សហការ​មិន​ឱ្យ​ក្រុម​ជួញ​គ្រឿងញៀន​និង​ឧក្រិដ្ឋកម្ម​ព្រៃឈើ​យក​ព្រំដែន​ធ្វើ​ជម្រក

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ជំនួប​សម្ដែង​ការ​គួរសម​ជាមួយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ចាន់ សា​ម៉​ន​ចាន់​ញ៉ា​ឡា​ត រដ្ឋមន្ដ្រី​ក្រសួងការពារជាតិ​ប្រទេស​ឡាវ មាន​ប្រសាសន៍​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្ដិការ​រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។

លោក អា​៊​ង សុ​ផល្លែ​ត ជំនួយការ​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា  ជំនួប​សម្តែង​ការ​គួរសម​នេះ​បាន​ប្រព្រឹត្ដ​ទៅ​នា​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា នៅ​វិមាន​សន្ដិភាព ។

លោក​រដ្ឋមន្ត្រី​ការពារ​ជាតិ​ឡាវ មាន​ប្រសាសន៍​ទៀត​ថា កងទ័ព​ទាំង​ពីរ​កន្លង​មក​បាន​ទទួល​នូវ​ការ​គាំទ្រ​គ្នា​ទៅ​វិញ​ទៅ​មក​យ៉ាង​ជិត​ស្និទ្ធ ហើយ​នៅ​ពេល​នេះ​ទៀត​កំពុង​សហការ​គ្នា ដើម្បី​ធ្វើ​យ៉ាងណា​ជំរុញ​និង​ធ្វើការ​ងារ​ដែល​ថ្នាក់ដឹកនាំ​កំពូល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ចុះហត្ថលេខា និង​ឯកភាព​គ្នា​រួច​មក​ហើយ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្ដិការ​នេះ និង​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​យកចិត្ដទុកដាក់​ទៅ​លើ​ការ​បង្ក្រាប​ការ​ជួញដូរ​គ្រឿងញៀន ឧក្រិដ្ឋកម្ម​ព្រៃឈើ ជា​ពិសេស​កុំឱ្យ​ក្រុម​អ្នក​ជួញដូរ​គ្រឿងញៀន អ្នក​ប្រព្រឹត្ដ​ឧក្រិដ្ឋកម្ម​ព្រៃឈើ​នោះ​យក​ព្រំដែន​ធ្វើ​ជា​ជម្រក ។
បន្ទាប់​មក នា​រសៀល​ថ្ងៃ​ដដែល​នោះ​ដែរ សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ក៏​បាន​អនុញ្ញាត​ឲ្យ​លោក Truong Minh Tuan រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​និង​សារ​គមនាគមន៍​វៀតណាម ចូល​ជួប​សម្តែង​ការ​គួរសម ។

លោក​រដ្ឋមន្ត្រី Truong Minh Tuan មាន​ប្រសាសន៍​ជម្រាប​សម្ដេច​តេ​ជោ ថា ដំណើរ​ទស្សនកិច្ច​របស់​លោក​មក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ ជា​ពិសេស​តាម​រយៈ​ក្រសួង​ព័ត៌មាន​និង​សារ​គមនាគមន៍​វៀតណាម ជាមួយនឹង​ក្រសួង​ព័ត៌មាន​និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា ។

លោក​រដ្ឋមន្ដ្រី ក៏​បាន​ជម្រាប​ជូន​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ដ្រី​ដែរ​ថា លោក​បាន​ជួប​ជាមួយ​លោក​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និង​ជួប​ជាមួយ​លោក​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ហើយ​បាន​ពិភាក្សា​គ្នា​និង​ជំរុញ​ការងារ​ដែល​ថ្នាក់ដឹកនាំ​បាន​ឯកភាព​គ្នា​រួច​មក​ហើយ ព្រមទាំង​ឯកភាព​គ្នា​លើ​ការ​ផ្លាស់​ប្ដូរ​ព័ត៌មាន​រវាង​ស្ថាប័ន​ទាំង​ពីរ ។

ជា​ការ​ឆ្លើយ​តប សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​សម្ដែង​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្ដិការ​នេះ ជា​ពិសេស​កិច្ច​ពិភាក្សា​រវាង​លោក​រដ្ឋមន្ដ្រី Truong Minh Tuan និង​រដ្ឋមន្ដ្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​កម្ពុជា ។

សម្ដេច​បាន​ផ្ដល់​អនុសាសន៍​ឱ្យ​យកចិត្ដទុកដាក់ ទី​១-​ទៅ​លើ​បញ្ហា​ជាន់​ហ្វ្រេ​កង់​គ្នា និង​ទី​២-​ធ្វើ​យ៉ាងណា​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​ប្រជាជន​មាន​ជំនឿ​ជឿជាក់ ជា​ពិសេស​គឺជា​ព័ត៌មាន​សម្រាប់​សាធារណជន​ផង​ដែរ ៕