ឯកអគ្គរដ្ឋទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ចង់​ឃើញ​គ.ជ.ប​បន្ត​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ

ឯកអគ្គរដ្ឋទូត​ជប៉ុន ប្រចាំ​កម្ពុជា ជិត​ផុត​អាណត្តិ លោក យូជិ គូម៉ាម៉ារ៉ូ (Yuji Kumamaru) ចង់​ឃើញ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) បន្ត​សហការ​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​បោះឆ្នោត​សម្រេច​ជោគជ័យ​ក្នុង​ពេល​ខាង​មុខ។

ការ​ថ្លែង​ដូចនេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​រវាង​លោក យូជិ គូម៉ាម៉ារ៉ូ ជាមួយ​ប្រធាន និង​អនុប្រធាន គ..ប លោក ស៊ិក ប៊ុនហុក និង​លោក គួយ ប៊ុនរឿន នៅ​ទីស្ដីការ គ..ប កាល​ពី​រសៀល​ថ្ងៃ​ទី​២៣ ខែ​កញ្ញា។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ..ប ឲ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​នោះ លោក យូជិ គូម៉ាម៉ារ៉ូ បាន​លើក​ឡើង​ថា ក្នុង​អាណត្តិ​បំពេញ​ការងារ​របស់​លោក​នៅ​កម្ពុជា លោក​បាន​ចូលរួម​ផ្តល់​យោបល់​លើ​ការ​កែ​ទម្រង់​ការ​បោះឆ្នោត​នៅ​កម្ពុជា តាំង​ពី​ដើម​ទី​រហូត​មក​ដល់​ដំណាក់​កាល​នៃ​ការ​ចុះ​ឈ្មោះ​បោះឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ឆ្នាំ​២០១៦ នេះ។ លោក​កត់​សម្គាល់​ថា ការ​ចុះ​ឈ្មោះ​បោះឆ្នោត​កំពុង​ប្រព្រឹត្ត​ទៅ​ល្អ បើ​ទោះ​ជា​មាន​បញ្ហា​បច្ចេកទេស​ខ្លះ​នៅ​តំបន់​មួយ​ចំនួន​ក៏ដោយ ប៉ុន្តែ​លោក​ជឿជាក់​ថា គ..ប នឹង​ធ្វើ​ការ​ដោះស្រាយ​បាន​ចំពោះ​បញ្ហា​ទាំងនោះ។ លោក យូជិ គូម៉ាម៉ារ៉ូ ក៏​បាន​អរគុណ គ..ប ដែល​បាន​សហការ​ល្អ​ជាមួយ​ជប៉ុន សហភាព​អឺរ៉ុប និង​ជំនាញ​ការ​ជប៉ុន ប្រចាំ​នៅ គ..ប ហើយ​លោក​សង្ឃឹម​ថា កិច្ច​សហប្រតិបត្តិការ​ល្អ​នេះ នឹង​បន្ត​មាន​រហូត​ដល់​ការ​បោះឆ្នោត​សម្រេច​បាន​ជោគជ័យ។

លោក យូជិ គូម៉ាម៉ារ៉ូ បាន​មក​បំពេញ​បេសកកម្ម​ការទូត​នៅ​កម្ពុជា តាំង​ពី​ខែ​មីនា ឆ្នាំ​២០១៣ និង​ត្រូវ​ចប់​អាណត្តិ​នៅ​ក្នុង​ខែ​កញ្ញា ឆ្នាំ​២០១៦ នេះ។ ថ្លែង​ក្នុង​លិខិត​ចំហ​ទៅ​កាន់​ប្រជាជាតិ​ខ្មែរ កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា លោក យូជិ គូម៉ាម៉ារ៉ូ ចង់​ឃើញ​កម្ពុជា អាច​ដោះស្រាយ​បញ្ហា​ដែល​នៅ​សេសសល់​ពី​សង្គ្រាម​រ៉ាំរ៉ៃ និង​បោះ​ជំហាន​បន្តិច​ម្តងៗ​ឆ្ពោះ​ទៅ​កាន់​ការ​រួបរួម​គ្នា​រវាង​ប្រជាជន និង​ប្រជាជន និង​មាន​ស្ថិរភាព​ជា​និរន្តរ៍ រួម​ជាមួយ​នឹង​ការ​អភិវឌ្ឍ​ទាំង​សេដ្ឋកិច្ច សង្គម និង​នយោបាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។