​នៅ​កម្ពុជា​។ 

សូម​អញ្ជើញ​ស្តាប់​ប្រសាសន៍​របស់ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខាងក្រោម​នេះ​៖   

ឆ្លើយតប​និង​បញ្ហា​ធ្លាក់​ថ្លៃ​កសិផល​ខ្មែរ លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បាន​ថ្លែងថា ក្រសួងកសិកម្ម រ​ក្ខា​ប្រមាញ់ និង​នេសាទ សហ​ការណ៍​ជាមួយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នឹង​រៀបចំ​គោលនយោបាយ​មួយ​ស្តីពី​៖«​ផលិតកម្ម​តាម​កិច្ចសន្យា​» ដែល​មានន័យថា មុននឹង​ដាំ​ណាំ កសិករ និង​វិស័យ​ឯកជន ត្រូវធ្វើ​កិច្ចសន្យា ដោយមាន​ក្រសួងកសិកម្ម​ធ្វើជា​សាក្សី​។ គោលដៅ​នៃ​គោលនយោបាយ​នេះ គឺ​ក្រសួង​ចង់​ឲ្យ​ភាគី​ទាំងពីរ មិន​ក្បត់គ្នា​។

ជាងនេះទៅទៀត លោក​រដ្ឋមន្ត្រី ចង់​ឲ្យ​វិស័យ​ឯកជន ដើរតួនាទី​ខ្លាំងក្លា ទាំង​ធុរកិច្ច បច្ចេកទេស និង​មាន​ភាព​វៃឆ្លាត​ក្នុង​ស្វែងរក​ទីផ្សារ​ជូន​ប្រជាកសិករ​ខ្មែរ​។ ការ​ថ្លែង​របស់លោក​រដ្ឋមន្ត្រី​បែបនេះ គឺធ្វើឡើង​ក្នុងជំនួប​ជាមួយ​អ្នកសារព័ត៌មាន បន្ទាប់ពី​លោក​បញ្ចប់​ពិធី​ចុះហត្ថលេខា​លើ MOU រវាង ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​ការអភិវឌ្ឍន៍​អន្តរជាតិ​(USAID) និង​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ស្តីពី​៖ ការបង្កើត​មជ្ឈមណ្ឌល​ឧត្តមភាព​ប្រពលវប្បកម្ម​កសិកម្ម​និរន្តរភាព និង​អាហារូបត្ថម្ភ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម កាលពី​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០១៦​។

​សូមបញ្ជាក់ថា កាល​ថ្ងៃទី​១៨ ខែកញ្ញា​កន្លងទៅ កសិករ​នៅ​ឃុំ​កំពង់​ព្រៀង ស្រុក​សង្កែ ខេត្តបាត់ដំបង ប្រមាណ​៥០០​នាក់ បានធ្វើ​ការតវ៉ា ដោយ​ទម្លាក់​ស្រូវ​ពី​គោយន្ត​បិទផ្លូវ​ជាតិ​លេខ​៥ ចំណុច​សាលាឃុំ​កំពង់​ព្រៀង ដោយសារ​ពួកគេ​ខឹង​នឹង​ភាគី​ធនាគារ​ស្រូវ ដែល​បាន​ផ្អាក​ទិញស្រូវ​ធ្វើ​ឲ្យ​កសិផល​របស់​ពួកគេ​គ្មាន​ទីផ្សារ​លក់​ចេញ​៕