ជាង​១​ម៉ឺន​នាក់​ទៅ​មើល​ព្រះអាទិត្យ​រះ​លើ​កំពូល​អង្គរ

ជាង​១​ម៉ឺន​នាក់​ទៅ​មើល​ព្រះអាទិត្យ​រះ​លើ​កំពូល​អង្គរ



ខេត្តសៀមរាប ៖ ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​តាម​ការ​ប៉ាន់​ប្រមាណ​មាន​ប្រហែល​ជាង​មួយ​ម៉ឺន​នាក់ បាន​នាំ​គ្នា​ទៅ​មើល​ព្រះអាទិត្យ​រះ​ចំ​កំពូល​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត នា​ព្រឹក​ថ្ងៃ​ទី​២៣ កញ្ញា ដែល​គ្រប់​គ្នា
បាន​រូតរះ​ទៅ​កាន់​បរិវេណ​ប្រាសាទអង្គរវត្ត ដើម្បី​ទស្សនា​និង​ថត​ទិដ្ឋភាព​ដ៏​អស្ចារ្យ​តាំងពី​វេលា​ទៀប​ភ្លឺ ។

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ប្រុស​-​ស្រី ក្មេង​-​ចាស់​បាន​ក្រោកពីដំណេក​នៅ​វេលា​ម៉ោង​៤​ទៅ​៥​ទៀប​ភ្លឺ ចេញ​ទៅ​មើល​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នៃ​ព្រះអាទិត្យ​រះ​ឡើង​ចំ​កំពូល​ប្រាសាទអង្គរវត្ត​នេះ ។ ពួក​គេ​បាន​មក​ជុំ​គ្នា​រង់ចាំ​ការ​គយគន់​មើល​ពន្លឺព្រះអាទិត្យ ដោយ​ផ្សារ​ភ្ជាប់​នឹង​ទិដ្ឋភាព​ប្រាង្គ​ប្រាសាទអង្គរវត្ត​យ៉ាងច្រើន​ណែនណាន់តាន់តាប់ ។ នេះ​ជា​ការ​ប្រមូលផ្តុំ​មហាជន​ដ៏​ច្រើន​មិន​ធ្លាប់​មាន​ក្នុង​ព្រឹត្តិការណ៍​បែប​នេះ​កន្លង​មក ក្នុង​ខេត្តសៀមរាប ។

បើ​តាម​ការ​បញ្ជាក់​ពី​អ្នកប្រមាញ់​រូបថត​ទាំង​អ្នកមាន​អាជីព​ថតរូប និង​អ្នក​ដែល​ចូល​ចិត្ត​ថតរូប​ធម្មតា សុទ្ធតែ​បាន​ត្រៀមខ្លួន​ជា​ស្រេច ដើម្បី​ផ្តិត​យក​ទេសភាព​ដ៏​អស្ចារ្យ​នេះ​ផង​ដែរ ។ មិនតែប៉ុណ្ណោះ ចំពោះ​អ្នក​សារព័ត៌មាន បណ្តាញ​ទូរទស្សន៍​ល្បី​ៗ​ជា​ច្រើន​ក្នុងស្រុក​ក៏​បាន​ប្រមូលផ្តុំ ជួបជុំ​គ្នា ដើម្បី​បង្ហាញ​ពី​ព្រឹត្តិការណ៍​ដ៏​កម្រ​នេះ ទៅ​កាន់​សំណាក់​ទស្សនិកជន​របស់​ខ្លួន ដែល​នៅ​ឆ្ងាយ​ៗ​មិន​អាច​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់​បាន ។

សូម​រំឭក​ផង​ដែរ​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​តាំងពី​បុ​រម្យ​បុរាណ​មក ព្រះអាទិត្យ​ដែល​រះ​ចំ​ប្រាង្គ​កណ្តាល​ប្រាសាទអង្គរវត្ត នាទី​ក្រុង​អង្គរ មិន​ធ្លាប់​មាន​ទាល់តែ​សោះ ។ បើ​តាម​សម្តី​ចាស់ព្រឹទ្ធាចារ្យ​ដែល​រស់នៅ​ក្នុង​តំបន់​ប្រាសាទអង្គរវត្ត​និយាយ​ដំណាល ។

ក្រសួងទេសចរណ៍ និង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំងក្លា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ឱ្យទៅ​ចាំ​មើល​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​ដែល​ជា​ព្រឹត្តិការណ៍​កម្រ​បាន​ជួប​ប្រទះ ចាប់ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែកញ្ញា ។ ប៉ុន្តែ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​នោះ​នៅ​មិន​ទាន់​ប្រាកដ និង​លេច​ចេញ​ជា​រូបរាង​ដើម្បី​បំពេញ​បំណង​របស់​ភ្ញៀវ​ទេសចរ​នៅឡើយ​ទេ ក្នុង​រយៈពេល​ពីរ​ថ្ងៃ​មកនេះ ដោយសារ​មាន​អ័​ព្ឌ និង​ពពក​ខ្មៅ​ក្រាស់​ក្នុង​រវាង​ថ្ងៃ​ទី​២២ កញ្ញា ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរ​បរទេស និង​ពលរដ្ឋ​ខ្មែរ​ច្រើន​ពាន់​នាក់ បាន​ខកចិត្ត​ក្នុង​ពេល​ដែល​ពួក​គេ​ខំ​នាំ​គ្នា​ក្រោក​ទាំង​យប់ ហើយ​ទៅ​ឈរ​រង់ចាំ​អស់​ជា​ច្រើន​ម៉ោង ដើម្បី​មើល​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​ប្រាង្គ​ប្រាសាទ​អង្គរ ។ គ្រប់​ៗ​គ្នា ខ្លះ​មាន​កាមេរ៉ា​ថតរូប​ធំ​ៗ និង​ខ្លះ​ទៀត​មាន​ទូរស័ព្ទ​ដៃ​ស្មា​ត​ហ្វូ​ន (Smart Phone) ដោយ​ម្នាក់​ៗ​ប្រុង​ប្រៀ​ង​រួច​ជា​ស្រេច ដើម្បី​ថត​យក​រូបភាព​ដ៏​អស្ចារ្យ​នេះ ក៏​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ ការ​រង់ចាំ​ដ៏​អន្ទះសា​បាន​ត្រឹមតែ​ធ្វើ​ឱ្យ​គេ​ខកចិត្ត ពីព្រោះ​អាកាសធាតុ​មិន​អំណោយផល ពពក​ខ្មៅ​ក្រាស​បាំង​បាត់​ពន្លឺព្រះអាទិត្យ​នា​ពេល​ព្រឹក ។

តាម​វិទ្យុ​ជា​ខេមរភាសា RFA បាន​ដកស្រង់​សម្តី​អ្នកទេសចរ​ជនជាតិ​អង់គ្លេស​ម្នាក់ ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​ជា​ច្រើន​ទៀត គឺ​កញ្ញា អេ​លា​ណ័​រ រូប​ផ៍​(Eleanor Rupp) ។ នាង​មាន​ប្រសាសន៍​ក្នុង​ពេល​ធ្វើ​ដំណើរ​ចាក​ចេញពី​បរិវេណ​អង្គរវត្ត​ថា រូប​នាង​បាន​ចំណាយពេល​៣​ថ្ងៃ ស្នាក់​នៅ​ខេត្តសៀមរាប ព្រោះ​ចង់​ឃើញ​ហេតុការណ៍​ព្រះអាទិត្យ​រះ​ចំ​កណ្តាល​របស់​ប្រាសាទអង្គរវត្ត តើ​វា​ពិតជា​អស្ចារ្យ​យ៉ាងណា ? កាលពី​ទៀប​ភ្លឺ​ថ្ងៃ​ទី​២២ កញ្ញា រូប​នាង​ខំ​ក្រោក​ពី​យប់​ដើម្បី​មក​ឈរ​ចាំ​មើល​ថ្ងៃ​រះ ប៉ុន្តែ​វា​មិន​ដូច​បំណង​ឡើយ ពីព្រោះ​អាកាសធាតុ​មិន​អំណោយផល «​ខ្ញុំ​មានការ​ខកចិត្ត​តិចតួច​ដែរ ដោយសារ​តែ​មិន​បានឃើញ​ព្រះអាទិត្យ​រះ​នៅ​ចំ​កំពូល​កណ្តាល​របស់​ប្រាសាទអង្គរវត្ត ក៏​ប៉ុន្តែ​ទោះ​យ៉ាងណា ក៏​ខ្ញុំ​សប្បាយចិត្ត ដោយសារ​តែ​ឃើញ​ទេសភាព​អង្គរវត្ត​នា​ពេល​ព្រឹក​ព្រលឹម ។ ខ្ញុំ​តាំងចិត្ត​ថា​ថ្ងៃនេះ ថ្វី​ដ្បិតតែ​ខ្ញុំ​មិន​បានឃើញ​ថ្ងៃ​រះ​នៅ​ចំ​កំពូល​ប្រាសាទអង្គរវត្ត ប៉ុន្តែ​ខ្ញុំ​នឹង​ព្យាយាម​នៅ​ពេល​ក្រោយ​ទៀត » ។

ស្រប​ពេល​គ្នា​នឹង​ព្រឹត្តិការណ៍​ថ្ងៃ​រះ​នៅ​ចំ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នោះ លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ព្រឹទ្ធសភា រដ្ឋសភា និង​អធិការកិច្ច បាន​ទៅ​ធ្វើ​ពិធីបួងសួង​នៅ​កណ្តាល​ប្រាសាទអង្គរវត្ត គឺជា​ពិធីបួងសួង​ក្នុង​បំណង​សុំ​សេចក្តីសុខ ព្រមទាំង​រំឭក​គុណ​ចំពោះ​បុព្វបុរស​ខ្មែរ​ដែល​បាន​កសាង​ប្រាសាទ​អង្គរ ទុក​ឱ្យ​កូន​ខ្មែរ​ជំនាន់​ក្រោយ ។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប ឱ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​២១ និង​ទី​២២ ខែកញ្ញា គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​រាប់​ពាន់​នាក់​បាន​ទិញ​សំបុត្រ​ចង់​មើល​ថ្ងៃ​រះ​នៅ​ចំ​ប្រាង្គ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត ហើយ​នៅ​ថ្ងៃ​ទី​២៣ កញ្ញា មាន​ច្រើន​ជាង​នេះ ។

លោក​បាន​កត់​សម្គាល់ថា កាលពី​ថ្ងៃ​ទី​២២ កញ្ញា គឺ​មាន​អ្នកទេសចរ​ចំនួន​ប្រមាណ​រាប់​ពាន់​នាក់​បាន​ចូល​ទៅ​រង់ចាំ​មើល​ថ្ងៃ​រះ​នៅ​ចំ​កំពូល​កណ្តាល​របស់​ប្រាសាទអង្គរវត្ត ហើយ​នៅ​ថ្ងៃ​ទី​២២ កញ្ញា ក៏​មាន​ចំនួន​ប្រហាក់ប្រហែល​គ្នា ក៏​ប៉ុន្តែ​អាកាសធាតុ​មិនល្អ ផ្ទៃមេឃ​គ្របដណ្តប់​ដោយ​ពពក​ក្រាស​ពេក មើល​មិនឃើញ ។

មន្ត្រី​អាជ្ញាធរ​អប្សរា និង​មន្ត្រី​មន្ទីរ​ទេសចរណ៍​ឱ្យ​ដឹង​ថា ព្រឹត្តិការណ៍​ព្រះអាទិត្យ​រះ​ចំ​ប្រាង្គ​ប្រាសាទ​កណ្តាល​នៃ​ប្រាសាទអង្គរវត្ត​នេះ​អាច​កើត​មាន​ពីរ​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ចន្លោះ​ពី​ថ្ងៃ​ទី​២១ ដល់​ថ្ងៃ​ទី​២៣ ខែមីនា និង​នៅ​ចន្លោះ​ថ្ងៃ​ទី​២១ ទៅ​ថ្ងៃ​ទី​២៣ ខែកញ្ញា ៕