រុស្ស៊ី​នឹង​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-400 ទៅ​តំបន់ Leningrad ​ និពន្ធដោយ : សៅ ផលនិស្ស័យ       September-24-2016, 1:23 pm         3

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132រុស្ស៊ី​នឹង​ពង្រាយ​ប្រព័ន្ធ​ការពារ​អាកាស S-400 ទៅ​តំបន់ Leningrad ​មន្ត្រី​យោធា​រុស្ស៊ី​បាន​អះអាងថា ប្រព័ន្ធ​ការពារ​ដែនអាកាស s-400 ចំនួន​២​កងវរសេនាធំ នឹងត្រូវ​ពង្រាយ​ទៅកាន់​អង្គភាព​កងទ័ពអាកាស​និង​ការពារ​ដែនអាកាស​នៅក្នុង​តំបន់ Leningrad នៅពេល​ឆាប់​នេះ​។ ការពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ពង្រឹងសមត្ថភាព​ការពារ​ដែនអាកាស​រប​ស់​ខ្លួន​ទប់ស្កាត់​ការគំរាមកំហែង​នានា​។

មន្ត្រី​ព័ត៌មាន​នៃ​ទីបញ្ជាការ​ភូមិភាគ​ខាងលិច​រុស្ស៊ី​លោក Igor Muginov បាន​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ពុធ​ទី ២១ កញ្ញា​ថា ក្រសួងការពារជាតិ​រុស្ស៊ី​នឹង​បញ្ជូន​ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 ចំនួន ២​កងវរសេនាធំ​ទៅកាន់​អង្គភាព​កងទ័ព​ជើង​អាកាស​នៅក្នុង​តំបន់ Leningrad នៅពេល​ឆាប់ៗ​នេះ​។

បច្ចុប្បន្ននេះ កងទ័ព​រុស្ស៊ី​កំពុង​សាកល្បង​សមត្ថភាព​សព្វាវុធ​ទាំងនេះ​សិន មុននឹង​ពង្រាយ​ទៅកាន់​តំបន់ Leningrad តាម​ការគ្រោងទុក​។ បើសិនជា​លំ​ហាត់​យោធា​ជោគជ័យ​ហើយ ការពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​នឹង​អាច​បន្តទៅទៀត​បាន​។

លោក Igor Muginov អះអាងថា​៖« នៅពេលនេះ កងទ័ព​របស់​យើង​កំពុង​រៀបចំ​ធ្វើ​សមយុទ្ធ​នៅ​តំបន់ Astrakhan ដើម្បី​ត្រៀមលក្ខណៈ​ជាមុន​។ លំ​ហាត់​យោធា​ទាំងនោះ​មានការ​បាញ់​វត្ថុ​ដែល​ហោះហើរ​ក្នុង​រយៈកម្ពស់​ទាប និង​រយៈកម្ពស់​ខ្ពស់ និង​បាញ់​មី​ស៊ី​ល​ជាដើម​។ ក្រោយ​សាកល្បង​ជោគជ័យ​ហើយ ប្រព័ន្ធ​មី​ស៊ី​ល​នេះ​នឹងត្រូវ​បញ្ជូនទៅ​ឈរជើង​ការពារ​ព្រំដែន​រុស្ស៊ី​នៅ​តំបន់ Leningrad តែម្តង​»​។​

ប្រព័ន្ធ​ការពារ​ដែនអាកាស S-400 នេះ​បាន​ចូល​បម្រើ​វិស័យ​ការពារជាតិ​រុស្ស៊ី​នៅក្នុង​ឆ្នាំ ២០០៧ ហើយ​វា​ជា​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ដែល​ទំនើប​បំផុត​មួយ​។ S-400 អាច​បាញ់​បាន​ក្នុង​រយៈ​ចម្ងាយ ៤០០​គីឡូម៉ែត្រ​និង​មាន​ល្បឿន​រហូតដល់ ៤,៨​គីឡូម៉ែត្រ​ក្នុង​មួយ​វិនាទី ហើយ​វា​អាច​បាញ់​កម្ទេច​រាល់​វត្ថុ​ដែល​ហោះហើរ​ទាំង​យន្តហោះ និង​មី​ស៊ី​ល​។

កាលពី​ខែសីហា​កន្លង រុស្ស៊ី​ក៏បាន​ប្រកាស​បញ្ជូន ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊េរី​ទំនើប S-400 នេះ​ទៅកាន់​ទឹកដី គ្រី​មៀ (Crimea) ។ ការប្រកាស​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​រប​ស់​រុស្ស៊ី​ទៅកាន់​ទឹកដី​គ្រី​មៀ កើតឡើង​ស្រប​ពេលដែល​ភាព​តានតឹង​ផ្នែក​យោធា​រវាង​អ៊ុយ​ក្រែ​ន​និង​រុស្ស៊ី​កើនឡើង​ខ្លាំង​។ ប៉ុន្តែ​រដ្ឋាភិបាល​រុស្ស៊ី​បានបញ្ជាក់​ច្បាស់​ថា ការពង្រាយ​អាវុធ​មិន​ពាក់ព័ន្ធ​បញ្ហា​តានតឹង​ឡើយ​។​

​តាមពិតទៅ ប្រព័ន្ធ​មី​ស៊ី​ល S-400 ក៏​ក្លាយ​ជាស​ពា្វ​វុ​ធ​ត្រូវប៉ាន់​នៅ​ទីផ្សា​អន្តរជាតិ​រយៈពេល​ចុងក្រោយ​ព្រោះ​វា​ទាក់ទាញ​ចិត្ត​បណ្តា​ប្រទេស​នានា​លើ​លោក​។ ហើយ​សព្វាវុធ សព្វាវុធ​នេះ​កាន់តែ​ល្បីល្បាញ នៅពេល​រុស្ស៊ី​សម្រេច​ពង្រាយ​ប្រព័ន្ធ​នេះ​ជាច្រើន​ដើម​ទៅ​ទឹកដី​ស៊ី​រី​ដើម្បី​ការពារ​មូលដ្ឋានទ័ព និង​យន្តហោះ​ចម្បាំង​របស់ខ្លួន ក្រោយ​មាន​តួ​ក​គី​បាញ់​ទម្លាក់​យន្តហោះ​ចម្បាំង​របស់ខ្លួន​កាលពី​ឆ្នាំមុន​៕