គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បើក​សមាជ​លើក​ដំបូង​នៅ​ឃុំ​ប៉ក់ញ៉ៃ​ខេត្ត​រតនគិរី

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បើក​សមាជ​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី ដើម្បី​បោះឆ្នោត​ជ្រើសរើស​ថ្នាក់​ដឹកនាំ​បក្ស​នៅ​មូលដ្ឋាន​នេះ​លើក​ដំបូង។ សមាជ​នេះ​ធ្វើ​ឡើង​ដើម្បី​សម្រិតសម្រាំង​បេក្ខភាព​ដឹកនាំ​នៅ​មូលដ្ឋាន និង​ត្រៀម​ឈរ​ឈ្មោះ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន រំពឹង​ថា​នឹង​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ឃុំ​ប៉ក់ញ៉ៃ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនគិរី នា​ពេល​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​នា​អាណត្តិ​បោះឆ្នោត​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។

ការ​រំពឹង​នេះ កើត​មាន​ឡើង​ខណៈ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បើក​សមាជ​លើក​ដំបូង​របស់​ខ្លួន​នៅ​ភូមិ​ឡំ ឃុំ​ប៉ក់ញ៉ៃ នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ដោយ​មាន​ប្រជាពលរដ្ឋ​ជាង ១០០​នាក់​សម្រេច​ជ្រើសរើស​សមាសភាព​ថ្នាក់​ដឹកនាំ​គណៈកម្មការ​ប្រតិបត្តិ​ឃុំ​ប៉ក់ញ៉ៃ ចំនួន ៤​រូប ឲ្យ​ធ្វើ​សកម្មភាព​បម្រើ​រាស្ត្រ​ចាប់​ពី​ពេល​នេះ​ត​ទៅ។

ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ បញ្ជាក់​ថា ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​ផ្ទាល់ គឺ​ជា​អ្នក​បោះឆ្នោត​ជ្រើសរើស​មន្ត្រី​បក្ស​ថ្នាក់​មូលដ្ឋាន​ដែល​ពួក​គេ​ពេញ​ចិត្ត ដើម្បី​ដឹកនាំ​ប្រជាពលរដ្ឋ និង​ត្រៀម​បោះឆ្នោត​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ផ្សេង​ទៀត​នៅ​មូលដ្ឋាន៖ «យើង​យក​គុណភាព​បក្ស​ដែល​មាន​ប្រជាធិបតេយ្យ​ផ្ទៃ​ក្នុង​បក្ស​ទៅ​ប្រកួត​ប្រជែង។ យើង​យក​គោល​នយោបាយ​ល្អ​សម្រាប់​អភិវឌ្ឍ​នៅ​មូលដ្ឋាន​ទៅ​ប្រកួត​ប្រជែង។ ចុង​ក្រោយ​យើង​កំពុង​រៀប​ឲ្យ​មាន​មនុស្ស​ល្អៗ​ចេញ​មុខ​ប្រកួត​ប្រជែង»

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បង្កើត​ឡើង​តាំង​ពី​ឆ្នាំ​២០១៥។ រហូត​បច្ចុប្បន្ន គណបក្ស​នេះ​បាន​ធ្វើ​សមាជ​ជ្រើសរើស​ថ្នាក់​ដឹកនាំ​នៅ​មូលដ្ឋាន​បាន ១៥​ឃុំ​នៅ​ក្នុង​ខេត្ត​ចំនួន​៦។ ដោយឡែក​ឃុំ​ប៉ក់ញ៉ៃ គឺ​ជា​ឃុំ​ទី​១៦ ដែល​គណបក្ស​នេះ​បាន​បង្កើត​រចនាសម្ព័ន្ធ​ដឹកនាំ​បក្ស ដែល​ជ្រើសរើស​ដោយ​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ឃុំ​ប៉ក់ញ៉ៃ ដែល​ប្រជាពលរដ្ឋ​ជាង ៧០​នាក់​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ជាង ១០០​នាក់​បោះឆ្នោត​ជ្រើសរើស​នៅ​ថ្ងៃ​ទី​២៤ ខែ​កញ្ញា លោក សេវ ស្វាន់ កត់​សម្គាល់​ថា កន្លង​ទៅ គណបក្ស​នយោបាយ​ជាប់​ឆ្នោត​មិន​បាន​អនុវត្ត​តាម​ការ​ឃោសនា​របស់​ខ្លួន​នា​អំឡុង​ពេល​ឃោសនា​រក​សំឡេង​ឆ្នោត ជាពិសេស​ការ​សន្យា​លុប​បំបាត់​បញ្ហា​អសកម្ម​ដូចជា​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ទំនាស់​ដីធ្លី និង​ជាពិសេស​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​ជិត​ខាង។ លោក​ថា ប្រសិន​ប្រជាពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​បេក្ខភាព​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ជា​ប្រធាន​ក្រុមប្រឹក្សា​ឃុំ​ប៉ក់ញ៉ៃ នា​អាណត្តិ​បោះឆ្នោត​ឃុំ-សង្កាត់​ខាង​មុខ​នេះ មន្ត្រី​គណបក្ស​នឹង​បំពេញ​តួនាទី​បម្រើ​រាស្ត្រ​ពិត​ប្រាកដ៖ «យើង​មក​បោះឆ្នោត​ឲ្យ​មូលដ្ឋាន យើង​មាន​អនាគត​ទៅ​មុខ​ដូចជា​ការពារ​ដីធ្លី ធនធាន​មនុស្ស​ជួយ​បម្រើ​ប្រជាពលរដ្ឋ»

កាល​ពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១២ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស សម រង្ស៊ី ឈ្នះ​ឆ្នោត​ក្នុង​តំណែង​ក្រុមប្រឹក្សា​ឃុំ​ប៉ក់ញ៉ៃ ចំនួន ៥​រូប ក្នុង​នោះ​គណបក្ស​ប្រជាជន​កម្ពុជា ទទួល​បាន​តំណែង​មេ​ឃុំ​ជំទប់​ទី​១ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ឃុំ ចំណែក​គណបក្ស សម រង្ស៊ី ទទួល​បាន​តំណែង​ជំទប់​ទី​២ និង​សមាជិក​ក្រុមប្រឹក្សា​ឃុំ។

លេខា​គណៈកម្មាធិការ ខុមហ្វ្រែល (COMFREL) លោក ជួន ភិនដារ៉ា ថ្លែង​ស្វាគមន៍​ចំពោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​ដាក់​បេក្ខជន​ប្រកួត​ប្រជែង​ដឹកនាំ​នៅ​មូលដ្ឋាន។ លោក​ថា មាន​គណបក្ស​នយោបាយ​ច្រើន​ចូលរួម​ការ​បោះឆ្នោត បង្ហាញ​ឲ្យ​ឃើញ​ថា​កម្ពុជា កំពុង​ដើរ​តាម​របប​ដឹកនាំ​បែប​លទ្ធិប្រជាធិបតេយ្យ​ស្រប​តាម​រដ្ឋធម្មនុញ្ញ​ជាតិ៖ «យក​ស្នាដៃ​ដើម្បី​កសាង​ជាតិ​ទាំងអស់​គ្នា ពេល​ណា​ដែល​ប្រជាពលរដ្ឋ​មាន​បញ្ហា​កើត​ឡើង បើ​មាន​គណបក្ស​ច្រើន​គឺ​ជា​ការ​ល្អ ព្រោះ​របប​សេរី​ពហុបក្ស​មាន​បក្ស​ច្រើន​ទាល់​តែ​មាន​ការ​ប្រកួត​ប្រជែង»

តាម​ការ​គ្រោង​ទុក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន នឹង​រៀបចំ​សមាជ​បង្កើត​គណៈកម្មការ​ប្រតិបត្តិ​ថ្នាក់​ឃុំ-សង្កាត់​ឲ្យ​បាន ១០០​ឃុំ​មុន​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឆ្នាំ​២០១៧។ គណបក្ស​នេះ​ប្ដេជ្ញា​ថា​នឹង​ខិតខំ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជំនឿ និង​បោះឆ្នោត​ជូន​បេក្ខភាព​គណបក្ស​នេះ​ជាប់​ឆ្នោត​ប្រធាន​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​ឲ្យ​បាន​២០៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។