ព្រៃ​ដ៏​ក្រាស់​ចុងក្រោយ​នៅ​ឥណ្ឌូនេស៊ី​នឹងត្រូវ​សម្អាត​សម្រាប់​ការអភិវឌ្ឍ​ថាមពល​ទាញ​ពី​កម្តៅ​ក្នុង​ផែនដី​ និពន្ធដោយ : VOA       September-24-2016, 4:01 pm         305

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ព្រៃ​ដ៏​ក្រាស់​ចុងក្រោយ​នៅ​ឥណ្ឌូនេស៊ី​នឹងត្រូវ​សម្អាត​សម្រាប់​ការអភិវឌ្ឍ​ថាមពល​ទាញ​ពី​កម្តៅ​ក្នុង​ផែនដី​​ដោយ Cory Rogers
ឥណ្ឌូនេស៊ី​៖ តំបន់​ព្រៃ Leuser Ecosystem ដែល​ស្ថិតនៅ​ភាគ​ខាងលិច​បំផុត​នៃ​ប្រទេស​ឥណ្ឌូនេស៊ី ក្នុង​ខេត្ត Aceh គឺជា​តំបន់​ព្រៃ​មួយ​ដ៏​កម្រ​ដែល​សត្វ​ខ្លា ស្វា​ធំ​ក្រហម (orangutans) ដំរី និង​សត្វ​រមាស រស់នៅ​ជាមួយគ្នា​ក្នុងព្រៃ​។​

​ក្នុងពេល​ឆាប់ៗ​នេះ ពពួកសត្វ​ទាំងនេះ​ប្រហែលជា​ត្រូវ​បើកផ្លូវ​ទទួល​លក្ខខណ្ឌ​បន្ថែម​ថ្មី​មួយ​ក្នុង​ជម្រក​របស់​ពួកគេ នោះ​គឺ​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី ជា​គម្រោង​មួយ​ដែល​អ្នក​អភិរក្ស​កំពុង​ព្រួយបារម្ភ​យ៉ាងខ្លាំង​។​

​លោក Rudi Putra ទីប្រឹក្សា​របស់​អង្គការ​អភិរក្ស​តំបន់​ព្រៃ Leuser (Leuser Conservation Forum) បាន​ចោទ​សួរថា «​ហេតុអ្វី​បានជា​ពួកគេ​ចង់​សាង​សង់វា​ក្នុងព្រៃ​នៃ​ខេត្ត Aceh ជា​តំបន់​ព្រៃ​ដែល​នៅសល់​ដ៏​ល្អ​បំផុត​មួយ​?»​។​

កាលពី​ចុងខែ​សីហា អភិបាលខេត្ត Aceh លោក Zaini Abdullah បាន​សរសេរ​សំបុត្រ​មួយ​ទៅកាន់​រដ្ឋាភិបាល​ស្នើសុំ​ឲ្យ​បែងចែក​តំបន់​ទំហំ​៨.០០០​ហិកតា​នៃ​តំបន់ Leuser Ecosystem សម្រាប់​រុករក​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី​។​

គម្រោង​ដែល​ត្រូវអនុវត្ត​សហការ​ជាមួយ​ក្រុមហ៊ុន​តួ​ក​គី​ឈ្មោះ PT Hitay Panas Holdings គ្រប់គ្រង​ដោយ​មហាសេដ្ឋី​តួ​ក​គី​ម្នាក់ បានកំណត់​យក​តំបន់​ស្នូល​ទំហំ​៨០០.០០០​នៃ​ឧទ្យាន​ជាតិ Leuser ដែល​ស្ថិតក្នុង​តំបន់​ដ៏​សំខាន់​នៃ​តំបន់​ប្រព័ន្ធ​អេកូឡូស៊ី​ទំហំ​២,៨​លាន​ហិកតា​ដែល​បាន​ចុះ​ក្នុង​បញ្ជី​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ (UNESCO) ។​
​ថ្មីៗ​នេះ រដ្ឋាភិបាល​កំពុងតែ​ច្របូកច្របល់​ជាមួយ​ពាក្យបណ្តឹង​របស់​ក្រុម​អ្នក​ប្រឆាំងនឹង​គម្រោង​តំបន់ Aceh ដែលថា​នឹង​ទុក​តំបន់ Leuser សម្រាប់​ការអភិវឌ្ឍ ជាការ​រំលោភ​ជាក់ស្ដែង​ពី​រដ្ឋាភិបាល​សហព័ន្ធ​។​

ការស្នើសុំ​ឲ្យ​បែងចែក​តំបន់​សារជាថ្មី​ត្រូវបាន​គេ​យក​ធ្វើជា​លេស​ថា​ដើម្បី​ជួយ​គាំទ្រ​គោលនយោបាយ​របស់​ប្រធានាធិបតី Joko Widodo ដែល​បាន​សន្យាថា នឹង​បន្ថែម​ថាមពល​អគ្គិសនី ៣៥.០០០​មេ​ហ្គា​វ៉ា​ត់ទៅ​លើ​ថាមពល​អគ្គិសនី​ដែល​កំពុង​ខ្វះខាត​របស់​ឥណ្ឌូនេស៊ី ឲ្យ​បាន​ត្រឹម​ឆ្នាំ ២០២០ និង​បង្កើន​ភាគរយ​នៃ​ថាមពល​កកើត​ឡើងវិញ​។​

ទោះបីជា​យ៉ាងណាក៏ដោយ អ្នកការពារ​បរិស្ថាន បារម្ភ​ថា​ការអភិវឌ្ឍ​បែបនេះ​នឹងធ្វើ​ឲ្យ​ដំណើរ​ប្រែប្រួល​ជា​បន្តបន្ទាប់​ដែល​នឹង​នាំទៅរក​ការ​រលត់រលាយ​តំបន់ Leuser ហើយ​អាជ្ញាធរ​នឹងមិន​មានអំណាច​បញ្ឈប់​បានឡើយ​។​

អ្នកស្រី Farwiza Farhan ប្រធាន​អង្គការ​ព្រៃឈើ ធម្មជាតិ និង​បរិស្ថាន ដែលជា​អង្គការក្រៅរដ្ឋាភិបាល ក្នុង​ខេត្ត Aceh បាន​និយាយថា​៖ «​កន្លែង​ណាក៏ដោយ​បន្ទាប់ពី​មនុស្ស​បង្កើត​ឲ្យ​មាន​ផ្លូវថ្នល់ ការបំផ្លិចបំផ្លាញ​នឹង​កើតមាន​»​។ អ្នកស្រី ក៏បាន​បន្ថែមថា ប្រជាជន​ដែល​ចង់បាន​ឈើ​ធំៗ និង​កសិករ​ខ្នាតតូច​បាន​ប្រើប្រាស់​ផ្លូវ​នោះ​ដើម្បី​ទាញយក​ប្រ​យោ​ជ​ន៏​ពី​ព្រៃឈើ​ដែល​ពីមុន​មិនអាច​យកបាន ហើយ​បាន​នាំទៅរក​ការបាត់បង់​ជម្រក​សត្វព្រៃ​។​

អ្នកស្រី​បាន​និយាយថា​៖ «​ឥឡូវនេះ គេ​ធ្វើ​ដើម្បី​បាន​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី ប៉ុន្តែ​តើ​នឹងមាន​អ្វី​កើតឡើង​បន្តទៀត​នៅពេល​ក្រោយ​? តាំងពី​មុនពេល​មានការ​អភិវឌ្ឍ​នេះ​ទៀត រហូតមកដល់​ឥឡូវ អាជ្ញាធរ​មិនអាច​ការពារ​ព្រៃ​តំបន់ Leuser បាន​ទាល់តែសោះ​»​។​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុងក្រោយ​នេះ​គេ​ឃើញ​មានការ​រីកសាយ​នៃ​ការរំលោភ​យក​ដីព្រៃ និង​ការកាប់​ព្រៃ​ដោយ​ខុសច្បាប់​ប្រមាណ​៥.៥០០​ហិកតា​ក្នុង​មួយឆ្នាំ​។​​លើ​កោះ​ស៊ូ​ម៉ា​ត្រា​ទាំងមូល ការកាប់​ព្រៃ និង​បំប្លែង​សម្រាប់​វិស័យ​កសិកម្ម​បាន​ផ្តួលរំលំ​ព្រៃឈើ​អស់​ជិត​១​ភាគ​បួន​តាំងពី​ឆ្នាំ​២០០០​។​
​ព្រៃ​ដ៏​មានតម្លៃ​បំផុត​

គម្រោង​រុករក​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី​របស់​អាជ្ញាធរខេត្ត Aceh ផ្តោតលើ​តំបន់​៨.០០០ ហិកតា​នៅ​ខ្ពង់រាប Kappi Plateau ដែលជា​តំបន់​លាតសន្ធឹង​ក្នុង​ទំហំ​១៥០.០០០​ហិកតា ដែល​ត្រូវបាន​ចាត់ទុកជា​តំបន់​សំខាន់បំផុត​នៃ​តំបន់​ព្រៃ Leuser​។​

លោក Rudi Putra សា្ថ​ប​និក​នៃ​អង្គការ​អភិរក្ស​តំបន់​ព្រៃ Leuser បាន​និយាយថា​៖ «​តំបន់​ខ្ពង់រាប Kappi មានព្រៃ​ល្អ​បំផុត​ដែល​នៅ​សេសសល់​លើ​ពិភពលោក​»​។​ លោក​បាន​បន្ថែមថា បឹង​ទឹកប្រៃ​ជាច្រើន​ក្នុង​តំបន់​នេះ និង​ដើមឈើ​ដែលមាន​ផ្លែ ធ្វើ​ឲ្យ​តំបន់​នោះ​ក្លាយជា​ជម្រក​ដ៏​ស័ក្តិសម​បំផុត​សម្រាប់​សត្វព្រៃ​ទាំង​ធំ និង​តូច​។ ដំរី​នៅ​ស៊ូ​ម៉ា​ត្រា​២០០​ក្បាល ដែល​ស្មើនឹង​១០​ភាគរយ​នៃ​ដំរី​នៅសល់​លើ​ពិភពលោក នឹង​ប៉ះពាល់ បើសិនជា​គម្រោង​រុករក​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី​នេះ​ត្រូវបាន​អនុវត្ត​។​

​លោក​និយាយថា​៖ «​បើសិនជា​គម្រោង​នេះ​ត្រូវបាន​ចុះកិច្ចសន្យា​ក្នុង​តំបន់​នេះ យើង​នឹង​បាត់បង់​សត្វព្រៃ​ជាច្រើន​។ យើង​នឹង​បាត់បង់​មិនមែន​ត្រឹម​តែព្រៃ​៨.០០០​ហិកតា​នោះទេ ប៉ុន្តែ​ខ្ញុំ​គិតថា​នៅ​ទីបញ្ចប់ យើង​នឹង​បាត់បង់​តំបន់​ខ្ពង់រាប​នេះ​ទាំងមូល​»​។​

​លោក​បាន​សង្កត់ធ្ងន់ថា ការសាងសង់​ផ្លូវ​នឹង​បើកឱកាស​ឲ្យ​កសិករ​ខ្លួនឯង និង​ជនល្មើស​កាប់បំផ្លាញ​ព្រៃឈើ​បំផ្លាញ​ព្រៃ​ដោយ​គ្មាន​ការដាក់ទោសទណ្ឌ​អ្វី​ឡើយ ហើយ​ការណ៍​នេះ​នឹងធ្វើ​រលត់រលាយ​ព្រៃឈើ​ទាំងស្រុង​។​ ការដើរ​ទៅមុខ​នៅលើ​ផ្លូវខុស​?

​ប្រទេស​ឥណ្ឌូនេស៊ី​លាតសន្ធឹង​គ្រប់​ដណ្តប់​៤០​ភាគរយ​នៃ​សក្តានុពល​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី ដែល​ពាក់កណ្តាល​ត្រូវបាន​គេ​រកឃើញ​នៅ​កោះ​ស៊ូ​ម៉ា​ត្រា​។​
​បើ​យោងតាម​លោក Rudi វា​គ្មាន​ហេតុផល​ច្បាស់លាស់​ទាល់តែសោះ​ដែលថា​កោះ​ដែល​សម្បូរ​ដោយ​ថាមពល​កម្តៅ​ក្នុង​ផែនដី ហើយក៏​ជា​តំបន់​ការពារ​ជាពិសេស​ដូចជា​តំបន់ Kappi នេះ​ត្រូវបាន​ក្លាយជា​គោលដៅ​នៃ​ការអភិវឌ្ឍ​បែបនេះ​ទៅវិញ​។​

លោក​បាន​និយាយថា​៖ «​រដ្ឋាភិបាល​ប្រហែលជា​បាន​បែងចែក​តំបន់​នេះ​ជា​តំបន់​ពិសេស​សម្រាប់​ក្រុមហ៊ុន​មួយ ហើយ​តំបន់​ផ្សេងទៀត​សម្រាប់​ក្រុមហ៊ុន​ផ្សេងទៀត​។ ហេតុ​ដូច្នេះហើយ បានជា​គោលដៅ​សម្រាប់​ក្រុមហ៊ុន Hitay នេះ គឺ​តំបន់​ខ្ពង់រាប​Kappi តែម្តង​»​។​

​លោក​បាន​បន្តថា​៖ «​រដ្ឋាភិបាល​អាច​បដិសេធ ហើយ​និយាយថា​ទេ អ្នក​មិនអាច​រុករក​ក្នុង​តំបន់​នេះ​ទេពី​ព្រោះ​វា​ជា​ស្នូល​នៃ​ឧទ្យាន​ជាតិ​។ ខ្ញុំ​មិន​យល់ថា​ហេតុអ្វី​បានជា​រដ្ឋាភិបាល​មិន​និយាយ​ដូច្នេះ​»​។​

​ការព្យាយាម​ចង់​ជួប​ជាមួយនឹង​ក្រុមហ៊ុន Hitay ដើម្បី​សុំ​ការបំភ្លឺ​ពី​បញ្ហា​នេះ​គឺ​មិនបាន​សម្រេច​ឡើយ​។​

​អ្នកស្រី Farhan បាន​ឲ្យ​ដឹងថា អ្នកស្រី Siti Nurabaya ដែលជា​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន និង​ព្រៃឈើ និង​ដែលមាន​គម្រោង​ថ្លែង​សុន្ទរកថា​ជា​លើកចុងក្រោយ​ពី​សំណើ​បែងចែក​តំបន់​សារជាថ្មី​នេះ មានកំណត់​ត្រា​តាមដាន​ដ៏​ល្អ​មួយ​ក្នុង​រយៈពេល​៣​ឆ្នាំ​ចាប់តាំងពី​អ្នកស្រី​បាន​កាន់តំណែង​។​

​អ្នកស្រី Farhan និយាយថា​៖ «​រហូតមកទល់​ពេលនេះ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានចេញ​វិធាន​ការល្អៗ​មួយចំនួន​ក្នុងការ​ព្យាយាម​កែសម្រួល​លិខិតអនុញ្ញាត កាត់បន្ថយ​ការកាប់បំផ្លាញ​ព្រៃឈើ និង​ភ្លើង​ឆេះ​ព្រៃ ដើម្បី​ដោះស្រាយ​នឹង​បញ្ហា​ធំ​។ ប៉ុន្តែ​ខ្ញុំ​ពិតជា​មិនអាច​ប្រាប់​បាន​ថា អ្នកស្រី​រដ្ឋមន្ត្រី​គាំទ្រ​អ្នកណា​ក្នុង​បញ្ហា​នេះ​»​។​ ក្រសួងបរិស្ថាន​មិនទាន់​បង្ហាញថា ពួកគេ​នឹង​ឆ្លើយតប​នៅពេលណា​នោះទេ​។​

​យោងតាម​លោក Rudi ថាមពល​វា​រី​អគ្គិសនី​ខ្នាតតូច​ផ្តល់​ដំណោះស្រាយ​ល្អ​ជាង​នេះ​ចំពោះ​តម្រូវការ​ថាមពល​ក្នុង​ខេត្ត​។ ខុសពី​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី ដែល​តម្រូវ​ឲ្យ​អ្នក​នៅក្នុង​តំបន់​បង់​សេវា​ប្រើប្រាស់​។ ថាមពល​អគ្គិសនី​ខ្នាតតូច​ត្រូវបាន​ផ្តល់​ដោយ​មិន​គិតថ្លៃ «​ហើយ​ការប៉ះពាល់​បរិស្ថាន​នឹងមាន​តិចជាង​»​។​

​លោក Rudi បាន​និយាយថា​៖ «​យើង​មិនមែន​ប្រឆាំងនឹង​គម្រោង​រុករក​ថាមពល​ទាញ​ចេញពី​កម្តៅ​ក្នុង​ផែនដី​នេះ​ទេ ប៉ុន្តែ​វា​មាន​ជម្រើស​ផ្សេងៗ​ជាច្រើន ហើយ​អាទិភាព​គួរតែ​ធ្វើ​នៅ​តំបន់​នៅ​ខាងក្រៅ​ខ្ពង់រាប Kappi»​។​

​លោក​បាន​បន្ថែមថា​៖ «​គ្មាន​ខ្ពង់រាប​ដែល​នៅសល់​ណា​ដូច​ខ្ពង់រាប​លើ​កោះ​ស៊ូ​ម៉ា​ត្រា​ទេ ដូច្នេះ​បើសិនជា​យើង​បាត់បង់​ខ្ពង់រាប Kappi វា​មានន័យថា​យើង​បាន​បាត់បង់​ព្រៃ​ដ៏​សម្បូរបែប​ចុងក្រោយ​បំផុត​នៃ​កោះ​ស៊ូ​ម៉ា​ត្រា​»៕

ប្រែ​សម្រួល​ដោយ ទុំ ម្លិះ​