លឿនពេក! តែមួយប៉ព្រិចភ្នែកឆក់ជីវិត​បាត់

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានករណីឆក់​ខ្សែ​ភ្លើង​មួយ​ ដែល​បាន​ដាក់​តាម​ផ្លូវលំយ៉ាងអនាធិបតេយ្យ ដើម្បី​ចាប់​​ចង្រិតពេលយប់ បែរ​ជា​ស្ត្រីម្នាក់​ដើរប៉ះតំណរភ្លើង​នោះ បណ្តាលឱ្យ​ឆក់​ស្លាប់ភ្លាមៗ​ ដែលហេតុការណ៍នេះកើតឡើង​កាល​ពីវេលាម៉ោង០៧ និង១៥នាទីព្រឹកថ្ងៃទី​២៤ កញ្ញា ២០១៦ ស្ថិតនៅចំណុច​លើផ្លូវ​មួយកន្លែង ក្នុងភូមិ​ទួលរកា ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ខេត្តបាត់ដំបង ។

ស្ត្រីដែលស្លាប់ឈ្មោះ​ញៀន ចាន់ អាយុ​៣២ឆ្នាំ មានប្តី​ឈ្មោះ​វង់ ផាត់ អាយុ​៣២​ឆ្នាំ​ដូចគ្នា ទាំង២នាក់​ មានទីលំនៅក្នុងភូមិជ្រៃរុន ឃុំប្ញស្សីក្រាំង ស្រុកមោងប្ញស្សី ។ ចំណែកម្ចាស់ខ្សែភ្លើង ត្រូវគេស្គាល់ឈ្មោះ​ធុន ធា ភេទប្រុស អាយុ​៣៧ឆ្នាំ មានទីលំនៅ​​ក្នុង​ភូមិ​កើត​ហេតុ​ខាងលើ ។

ប្រភពបន្តថា មុនពេលកើតហេតុ ទាំង២នាក់ប្តី-ប្រពន្ធ​ជិះគោយន្តកន្ត្រៃយ​មួយគ្រឿង ដោយ​មានដឹកជីផងដែរ​ ។លុះមកដល់​ចំណុច​កើតហេតុជា​កន្លែងទួល គោយន្ត​នោះ​បើកឡើងទៅ​មិនរួច ក៏ត្រូវស្ត្រីរងគ្រោះ​ចុះ​ដើរសិន ។ ពេលនោះ ក៏បានដើរ​ប៉ះចំតំណរ​ខ្សែ​ភ្លើង​សម្រាប់​ដាក់​ឆក់ចង្រិត ដែលម្ចាស់មិនបាន​បិទ​ភ្លើ​ង បណ្តាលឱ្យ​​ឆក់​តែម្តង ។​

ក្រោយកើតហេតុ​ ក៏មានការភ្ញាក់​ផ្អើលឆោឡោឡើង ​និងមាន​អ្នកភូមិ​រត់មក​​ជួយ​ស្ត្រីរងគ្រោះដែរ តែអ្វីៗហួសពេលអស់ទៅហើយ សល់តែភាព​សោកស្តាយ និង​ស្រែក​ទ្រហោយំគ្រប់ៗគ្នាតែប៉ុណ្ណោះ ។