ហេងវិញ ដែលអត់សាំង

ខេត្តស្ទឹងត្រែង ​៖​ រថយន្ត​ដឹក​ប្រេង​ចំណុះ​១៦០០០​លី​ត្រ​ បាន​បុក​ស្ពានដែក​​បណ្តាល​​ឱ្យរង​ការ​​ខូចខាត​យ៉ាងដំណំ​ កាលពី​ល្ងាច​ថ្ងៃ​ទី​២៣​ កញ្ញា​ ​ស្ថិត​​​លើ​ស្ពាន​ភូមិ​លើ​ ក្នុងសង្កាត់​ស្រះប្ញ​ស្សី​ ក្រុង​ស្ទឹង​ត្រែង ដែល​​សំណាងល្អ​ ពុំ​មាន​អ្នក​រង​គ្រោះ​​ ​។

ប្រភព​​ឱ្យ​ដឹង​ថា​ រថយន្ត​ដឹក​ប្រេង​នោះ​ ជា​របស់​ក្រុមហ៊ុន​LHR ​នាំ​ប្រេង​មក​ពី​ខេត្តរតនគិរី​ ចូល​ស្ទឹង​ត្រែង​​ចែកចាយឱ្យស្ថានីយ​ប្រេង​របស់​ក្រុមហ៊ុន​ លុះ​ទម្លាក់​ប្រេង​រួចរាល់​ចេញដំណើរ​ត្រឡប់​ទៅ​ខេត្តរតនគិរី​វិញ​ ស្រាប់តែ​ជួប​គ្រោះថ្នាក់​នេះ​តែ​ម្តង​ ។

តាម​ប្រភព​ពី​តៃកុង​រថយន្ត​បាន​បញ្ជាក់​ថា​ ​​មេឃ​ធ្លាក់​ភ្លៀង​ខ្លាំង ​បន្ទាប់​ពី​យកប្រេង​ដាក់តាម​​ស្ថានីយ៍​រួចរាល់​ ដោយ​ពួក​គេ​មាន​គ្នា​៣នាក់​ (ស្រី​ម្នាក់)​ ចេញដំណើរ​ត្រឡប់​ ទៅ​ខេត្តរតនគិរី​វិញ​ ។ ​​លុះ​បើក​ដល់​ចំណុច​កើតហេតុ ​ចម្ងាយ​ពី​ស្ពានដែក​ម៉ា​ឡេ​ជាង​៥០​ម៉ែត្រ​ ​បាន​បង្អង់​ល្បឿន​ជាន់​ហ្វ្រាំង ។ ពេល​នោះ​ស្រាប់តែ​​គាំង​ហ្វ្រាំងខាងក្រោយ​ បណ្តាល​ឱ្យរថយន្ត​អូស​ទទឹង​ផ្លូវ​ ទៅ​បុក​ស្ពាន​ជាប់​​កណ្តាលផ្លូវ តែ​​​ក្នុង​ហេតុការណ៍​នោះ​ មិន​បង្ក​​ឱ្យអ្នក​ណា​ម្នាក់​រង​​គ្រោះ​ឡើយ​ ។

​អ្នក​ធ្វើ​ដំណើរ​លើ​ដងផ្លូវ​ ឃើញ​ហេតុការណ៍​ធ្វើឱ្យម្នាក់​ៗ​​បះ​​សក់​ជាន់​ហ្វ្រាំង​ម៉ូតូ​ រថយន្ត ​ស្ទើរ​មិន​ទាន់​ និង​លាន់មាត់​គ្រប់​គ្នា​ថា
​ប្រ​សិន​ក្នុង​ស៊ីទែន​ប្រេង​នោះ ​មាន​ប្រេង​ពេញ​​អាច​ផ្ទុះ​ឆេះ​​សន្ធោសន្ធៅ​ហើយ ព្រោះ​ស៊ីទែន​ប្រេង​ផ្ទុក​រហូត​១៦០០០​លី​ត្រ បុក​ត្រូវ​ដែក​​ស្ពាន​រយះ​ធ្លាយ​ដែក​ទាំង​ដុំ​មើល ទៅ​គួរ​ឱ្យព្រឺក្បាល​ ។

​ក្រោយ​កើតហេតុ​ គេ​​ឃើញ​កម្លាំង​នគរបាល​ចរាច​ណ៍​ជើង​គោក​ មន្ត្រី​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​ និង​ថាមពល អនុប្រធាន​មន្ទីរ​សាធា រណ​ការ​ និង​ដឹក​ជញ្ជូន​ខេត្ត​ ចុះ​ពិនិត្យ​កន្លែង​កើតហេតុ ព្រមទាំង​ទាមទារ​នាំ​យក​រថយន្ត​ទៅ​ដោះស្រាយ​ លើ​សំណង​ខូចខាត​ព្រ​ទ្យ​សម្បត្តិ​សាធារណៈ​។

​ភ្លាម​នោះ​ដែរ​ បុគ្គលិក​បម្រើ​ការងារ​នៅ​ក្រុមហ៊ុន​ប្រេង​LHR​ បាន​យក​រថយន្ត​ដឹង​ប្រេង​ក្រុមហ៊ុន​ទៅ​អូស​ចេញពី​កន្លែង​កើតហេតុ​ ដើម្បី​សម្រួល​ចរាច​ណ៍​ឲ្យ​ដំណើរការ​ឡើង​វិញ​ ព្រមទាំង​សំណង​ទៅ​មន្ទីរ​សាធារណៈការ​ និង​ដឹក​ជញ្ជូន​ខេត្តស្ទឹងត្រែង ​ដើម្បី​ជួស​ជុល​បង្កាន់ដៃ​ស្ពានដែក​វិញ ​នូវ​ទឹកប្រាក់​ចំនួន​៥០០​ដុល្លារ​អា​មេ​រិ​ក​​ ។