សាខា​ធនាគារជាតិ​រាជធានី​-​ខេត្ត ដូរ​ប្រាក់​ចាស់ ទក់ ឬ​រហែក យក​ថ្មី​សម្រាប់​បុណ្យ​ភ្ជុំបិណ្ឌ

រាជធានី​ភ្នំពេញ ៖ យោង​តាម​សេចក្តីជូនដំណឹង​ស្តី​ពី​យុទ្ធនាការ​ស្រឡាញ់​ប្រាក់​រៀល​ដែល​ប្រកាស​ដោយ​អគ្គ​បេឡា​នៃ​ធនាគារជាតិ​នៃកម្ពុជា​បានឱ្យ​ដឹង​ថា ស្រប​ពេល​ដែល​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​កំពុង​ប្រព្រឹត្ត​ទៅ​នេះ ការ​ចាយវាយ​ប្រាក់​រៀល​បាន​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់ ។ ពិសេស​ប្រាក់​រៀល​ក៏​បាន​ក្លាយជា​បច្ច័យ​ដ៏​ពេញ​និយម​ក្នុង​ការ​ចូល​បុណ្យ​តាម​ទី​វត្ត​អារាម ជូន​ដល់​ចាស់ព្រឹទ្ធាចារ្យ ឪពុក​ម្តាយ និង​អ្នក​ដែល​ជាទី​គោរព ឬ​ជា​ការ​ដាក់​ទាន​ដោយ​សេចក្តី​ជ្រះថ្លា ប្រសិនបើ​មាន​ក្រដាសប្រាក់​ថ្មី​ៗ​ប្រើប្រាស់ ។

ដើម្បី​គាំទ្រ​ដល់​ការ​លើកកម្ពស់​ការ​ប្រើប្រាស់​រៀល ចាប់ពី​ថ្ងៃ​ទី​២៦​ដល់​ថ្ងៃ​ទី​៣០ ខែកញ្ញា ពី​ម៉ោង​១៥:00 ដល់​ម៉ោង​១៧:00 នៅ​គ្រប់​សាខា​រាជធានី​-​ខេត្ត លើកលែងតែ​ស្នាក់​ការ​កណ្តាល នឹង​មានការ​ប្តូរ​ក្រដាសប្រាក់​រៀលចាស់ ទក់ ឬ​រហែក ដើម្បី​ប្តូរ​យក​ក្រដាសប្រាក់​ថ្មី​ពី​សាខា​ធនាគារជាតិ​ទាំងអស់​ដោយ​មិន​មានការ​កាត់ទឹក​ឡើយ ។

ខាងក្រោម​នេះ​គឺជា​សេចក្តីជូនដំណឹង​របស់​អគ្គ​បេឡា ។