វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

ដំណឹងអកុសល បានធ្លាក់មកដល់ សម្រាប់កុមារខ្សត់ខ្សោយខ្មែរ។ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ស្ថាបនិកអង្គការ​ដើម្បីភាពញញ្ញឹមនៃកុមារ បានទទួល​មរណភាព​ហើយ នៅ​មុន​នេះ​បន្តិច។
វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

មនុស្សចាស់នៅកណ្ដាលគេនេះ គឺលោក គ្រីស្យង់ ដេប៉ាលីយ៉ែរ និងភរិយា។ (រូបថតលើហ្វេសប៊ុក)

ស្ថាបនិកអង្គការ​​​ដើម្បី​ភាព​ញញឹម​​នៃកុមារ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ (Christian GAUQUELIN des PALLIERES) ដែលបានជួយ​សង្គ្រោះ​កុមារខ្សត់ខ្សោយខ្មែរ ជាច្រើនម៉ឺននាក់ បានលាចាក ពី​លោក​យើង​ហើយ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ វេលាម៉ោង ១៨ និង ៥៨ នាទីល្ងាច ក្នុងជន្មាយុ ៨២ ឆ្នាំ ដោយ​រោគាពាធ។ នេះបើតាមទំព័រផ្លូវការ របស់អង្គការនេះ នៅក្នុង​ប្រទេស​កម្ពុជា នៅប្រមាណ​ជា​មួយ​ម៉ោង​មុន​នេះ និងអះអាងបន្ថែម ដោយអ្នកស្និតនឹងអង្គការនេះ ជាច្រើននាក់។

សេចក្ដីប្រកាសព័ត៌មានមួយ ដែលផ្សាយនៅលើទំព័រ របស់អង្គការដើម្បីភាពញញឹមនៃកុមារ បានសរសេរ​ជា​អាថ៌​ថា៖ «លោកស្រី ម៉ារីហ្វ្រង់ ដេប៉ាលីយ៉ែរ (Marie-France des PALLIERES) ព្រមទាំងកូន ចៅ បុគ្គលិក លោកគ្រូ​អ្នកគ្រូ និងសិស្សានុសិស្ស នៃអង្គការដើម្បីភាពញញឹមនៃកុមារ មានទុក្ខក្រៀមក្រំឥតឧបមា ដោយ លោក គ្រីស្យង់ ហ្គោកឺឡាំង ដេប៉ាលីយ៉ែរ ដែលត្រូវជាស្វាមី ជាឪពុក ជាជីតា និងជាស្ថាបនិកនៃអង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ បានទទួលមរណភាព ដោយរោគាពាធ»។

វីរភាពនៃស្វាមី-ភរិយា ដេប៉ាលីយ៉ែរ ទាំងពីរនាក់ បានចាប់ផ្ដើមនៅខែតុលា ឆ្នាំ១៩៩៥ ខណៈពេលដែល​អ្នក​ទាំងពីរ ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា ក្នុងបេសកកម្មមនុស្សធម៌មួយ។ នៅក្នុងឯកសារ ស្ដីពីប្រវត្តិ​របស់​អង្គការ​​ដើម្បី​ភាព​ញញឹមនៃកុមារ បានសរសេរថា៖

«នៅថ្ងៃមួយ ក្នុងខែតុលា ឆ្នាំ១៩៩៥ កុមារខ្សត់ខ្សោយជាច្រើននាក់ បានចាប់ដៃលោក គ្រីស្យង់ នាំទៅកាន់​កន្លែង​បំពេញ​ការពាររបស់ពួកគេ នោះ គឺទីចាក់សម្រាមដ៏ធំជាងគេ នៃរាជធានីភ្នំពេញ។ ជាមួយនឹង​ភាព​ស្រយ៉ុត​ស្រយ៉ង់ លោក គ្រីស្យង់ បានឃើញកុមារខ្មែរជាច្រើននាក់ កំពុងធ្វើការទាំងយប់ទាំងថ្ងៃ ដើម្បីប្រមែ​ប្រមូល​កាក​សំណល់ នៅក្នុងស្ថានភាព ដ៍កខ្វក់ហួសប្រមាណ។ មិនត្រឹមតែប៉ុណ្ណឹង កុមារខ្លះកំពុងទទួលទាន កាក​សំណល់​​នោះ​​ថែម​​ទៀត។»

វីរជន​សង្គ្រោះ​កុមារ​នៅ​ស្ទឹង​មាន​ជ័យ បាន​ទទួល​មរណភាព

ចាប់ពីពេលនោះហើយ ដែលលោក និងអ្នកស្រី ដេប៉ាលីយ៉ែរ បានសម្រេច​ចិត្តសង្គ្រោះ​កុមារ​ខ្សត់​ខ្សោយ​ខ្មែរ​ទាំង​នោះ ពីស្ថានភាព​ខ្លោចផ្សារ​នេះ តែគេត្រូវរង់ចាំរហូត ដល់រដូវក្ដៅ (រដូវវស្សា នៅកម្ពុជា) ឆ្នាំ១៩៩៦ មណ្ឌល​សង្គ្រោះមួយ បានចាប់ផ្ដើមដំណើរការដំបូងរបស់ខ្លួន ជាមួយនឹងកុមារទុរគត ចំនួនជាង២០នាក់។ រហូត​មក​ដល់​ថ្ងៃនេះ កុមារខ្មែរច្រើនជាង ៦០០០នាក់ កំពុងត្រូវបានអង្គការនេះ ទទួលមកអប់រំសិក្សា ផ្ដល់​ជម្រក និងអាហារ។ ការសិក្សាទាំងនោះ មានកម្រិតស្មើរ នឹងការសិក្សាក្នុងគ្រឹះស្ថានចំណេះទូទៅនានា ក្នុង​ប្រទេស​កម្ពុជា។ កុមារខ្លះទៀត កំពុងក្រេបជញ្ជក់ នូវជំនាញមួយ ពីក្នុងចំណោម២៨ជំនាញ ផ្ដល់ដោយ​អង្គការ និង​ទទួល​ស្គាល់​ដោយក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

ស្លាប់នៅកម្ពុជា ធ្វើបុណ្យនៅកម្ពុជា...

ប៉ុន្តែពេលនេះ លោក គ្រីស្យង់ ដែលកុមារខ្មែរទាំងនោះ ធ្លាប់ហៅ «ប៉ាប៉ា» ឬ«ប៉ាពី (Papy = លោកតា)» បាន​លា​លោកនេះទៅរហូតហើយ។ សពលោក នឹងត្រូវដម្កល់ធ្វើបុណ្យ តាមប្រពៃណី នៅក្នុង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ ដែលមានអសយដ្ឋាន ផ្ទះលេខ៤០២ ភូមិទ្រា សង្កាត់ស្តឹងមានជ័យ ខ័ណ្ឌមានជ័យ ភ្នំពេញ (ក្បែរ​ផ្សាសឡា)។ សពនឹងត្រូវដង្ហែ ទៅកាន់វត្តឫស្សីសាញ់ នៅថ្ងៃច័ន្ទ ទី២៦ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង ១៣ រសៀល៕

» វីដេអូខ្លី ស្ដីពីអង្គការ​ដើម្បីភាពញញឹមនៃកុមារ៖